នៅវេលាម៉ោង 13 នៃថ្ងៃទី 9 កុម្ភៈ (ទៀបភ្លឺថ្ងៃទី 10 កុម្ភៈ ម៉ោងនៅកម្ពុជា) សភាជាន់ខ្ពស់អាមេរិក បានចាប់ផ្ដើមជំនុំជម្រះក្ដីលើចុងចោទដែលជាអតីតប្រធានាធិបតីនៃប្រទេសនេះ នោះគឺលោក Donald Trump។
ការដែលសភាជាន់ខ្ពស់អាមេរិកបើកការជំនុំជម្រះនេះ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិកដែលត្រូវបានសភាកាត់ទោស។ លោកក៏ជាអតីតប្រធានាធិបតីដំបូងគេនៅអាមេរិកដែលត្រូវបានសភាចោទប្រកាន់ដល់ទៅពីរលើកផងដែរ។
កាលពីថ្ងៃទី 13 មករា ឆ្នាំ 2021 សភាជាន់ទាបអាមេរិកដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តលើមាត្រាច្បាប់ដែលចោទប្រកាន់ថា លោកបាន «បញ្ឆេះអំពើវឹកវរនៅវិមានសភា» ដែលពេលនោះ លោក Trump នៅជាប្រធានាធិបតីអាមេរិកនៅឡើយ។
ក្រុមតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យ យល់ថា លោក Trump ត្រូវតែទទួលខុសត្រូវ បន្ទាប់ពីបានប្រើប្រាស់ពាក្យពេចន៍ដែលនាំឱ្យមានបាតុកម្មហិង្សានៅវិមានសភាអាមេរិកកាលពីថ្ងៃទី 6 មករា ជាពេលដែលសភាកំពុងប្រជុំដើម្បីទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា 2020។ បាតុកម្មហិង្សានោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ 5នាក់។
តាមធម្មតា ការជំនុំជម្រះទោសចំពោះមន្ត្រីអនុវត្តច្បាប់ថ្នាក់កំពូលនៅសហរដ្ឋអាមេរិកនឹងត្រូវបានដឹកនាំដោយប្រធានតុលាការកំពូល។ ប៉ុន្តែ ដោយសារលោក Trump មិនស្ថិតក្នុងតំណែង ទើបតំណាងរាស្ត្របក្សប្រជាធិបតេយ្យ Patrick Leahy នឹងធ្វើជាប្រធានអង្គជំនុំជម្រះលើកនេះ ជំនួសឱ្យប្រធានតុលាការកំពូល John Roberts។
នៅក្នុងអង្គជំនុំជម្រះនេះ តំណាងរាស្ត្រនៅសភាជាន់ខ្ពស់នឹងដើរតួនាទីចំនួនពីរក្នុងពេលតែមួយ៖ គណៈវិនិច្ឆ័យ និងចៅក្រម។ ចំណែកក្រុមតំណាងរបស់សភាជាន់ទាប ដើរតួជាភាគីរដ្ឋអាជ្ញា។
តំណាងនៃក្រុមមេធាវីការពារក្ដីរបស់អតីតប្រធានាធិបតី Trump រួមមានមេធាវី Bruce Castor ដែលជាអតីតមេធាវីរបស់រដ្ឋនៅ Pennsylvania និង David Schoen ដែលជាមេធាវីផ្នែកសិទ្ធិពលរដ្ឋដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក។
ក្នុងថ្ងៃដំបូងនៃការជំនុំជម្រះ ក្រុមតំណាងរបស់សភាជាន់ទាប និងក្រុមមេធាវីរបស់លោក Trump មានរយៈពេល 2 ម៉ោងស្មើគ្នាដើម្បីសំដែងការយល់ឃើញរបស់ខ្លួនអំពីភាពស្របច្បាប់នៃអង្គជំនុំជម្រះនេះ។ បន្ទាប់មក សភាជាន់ខ្ពស់បោះឆ្នោតដើម្បីស្វែងរកភាពស្របច្បាប់នៃអង្គជំនុំជម្រះនេះជាផ្លូវការ។ បើសិនជាលទ្ធផលបោះឆ្នោតមានសំឡេងគាំទ្រយ៉ាងតិច 51 សំឡេង នោះការជំនុំជម្រះនេះនឹងត្រូវបន្តទៅមុខទៀត។ ប៉ុន្តែ បើផ្ទុយពីនេះ អង្គជំនុំជម្រះនឹងត្រូវបានលុបចោលជាស្ថាពរ៕