សារព័ត៌មាន សៅ ឆាយណា ម៉រនីង ផូស្ត បានរាយការណ៍ ពីការទស្សន៍ទាយជោគជតារាសី របស់មេដឹកនាំពិភពលោក ដោយហោរាល្បីឈ្មោះជនជាតិហុងកុង ស្វាគមន៍ឆ្នាំឆ្លូវ ដែលទើបតែចាប់ផ្ដើមឡើង តាមឆ្នាំតារានិកររបស់ចិន ដែលក្នុងរង្វង់ជុំនីមួយៗ នឹងកើតឡើង ៥ដង ក្នុងជុំ ៦០ឆ្នាំ និងក្នុងជុំនីមួយៗ នឹងចេញមកព្រមជាមួយធាតុផ្សេងៗ ដូចជា ឈើ ភ្លើង ដី មាស(លោហៈ) និងទឹក។
សត្វប្រចាំឆ្នាំតារានិករ នឹងមានលក្ខណៈពិសេសដោយឡែក ដែលហុចផលទៅដល់អ្នកដែលកើតឆ្នាំនោះ រួមទាំងអ្នកដែលមិនបានកើតក្នុងឆ្នាំតារានិករនោះផងដែរ។
សម្រាប់ឆ្នាំឆ្លូវ ក្នុងឆ្នាំនេះ មានភាពលេចធ្លោក្នុងរឿងភាពឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងកម្លាំងថាមពល។
ចាប់ផ្ដើមពីមេដឹកនាំរបស់ទីក្រុងហុងកុង…ឆ្នាំនេះ នឹងក្លាយជាឆ្នាំដែលល្អមួយ របស់លោកស្រី ឃែរី ឡាំ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសហុងកុង បើទោះជាកូវីដ-១៩ រាតត្បាតខ្លាំងក្លា និងវិបត្តិសេដ្ឋកិច្ចវាយលុកខ្លាំងក៏ដោយ។
អ្នកស្រី ឆយ អ៊ីង វ៉ា សាស្ត្រាចារ្យផ្នែកហោរាសាស្ត្រហុងកុង បានទស្សន៍ទាយថា នឹងមានរឿងរ៉ាវល្អៗ កើតឡើងចំពោះលោកស្រីឡាំ ដែលកើតក្នុងឆ្នាំ១៩៥៧ ត្រូវនឹងឆ្នាំរកា (មាន់) ព្រោះមាន់ ជាសត្វដែលអាចទៅជាមួយគ្នា បានល្អជាមួយគោ(ឆ្លូវ) ដែលជារួមទៅ ឆ្នាំឆ្លូវ នឹងល្អចំពោះអ្នកដែលកើតឆ្នាំរកា។
លោកស្រីឡាំ នឹងមានសំណាង និងចេះរៀបយុទ្ធសាស្ត្របានល្អប្រសើរនាពេលអនាគត ដោយការតាំងប្រណិធានដែលមុតមាំនឹងនរ នឹងហុចផលឱ្យលោកស្រីឡាំ ឆ្លងកាត់ឧបសគ្គ និងការសាកល្បងផ្សេងៗទៅបាន ទោះជាមានបន្ទុកធំ ឱ្យចាត់ការក្ដី តែក៏នឹងកែខៃ ដោះស្រាយបានដោយការសម្រេចចិត្តដ៏ត្រឹមត្រូវបានដែរ។
ចំណែកលោក រេយ៍ម៉ុន ឡូ បរមគ្រូហុងស៊ុយ វិញ បានព្យាករថា លោកស្រីឡាំ នឹងមានឱកាសមាស ក្នុងឋានៈជាមន្ត្រីរបស់រដ្ឋ រហូតដល់ឆ្នាំខាងមុខ តែមិនបានទស្សន៍ទាយថា តើលោកស្រីឡាំ នឹងបានគ្រងតំណែង ជាអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសហុងកុង ១អាណត្តិទៀតដែរឬទេ? ឬលោកស្រីឡាំ នឹងឈ្នះការបោះឆ្នោតជ្រើសតាំងក្នុងឆ្នាំក្រោយ ឬយ៉ាងណានោះទេ?
