យានរុករករបស់ចិន ឈ្មោះ Yutu-2 ឬ Jade Rabbit បានដំណើរការជាថ្មី និងថតបានបង្គោលថ្មចម្លែកមួយនៅផ្នែកងងឹតនៃឋានព្រះចន្ត។
យានចុះចត Chang’e 4 និងរ៉ូបូតរុករក Yutu-2 បាន «ភ្ញាក់ដឹងខ្លួន» ឡើងវិញ នៅថ្ងៃទី 6 កុម្ភៈ ក្រោយពីបាន «ដេកលក់» នៅក្នុងរដូវត្រជាក់ និងបានបញ្ជូនរូបភាពថ្មីៗមកកាន់ផែនដី ក្នុងនោះគេឃើញមានរូបថតមួយសន្លឹកដែលបង្ហាញអំពីដុំថ្មចម្លែកមួយដែលមានរាងស្រដៀងនឹងបង្គោលមួយត្រូវបានបោះនៅផ្នែកងងឹតរបស់ព្រះចន្ទ។
នៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយទំព័រ Our Space ក្រុមអ្នកវិទ្យាសាស្ត្រចិនបាននិយាយថា បង្គោលថ្មនេះគួរតែត្រូវបានពិនិត្យឱ្យមានលម្អិតជាងនេះ។
ក្រុមអ្នកគ្រប់គ្រងយាន បានរៀបចំផែនការដើម្បីបញ្ជាឱ្យយាន Yutu-2 ចូលទៅក្បែរដុំថ្មខាងលើ និងធ្វើការវិភាគដោយប្រើបច្ចេកវិទ្យា VNIS ដែលបំពាក់នៅលើយាន។ មុននេះ VNIS ត្រូវបានប្រើប្រាស់ដើម្បីពិនិត្យទៅលើសំណាកថ្ម និងថ្មកំបោរនៅតាមបណ្ដោយផ្លូវដែលរ៉ូបូតដើរកាត់តាមរណ្ដៅ Von Karman។
អ្នកស្រាវជ្រាវឋានព្រះចន្ទ Dan Moriarty មកពីមជ្ឈមណ្ឌលអវកាស Goddard របស់អង្គការ NASA ប្រចាំតំបន់ Greenbelt រដ្ឋ Maryland បាននិយាយថា «បង្គោលថ្មនេះ ដូចទៅនឹងបំណែកអ្វីមួយដែលលយចេញពីដី។ ប្រការនេះប្រាកដជាមានអ្វីមិនធម្មតា»។
អ្នកវិទ្យាសាស្ត្រខាងលើបកស្រាយថា ឥទ្ធិពលដដែលៗដែលកើតឡើងដោយសារវដ្ដនៃសីតុណ្ហភាព និងបាតុភូតរំលីងនៅលើផ្ទៃរបស់ព្រះចន្ទ តែងតែធ្វើឱ្យដុំថ្មនានាត្រូវប្រេះបែក និងរំលីងពួកវាជារាងមូល។ បង្គោលថ្មថ្មីដែលទើបត្រូវបានរកឃើញនេះ អាចជាលទ្ធផលនៃការធ្លាក់អាចម៍ផ្កាយនៅក្បែរនោះដោយមិនបានឆ្លងកាត់ដំណាក់កាលខាងលើ។
ក្រុមអ្នកវវិទ្យាសាស្ត្រសង្ឃឹមថា ទិន្នន័យដែលបានមកពី VNIS នៅក្នុងការស្រាវជ្រាវបន្ទាប់នឹងផ្ដល់ចម្លើយបានលម្អិតជាងបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យគេដឹងបានថា បង្គោលថ្មនោះ ធ្លាក់ពីទីអវកាស ឬយ៉ាងណា៕
ប្រភព៖ Space