Skip to content

លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​នៅ​តុលាការ

ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​តាម​អន​ឡាញ ទាក់ទង​នឹង​ការចោទប្រកាន់​ពី​សំណាក់​កងទ័ព ប្រឆាំងនឹង​លោកស្រី។

Khin Maung Zaw ដែលជា​មេធាវី​របស់លោក​ស្រី Suu Kyi បានឱ្យដឹងថា លោកស្រី Suu Kyi និង​ប្រធានាធិបតី Win Myint នឹងត្រូវ​ឡើង​តុលាការ​នា​ថ្ងៃទី 16 កុម្ភៈ និង 17 កុម្ភៈ ឆ្នាំ 2021 ក្រោយពី​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព នៅក្នុង​រដ្ឋប្រហារ​យោធា​កាលពី​ដើមខែ។ លោក Khin Maung Zaw ក្រោយពី​មាន​កិច្ចប្រជុំ​ជាមួយ​ចៅក្រម បាន​ថ្លែង​នៅ​ខាងក្រៅ​តុលាការ នា​រដ្ឋធានី ណៃ​ពី​ដោ ថា «ការបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​នេះ​នឹង​ធ្វើឡើង​ក្រោមរូបភាព​វីដេអូ​អន​ឡាញ»។

កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​លោកស្រី Suu Kyi រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​រដ្ឋាភិបាល​ស៊ីវិល ដោយ​ត្រូវបាន​ចោទប្រកាន់ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ ពីរ​ថ្ងៃ​បន្ទាប់មក លោកស្រី Suu Kyi ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​នាំចូល​ខុសច្បាប់ នៅពេល​ក្រុមប៉ូលិស​បាន​រកឃើញ​វិទ្យុទាក់ទង​ចំនួន 6 គ្រឿង ដែល​ត្រូវបាន​នាំចូល និង​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី នា​រដ្ឋធានី ណៃ​ពី​ដោ។

ចំណែក​ប្រធានាធិបតី Win Myint ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​លោកស្រី Suu Kyi កាលពី​ថ្ងៃទី 1 កុម្ភៈ ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​បទបញ្ជា​ហាម​ការជួបជុំ​ក្នុងការ​ទប់ស្កាត់ Covid-19 នៅពេល​លោក​បាន​ចូលរួម​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត​ដែលមាន​មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​កាលពី​ខែកញ្ញា ឆ្នាំ 2020។

មេដឹកនាំ​បក្ស​កាន់អំណាច​ស្របច្បាប់​ទាំង​ពីររូប​ខាងលើ មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចាប់តាំងពី​ក្រោយ​រដ្ឋប្រហា​រ ប៉ុន្តែ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវបាន​ប្រកាស​ឱ្យដឹងថា លោកស្រី Suu Kyi នៅមាន​សុខភាព​ល្អ​នៅឡើយ។ មេធាវី Khin Maung Zaw ឱ្យដឹងថា ការឃុំខ្លួន​មេដឹកនាំ​ខាងលើ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 17 កុម្ភៈ​ខាងមុខ។ ប៉ុន្តែ មកដល់​ថ្ងៃទី 16 កុម្ភៈ លោក Zaw មិនទាន់បាន​ជួប​កូនក្ដី​របស់លោក​នៅឡើយ។

ចាប់ពី​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ទី 1 កុម្ភៈ មនុស្ស​ប្រមាណ 400 នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា បាន​ឈាន​ចូលដល់​ថ្ងៃទី 11។ កងទ័ព​មី​យ៉ាន​ម៉ា បានដាក់​ពង្រាយ​រថពាសដែក​ជាច្រើន​គ្រឿង​នៅតាម​ទីក្រុងធំៗ ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ ព្រមទាំង​បាន​កាត់ផ្ដាច់​សេវា​អ៊ី​ន​ធើ​ណិ​ត​ផងដែរ៕

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *