Skip to content

មនុស្ស 150នាក់​ទំនងជា​បាន​បាត់​បង់ជីវិត នៅ​ក្នុង​គ្រោះ​បាក់​ទន្លេ​ទឹកកក​នៅលើ​ជួរ Himalaya!

ទន្លេ​ទឹកកក​មួយ​នៅលើ​ជួរ​ភ្នំ Himalaya (ហិមពាន្ត) កាលពី​ថ្ងៃទី 7 កុម្ភៈ បាន​បាក់ និង​បាន​គួច​ទំនប់​វា​រី​អគ្គិសនី​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​ប្រមាណ 150 នាក់ ត្រូវបាន​គេ​ជឿថា បាន​បាត់​បង់ជីវិត។

«តួលេខ​ផ្លូវការ​មិនទាន់​ត្រូវបាន​បញ្ជាក់» ប៉ុន្តែ មនុស្ស​ប្រហែល​ពី 100 ទៅ 150 នាក់ អាច​បាន​ស្លាប់ នេះ​បើតាម Om Prakash ដែលជា​ប្រធានការិយាល័យ​នៃ​រដ្ឋ Uttarakhand ជា​កន្លែង​ដែលមាន​ហេតុការណ៍​បាក់​ទឹកកក​នេះ។

សាក្សី​ម្នាក់​បានឱ្យដឹងថា គាត់​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ទិដ្ឋភាព​ធូលី ថ្ម និង​ទឹក កញ្ជ្រោល​លាយ​ចូលគ្នា​ដូច​ទៅនឹង​ការបាក់​ដុំ​ព្រឹល​យក្ស ធ្លាក់ចុះ​ជ្រលង​ភ្នំ Dhauli Ganga ដែលមាន​ចម្ងាយ​ពី​ទីក្រុង New Delhi ប្រហែល 500 គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង។

នគរបាល Ashok Kumar នៅក្នុង​រដ្ឋ Uttarakhand បានឱ្យដឹងថា មនុស្ស​ជាង 50 នាក់ កំពុងធ្វើការ​នៅក្នុង​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី Uttarakhand ប្រហែលជា​មិនមាន​អ្នកណាម្នាក់​នៅមាន​ជីវិត​នោះទេ។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បានឱ្យដឹងថា លោក​និង​ក្រុមការងារ​កំពុង​តាមដាន​ហេតុការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់។

កងទ័ព និង​ក្រុម​សមត្ថកិច្ច​ជំនាញ​ជាច្រើន​ក្រុម ដែល​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ។

រដ្ឋ Uttar Pradesh ដែល​នៅក្បែរ​ខាង​រដ្ឋ Uttarakhand ក៏បាន​ដាក់​តំបន់​នានា​របស់ខ្លួន​ដែល​ស្ថិត​នៅជាប់​ទន្លេ ឱ្យ​ស្ថិតក្នុង​សភាព​អាសន្ន​កម្រិត​ខ្ពស់។

តំបន់ Uttarakhand នៅលើ​ជួរ​ភ្នំ Himalaya គឺជា​កន្លែង​ដែល​ងាយ​កើតមាន​គ្រោះ​បាក់​ដី និង​ទឹកជំនន់​ជាងគេ។ កាលពី​ខែមិថុនា ឆ្នាំ 2013 តំបន់​នេះ​ធ្លាប់មាន​គ្រោះទឹកជំនន់​ដ៏​ធំ​មួយ​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង នាំឱ្យ​មនុស្ស​ជិត 6,000 នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *