Skip to content

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អគ្គ​មេ​បញ្ជា​ការ​​កងទ័ព​មី​យ៉ាន​ម៉ា

សហរដ្ឋអាមេរិក​ចេញ​បញ្ជា​ឱ្យ​ដាក់ទណ្ឌកម្ម​ចំពោះ​អគ្គមេបញ្ជាការ​កងទ័ព​របស់​ប្រទេស​មី​យ៉ាន​ម៉ា លោក​ឧត្ដមសេនីយ៍ Min Aung Hlaing រួម​នឹង​មេបញ្ជាការ​កងទ័ព​ជាច្រើនរូប​ទៀត ដោយសារតែ​អំពើ​រដ្ឋប្រហារ​កាលពីដើម​ខែ​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាលពី​ថ្ងៃទី 11 កុម្ភៈ បានប្រកាសថា វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ សំដៅលើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន​ម៉ា ដែលជា​អ្នកដឹកនាំ​រដ្ឋប្រហារ​ទ​ម្លា​ក់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី Aung San Suu Kyi កាលពី​ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021។ មុន​នោះ ប្រធានាធិបតី​អាមេរិក លោក Joe Biden ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​អនុញ្ញាតឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន​ម៉ា និង​ក្រុមគ្រួសារ​របស់​ពួកគេ ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ។

«ក្រសួង​ហិរញ្ញវត្ថុ​បានកំណត់​យក​មន្ត្រី​យោធា​ចំនួន 10 នាក់ បូករួម​ទាំង​អ្នក​កំពុងកាន់​អំណាច ទាំង​អ្នក​បាន​ចូលនិវត្តន៍ ដែល​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃទី 1 កុម្ភៈ ឬ​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រប​ប​សឹក​មី​យ៉ាន​ម៉ា» ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ប្រកាស​ដូច្នេះ។

អគ្គមេបញ្ជាការ​កង​ទ័ព​របស់​មីយ៉ាន​ម៉ា លោក Min Aung Hliang

នៅក្នុង​បញ្ជី​ឈ្មោះ​ក្រុមមន្ត្រី​យោធា​ដែល​ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​ក៏មាន​ឈ្មោះ​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​មី​យ៉ាន​ម៉ា លោក Min Aung Hlaing រួម​នឹង​អគ្គមេបញ្ជាការ​រង​រប​ស់លោក ឈ្មោះ Soe Win និង​សមាជិក​ចំនួន 4 នាក់​មកពី​ក្រុមប្រឹក្សា​គ្រប់គ្រង​ប្រទេស​របស់​មី​យ៉ាន​ម៉ា​ផងដែរ។

ក្រុមមន្ត្រី​យោធា​ដែល​ត្រូវ​រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ នឹង​ត្រូវបាន​រារាំង​មិនឱ្យ​ប្រើប្រាស់​ខ្ទង់​ប្រា​ក់ជាង 1 ពាន់​លាន​ដុល្លារ​ដែល​មី​យ៉ាន​ម៉ា​បាន​ផ្ញើ​នៅ​សហរដ្ឋអាមេរិក។ ទណ្ឌកម្ម​នេះ​ក៏​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​នានា​របស់​មី​យ៉ាន​ម៉ា មានដូចជា ក្រុមហ៊ុន Myanmar Ruby និង Myanmar Imperial Jade រួម​នឹង​បណ្ដា​ក្រុមហ៊ុន​ដទៃទៀត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

កងទ័ព​មី​យ៉ាន​ម៉ា បាន​ចោទប្រកាន់ថា​មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 ដែល​ជ័យ​ជំនះបាន​ទៅលើ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi។ នេះ​គឺជា​មូលហេតុ​ដែល​កងទ័ព​មី​យ៉ាន​ម៉ា​ប្រើប្រាស់​ដើម្បី​ធ្វើ​រដ្ឋប្រហារ​យោធា៕

ប្រភព៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *