រូបភាពយ៉ាងច្បាស់ដែលត្រូវបានថតដោយផ្កាយរណបកាលពីថ្ងៃទី 6 កុម្ភៈ បង្ហាញឱ្យឃើញនូវទិដ្ឋភាពព្រឹលសក្បុសកំពុងគ្របដណ្ដប់លើកំពូលភ្នំភ្លើងចំនួនពីរនៅលើកោះធំជាងគេរបស់ Hawaii នៃសហរដ្ឋអាមេរិក។
រូបភាពដែលថតដោយកាមេរ៉ា Operational Land Imager (OLI) នៅលើផ្កាយរណប Landsat-8 បានបង្ហាញយ៉ាងច្បាស់នូវទិដ្ឋភាពព្រឹលលើកំពូលភ្នំ Mauna Kea និង Mauna Loa និងមានទិដ្ឋភាពថ្មភ្នំភ្លើងព័ទ្ធជុំវិញ។ OLI គឺជាគម្រោងសហការរវាងទីភ្នាក់ងារអវកាសអាមេរិក NASA និងនាយកដ្ឋានស្រាវជ្រាវដីធ្លីអាមេរិក។ រូបថតនេះត្រូវបានចែករំលែកដោយស្ថានីយសង្កេតផែនដីរបស់ NASA។
ព្រឹលត្រូវបានគេសម្គាល់ឃើញថា មិនសូវកើតមាននៅតំបន់ត្រូពិកដូចជា Hawaii នេះទេ ប៉ុន្តែ ជាក់ស្ដែង ព្រឹលបានធ្លាក់នៅទីនេះយ៉ាងក្រាស់។ កំពូលភ្នំភ្លើង Mauna Kea កំពុងតែអសកម្ម ខណៈដែលកំពូលភ្នំភ្លើង Mauna Loa កំពុងធ្វើសកម្មភាពខ្លាំងក្លា និងទៀងទាត់នៅលើកម្ពស់ជាង 4,200 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។ ភ្នំ Mauna Kea ខ្ពស់ជាង 38 ម៉ែត្រ ធៀបនឹង Mauna Loa និងតែងតែត្រូវគ្របដណ្ដប់ដោយព្រឹលស្ដើងៗយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។
ឆ្នាំនេះ ដោយសារតែមានព្យុះខ្លាំង ទើបកំពូលភ្នំទាំងនេះមានព្រឹលដល់ទៅ 3 ដងក្នុងរយៈពេល 3 សប្ដាហ៍កន្លងទៅនេះ ដោយចាប់ផ្ដើមពីថ្ងៃទី 18 មករា។ ដោយឡែក ភ្នំភ្លើងអសកម្ម Haleakala ដែលមានកម្ពស់ 3,000 ម៉ែត្រ និងស្ថិតនៅលើកោះ Maui ក៏មានព្រឹលធ្លាក់យ៉ាងក្រាស់កាលពីថ្ងៃទី 3 ខែកុម្ភៈផងដែរ។
ព្រឹលធ្លាក់នៅលើកោះ Hawaii ក៏មានន័យថា រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក លើកលែងតែ Florida សុទ្ធតែមានព្រឹលធ្លាក់នៅក្នុងរដូវរងាឆ្នាំ 2021 នេះបើតាមគេហទំព័រ Weather Channel។ មូលហេតុនៃបាតុភូតនេះគឺដោយសារការប្ដូរទិសរបស់ខ្យល់ដែលកើតឡើងដោយសារព្យុះ Kona។
ការស្រាវជ្រាវកាលពីឆ្នាំ 2017 របស់មជ្ឈមណ្ឌលស្រាវជ្រាវប៉ាស៊ីហ្វិកអន្តរជាតិ (IPRC) នៃសាកលវិទ្យាល័យ Hawaii នៅ Manoa តាមរយៈទិន្នន័យពីផ្កាយរណប និងគំរូនៅលើកុំព្យូទ័រ បានព្យាករថា ព្រឹលធ្លាក់នៅលើភ្នំភ្លើងនឹងត្រូវថយចុះបន្តិចម្ដងៗនៅចុងសតវត្សរ៍ទី 21 ដោយសារតែការឡើងកម្ដៅផែនដី ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ៕
ប្រភព៖ Live Science