អូឡាំពិក ឫក្សមិនល្អ ឯតៃវ៉ាន់ គួរឱ្យបារម្ភ
ចំណែកអ្នកស្រី យុន វឹន ស៊ី អ្នកជំនាញការខាងសាស្ត្រា ឈី មឹន ទុន ចៀ អាស្រ័យលើការតាមសង្កេតមើលសកម្មភាពខាងកម្លាំងថាមពល បានដាស់តឿនថា សម្ព័ន្ធភាពរវាងចិន-ជប៉ុន នឹងតានតឹង ក្នុងអំឡុងពាក់កណ្ដាលចុងក្រោយនៃឆ្នាំនេះ ពាក់ព័ន្ធនឹងបណ្ដុំកោះតៀវយូ ឬដែលជប៉ុនដាក់ឈ្មោះថា សេនសាគុ។
ឯអ្នកស្រី ឆយ អ៊ីង វ៉ា បានទស្សន៍ទាយបន្ថែម អំពីឧបសគ្គរបស់ប្រទេសជប៉ុនថា អូឡាំពិកហ្គេមស៍ ដែលទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះ និងបានពន្យារពេលមករៀបចំក្នុងពាក់កណ្ដាលឆ្នាំនេះ ពីថ្ងៃទី១០ កក្កដា ដល់ថ្ងៃទី៧ សីហានោះ ត្រូវចំនឹងអំឡុងចង្វាក់ឫក្សមិនល្អរបស់ឆ្នាំឆ្លូវ ហើយបើនៅតែអះអាងថា នឹងរៀបចំក្នុងអំឡុងពេលនេះតទៅទៀត ត្រូវតែប្រយ័ត្នប្រយែងបំផុត ទើបជាការប្រសើរ។
ចំណែកសម្ព័ន្ធភាពរបស់ចិននឹងសហរដ្ឋអាមេរិក នឹងនៅតែស្ពឹកស្រពន់ដដែល ទោះជាការងើបឡើងរបស់ប្រទេសចិន នឹងមិនអាចថយត្រឡប់ទៅវិញដោយងាយៗក៏ដោយ តែអ្វីដែលត្រូវវិតក្កកង្វល់នោះ គឺតៃវ៉ាន់។
លោកគ្រូហុងស៊ុយ រេយ៍ម៉ុន ឡូ បានដាស់តឿនថា មានថាមពលអវិជ្ជមាន ស្ថិតនៅឯជើងមេឃ…តៃវ៉ាន់នឹងកើតបញ្ហាស្មុគស្មាញ និងមិនមែនជាឆ្នាំដែលល្អសម្រាប់លោកស្រីប្រធាធិបតី ឆៃ អ៊ឹងវឹន ឡើយ តែក៏មិនដល់ថ្នាក់ ប្រើប្រាស់កម្លាំងយោធាដែរ។
ខុសគ្នានឹងលោក ស៊ី ជីនភីង អ្នកកើតឆ្នាំរោង ក្រោយពីទើបបានជួបនឹងការប៉ះទង្គិច ក្នុងឆ្នាំជូតកន្លងមកថ្មីៗ ឆ្នាំឆ្លូវនេះ ការប៉ះទង្គិចនឹងស្រាកស្រាន្ត។ ប្រទេសចិន នឹងមានស្ថិរភាព និងភាពមានបានខាងសេដ្ឋកិច្ច និងស្ថានភាពលើវេទិកាពិភពលោក។
ចំណែកលោកប្រធានាធិបតី ចូ បៃដិន ដែលកើតឆ្នាំមមែ វិញ នឹងបានជួបនឹងឆ្នាំដែលធ្ងន់ធ្ងរដុនដាបខ្លាំងក្លា ទម្រាំនឹងបានធូរស្រាល ក៏ត្រូវរង់ចាំរហូតដល់ឆ្នាំខាល ក្នុងឆ្នាំ២០២២ ឯណោះ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