Skip to content

យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំងបី​ប្រភេទ ហោះ​កាត់​កីឡាដ្ឋាន​អាមេរិក​ក្នុង​កម្ពស់​យ៉ាង​ទាប

យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B, B-2 និង B-52 របស់​សហរដ្ឋអាមេរិក បាន​រួមគ្នា​បង្កើតជា​ក្រុម​ហោះហើរ​មួយ ហោះ​ឆ្លងកាត់​ពីលើ​កីឡាដ្ឋាន Raymond James ដើម្បី​ចូលរួម​បើក​ការប្រកួត​បាល់ឱប Super Bowl។

ការហោះហើរ​សំដែង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 7 កុម្ភៈ នៅលើ​ដែនអាកាស​នៃ​ទីក្រុង Tampa រដ្ឋ Florida សហរដ្ឋអាមេរិក ជា​កន្លែង​ដែលមាន​ព្រឹត្តិការណ៍​ប្រកួត​បាល់ឱប Super Bowl រវាង​ក្រុម Kansas City Chiefs និង​ក្រុម Tampa Bay Buccaneers។

ក្នុង​ក្រុម​ហោះហើរ​ខាងលើនេះ រួមមាន​យន្តហោះ​ល្បឿន​លឿន B-1B Lancer យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52H និង​យន្តហោះ​បំបាំងកាយ B-2 Spirit។ យន្តហោះ​ទាំងនេះ​បាន​ហោះ​ចេញពី​រដ្ឋផ្សេងៗគ្នា បន្ទាប់មក​ក៏បាន​ផ្គុំ​គ្នា​នៅក្បែរ​ទីក្រុង Tampa រួច​បង្កើតជា​ក្រុម​មួយ ហោះហើរ​ឆ្លងកាត់​ពីលើ​កីឡាដ្ឋាន Raymond James ក្នុង​គ្រា​ដែល​ភ្លេងជាតិ​អាមេរិក​ចាប់ផ្ដើម​បន្លឺឡើង។

នេះ​ជា​លើកដំបូង​ហើយ​ដែល​ទ័ពអាកាស​អាមេរិក​បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងបី​ប្រភេទ ឱ្យទៅ​ហោះហើរ​ក្នុង​រយៈកម្ពស់​ទាប នៅ​ពីលើ​កីឡាដ្ឋាន​ដើម្បី​អបអរ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ឱប Super Bowl។ ក្រោយ​ការសំដែង​នេះ យន្តហោះ​ទាំងបី​ក៏បាន​ចាក​ចេញពី​ក្រុម​ហោះហើរ និង​បន្ត​បំពេញបេសកកម្មរៀងៗខ្លួន។

Super Bowl គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានរង្វាន់​ខ្ពស់បំផុត​នៃ​បាល់ឱប​នៅ​សហរដ្ឋអាមេរិក។ នេះ​គឺជា​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​របស់​ប្រទេស​នេះ និង​តែងតែមាន​មនុស្ស​ទស្សនា​ច្រើនជាងគេ​នៅលើ​កញ្ចក់​ទូរទស្សន៍៕

https://www.youtube.com/watch?v=RBmhfZ9A1Nw

ប្រភព៖ WFLA

Leave a Reply

Your email address will not be published. Required fields are marked *