Skip to content

ភរិយា​មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​លើកដំបូង​ក្នុងអំឡុង​ជាង​មួយឆ្នាំ​មកនេះ

ភរិយា​របស់លោក Kim Jong-un បង្ហាញខ្លួន​នៅក្នុង​រូបថត​ដែល​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​ចុះផ្សាយ កាលពីពេលថ្មីៗនេះ បន្ទាប់ពី​បាន​អវត្តមាន​នៅ​ចំពោះមុខ​សាធារណជន អស់​រយៈពេល​ជាង​មួយឆ្នាំ។

សារព័ត៌មាន Rodong Sinmum ដែលជា​ស្ថាប័ន​នាំពាក្យ​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េខាងជើង កាលពី​ម្សិលមិញ (16 កុម្ភៈ) បាន​ចុះផ្សាយ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​អំពី​ព្រឹត្តិការណ៍​សម្ដែង​សិល្ប​​អប់អរ​ថ្ងៃ​ខួបកំណើត​របស់​អតីត​ប្រធាន​រដ្ឋ Kim Jong-il នា​រដ្ឋធានី​ព្យុង​ដែល​ត្រូវបាន​ប្រារព្ធ​លើង​កាលពី​ថ្ង​ស​ទី 15កុម្ភៈ។ ក្នុង​បណ្ដា​រូបថត​ទាំងនោះ គេ​ឃើញ​លោកស្រី Ri Sol-ju អង្គុយ​ក្បែរ និង​និយាយ​គ្នា​ជាមួយនឹង​ស្វាមី​ដែលជា​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un ពេល​កំពុង​ទស្សនាការ​សម្ដែង​សិល្ប។

លោកស្រី Ri តែងតែ​បង្ហាញខ្លួន​ជាមួយ​ស្វាមី នៅក្នុង​ព្រឹត្តិការណ៍ធំៗរបស់​ប្រទេស​នេះ ប៉ុន្តែ មិន​ធ្លាប់​បានបង្ហាញ​វត្ត​មាននៅ​ចំពោះមុខ​សាធារណជន ចាប់តាំងពី​ក្រោយ​ពិធី​អំណរ​បុណ្យចូលឆ្នាំ​ចន្ទគតិ​កាលពី​ខែមករា ឆ្នាំ 2020។ ប្រការនេះ ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា លោកស្រី​ប្រហែលជា​ជួប​បញ្ហា​សុខភាព ឬ​កំពុងមាន​ផ្ទៃពោះ។

អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង (NIS) បានឱ្យដឹងថា លោកស្រី Ri Sol-ju ទំនងជា​កំពុង​គេចវេះ​ការបង្ហាញ​ខ្លួន​នៅ​ទី​ដែលមាន​មនុស្ស​ច្រើន ដើម្បី​កាន់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស Covid-19 ហើយ​លោកស្រី​តែងតែ​ប្រលែង​លេង​ជាមួយកូន។ លោក Kim Jong-un និង​ភរិយា ត្រូវបាន​គេ​ជឿថា មានកូន​ជាមួយគ្នា​ចំនួន 3 នាក់ ប៉ុន្តែ មិនមាន​ព័ត៌មាន​ច្រើន​ស្ដីអំពីកូនៗរបស់​ពួកគេ​ទេ។

លោកស្រី Ri Sol-ju កាល​ពី​ឆ្នាំ 2018

កូរ៉េខាងជើង គិត​មកដល់​បច្ចុប្បន្ន មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង Covid-19 ប៉ុន្តែ NIS យល់ថា ប្រទេស​នេះ​អាចមាន​ការផ្ទុះ​ឆ្លង ដោយសារ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយនឹង​ចិន មុនពេល​បិទ​ច្រក​ព្រំដែន​កាលពីដើម​ឆ្នាំមុន៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *