កងទ័ពជើងទឹកនៃប្រទេសទុយនីស៊ី កាលពីថ្ងៃទី 13 កុម្ភៈ បានឱ្យដឹងថា ជនភៀសខ្លួនម្នាក់បានស្លាប់ និង 22 នាក់ផ្សេងទៀតបានបាត់ខ្លួន ក្រោយពីកប៉ាល់ដែលដឹកពួកគេត្រូវលិចនៅលើសមុទ្រមេឌីទែរ៉ាណេ លើលម្ហសមុទ្រក្បែរកោះ Lampedusa នៃប្រទេសអ៊ីតាលី។
កងកម្លាំងល្បាតសមុទ្រទុយនីស៊ី សង្គ្រោះមនុស្សបាន 25 នាក់ ក្នុងនោះមានស្ត្រីចំនួន 6នាក់ផងដែរ។ ប៉ុន្តែ អាកាសធាតុមិនអំណោយផលបានរំខានដល់សកម្មភាពជួយសង្គ្រោះ ដែលត្រូវបានធ្វើឡើងនៅតំបន់កើតហេតុ ចម្ងាយប្រហែល 100 គីឡូម៉ែត្រទៅទិសពាយព្យនៃកោះ Lampedusa។
ក្រុមជនភៀសខ្លួនបានឱ្យដឹងថា នៅលើកប៉ាល់ដែលជួបគ្រោះថ្នាក់ មានមនុស្សចំនួន 48 នាក់។ ពួកគេចេញដំណើរកាលពីថ្ងៃទី 12 កុម្ភៈ ពីតំបន់ Sidi Mansour នៃខេត្ត Sfax របស់ប្រទេសទុយនីស៊ី។
ប្រទេសទុយនីស៊ី ដែលមានចម្ងាយពីទ្វីបអឺរ៉ុបតែប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ តាំងពីយូរមកហើយត្រូវបានចាត់ទុកថាជាកន្លែងចេញដំណើរដ៏ល្អសម្រាប់ក្រុមជនចំណាកស្រុកខុសច្បាប់ដែលមានបំណងទៅកាន់ទ្វីបអឺរ៉ុប។ យោងតាមអង្គភាពគ្រប់គ្រងព្រំដែនរបស់សហភាពអឺរ៉ុប (Frontex) តួលេខជនចំណាកស្រុកពីទុយនីស៊ីដែលឆ្លងកាត់សមុទ្រចូលមកទ្វីបនេះ បានកើនឡើងជាថ្មីក្នុងឆ្នាំ 2020៕
ប្រភព៖ Alarabiya