ការជជែកគ្នារវាងមហាសេដ្ឋីអាមេរិក Elon Musk និងកំពូលមេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងកើតឡើងដែរ ឬទេ?
សារព័ត៌មាន CNN បានរាយការណ៍ថា លោក Elon Musk បានបង្ហាញពីបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីនិយាយគ្នាលេងនៅលើកម្មវិធីមួយរបស់បណ្ដាញសង្គមថ្មីដែលលោក Musk ចូលចិត្ត នោះគឺ Clubhouse។
កាលពីថ្ងៃទី 7 កុម្ភៈ CEO របស់ក្រុមហ៊ុន Tesla បានរំលឹកដល់គណនីផ្លូវការរបស់វិមានក្រិមឡាំង (Kremlin) ដើម្បីសាកសួរថា តើប្រធានាធិបតីរុស្ស៊ី លោក Putin ចង់ចូលរួមក្នុងការជជែកគ្នាជាមួយលោក នៅលើកម្មវិធី Clubhouse ដែរ ឬទេ។
«តើលោកមានបំណងចូលរួមក្នុងការជជែកគ្នាជាមួយខ្ញុំ នៅលើ Clubhouse ដែរ ឬយ៉ាងណា?» លោក Musk សរសេរដូច្នេះ និងបានបង្ហោះសារមួយឃ្លាដែលត្រូវបានសរសេរជាភាសារុស្ស៊ី ដែលមានខ្លឹមសារថា៖ «ពិតជាមានកិត្តិយសខ្លាំងណាស់ បើសិនជាបានជជែកជាមួយលោក»។
ឆ្លើយតបនឹងការអញ្ជើញរបស់មហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកនេះ តំណាងរបស់វិមានក្រិមឡាំង និយាយថា៖ «ការអញ្ជើញ» របស់លោក Elon Musk ពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពួកគេត្រូវការស្វែងយល់លម្អិតជាងនេះ។ «យើងនឹងពិនិត្យមើល មុននឹងមានការឆ្លើយតបនាពេលក្រោយ» Dmitry Peskov តំណាងរបស់លោក Putin បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងថ្ងៃនេះ។
ជាក់ស្ដែង ប្រធានាធិបតី Putin មិនមែនជាបុគ្គលល្បីឈ្មោះតែម្នាក់គត់ដែលលោក Musk បានអញ្ជើញឱ្យចូលរួមពិភាក្សាគ្នានោះទេ ថ្មីៗនេះ CEO របស់ Tesla និង SpaceX រូបនេះ ក៏បានបង្ហើបឱ្យដឹងថា លោក និងអ្នកចម្រៀងរ៉ែប Kanye West អតីតបេក្ខភាពប្រធានាធិបតីអាមេរិក ក៏ធ្លាប់បាននិយាយគ្នាលេងនៅលើកម្មវិធី Clubhouse នេះផងដែរ។
លោក Musk ក៏ធ្លាប់បានបង្ហោះសារមួយឃ្លានៅលើ Twitter ប្រាប់ថា៖ «ផ្អាកការប្រើប្រាស់ Twitter មួយរយៈ» ប្រការនេះធ្វើឱ្យអ្នកវិភាគយល់ថា លោកចង់ប្រាប់ថា នឹងប្ដូរទៅប្រើប្រាស់ Clubhouse ជំនួសឱ្យ Twitter វិញម្ដង។
Clubhouse គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលយោងទៅលើសំឡេង។ ក្រុមហ៊ុនគ្រប់គ្រង Clubhouse បាននិយាយថា Clubhouse គឺជា «ប្រភេទបណ្ដាញសង្គមថ្មីដែលប្រើប្រាស់សំឡេង អនុញ្ញាតឱ្យគ្រប់គ្នានៅលើពិភពលោក ជជែកគ្នាលេង អភិវឌ្ឍគំនិត ធ្វើឱ្យមិត្តភាពកាន់តែប្រសើរឡើង ហើយអ្នកលេងនឹងអាចជួបមនុស្សថ្មីគួរឱ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក»។
ជាមូលដ្ឋាន អ្នកអាចចូលរួម និងចាកចេញពី «បន្ទប់» ជជែកគ្នានានា ដែលមានប្រធានបទខុសៗគ្នា ពោលគឺវាស្រដៀងនឹង podcast ផ្សាយផ្ទាល់ និងដោយសេរី។ អ្នកអាចគ្រាន់តែចាំស្ដាប់ ឬជ្រើសរើសចូលរួមបញ្ចេញមតិទៅក្នុងបន្ទប់ជជែកគ្នាណាមួយនោះក៏បាន។
ចំណុចពិសេសរបស់ Clubhouse នោះគឺ សំឡេងនៃការជជែកគ្នានឹងមិនអាចយកចេញពីកម្មវិធីនេះឡើយ។ នេះគឺជាគោលការណ៍ចម្បង៖ មិនអាចថតសំឡេងនៃការជជែកគ្នា ហើយវានឹងមិនអាចត្រូវបានរក្សាទុក៕
ប្រភព៖ CNN