ប្រធានាធិបតីអាមេរិកបានចេញបទបញ្ជាមួយដែលបើកផ្លូវឱ្យរដ្ឋាភិបាលអាមេរិកចាប់ផ្ដើមចាត់វិធានការដាក់ទណ្ឌកម្មថ្មីនានារបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមមេដឹកនាំយោធាមីយ៉ានម៉ា បន្ទាន់ពីការធ្វើរដ្ឋប្រហាររបស់កងទ័ពប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កាលពីថ្ងៃទី 10 កុម្ភៈ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា បទបញ្ជានេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោក «ចាប់ផ្ដើមការដាក់ទណ្ឌកម្មភ្លាមៗទៅលើក្រុមមេដឹកនាំយោធាដែលបានដឹកនាំរដ្ឋប្រហារ និងផលប្រយោជន៍ផ្នែកជំនួញរបស់ពួកគេ ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ»។
លោក Biden និងក្រសួងហិរញ្ញវត្ថុអាមេរិក មិនទាន់បានអធិប្បាយឱ្យបានច្បាស់លាស់ថា ក្រុមមន្ត្រីណាខ្លះនឹងត្រូវរងទណ្ឌកម្ម ឬដាក់ទណ្ឌកម្មដោយវិធីណានៅឡើយ។ ប៉ុន្តែ លោក Biden សន្យាថានឹងត្រួតពិនិត្យលើការនាំចេញ និងទប់ស្កាត់ក្រុមឧត្ដមសេនីយ៍ប្រើប្រាស់ខ្ទង់ប្រាក់ 1 ពាន់លានដុល្លាររបស់រដ្ឋាភិបាលមីយ៉ានម៉ាដែលត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិក។
យ៉ាងនេះក្ដី អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក Ned Price ឱ្យដឹងថា ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មថ្មីនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ។
សូមរំលឹកថា កងទ័ពមីយ៉ានម៉ា កាលពីថ្ងៃទី 1 កុម្ភៈ បានឆ្មក់ចូលចាប់ខ្លួនក្រុមមេដឹកនាំរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលមានដូចជា ទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint ជាដើម។ កងរថពាសដែក និងទាហានមីយ៉ានម៉ា ក្រោយមកក៏ត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងធំៗរបស់ប្រទេសនេះ។ មូលហេតុនៃការធ្វើរដ្ឋប្រហារនេះ ត្រូវបានកងទ័ពនិយាយថា ដើម្បីប្រឆាំងនឹងការដែលអាជ្ញាធរមិនបានដោះស្រាយបញ្ហាទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីចុងឆ្នាំ 2020៕
ប្រភព៖ Reuters