Skip to content

អាមេរិក​ចាប់ខ្លួន​អ្នក​លួច​ឡើង​​យន្ត​ហោះ​​ដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់

បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​បាន​លួច​ឡើង​យន្តហោះ C-40 របស់​ក្រុម​ហោះហើរ​នៅ​មូលដ្ឋានទ័ព Andrews ដែល​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 4 កុម្ភៈ។

«បុរស​នេះ​បាន​រំលោភ​ចូល​កន្លែង​ចត​យន្តហោះ និង​បាន​ចូលទៅក្នុង​យន្តហោះ C-40 មួយគ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ហោះហើរ​លេខ 89។ កងកម្លាំង​សន្តិសុខ​នៅ​មូលដ្ឋានទ័ព Andrews បាន​ចាប់ខ្លួន និង​សួរនាំ​បុរស​នេះ» ការិយាល័យ​នៃ​មូលដ្ឋានទ័ព Andrews នៅ Maryland ប្រកាស​កាលពី​ថ្ងៃទី 5 កុម្ភៈ។

អ្នកនាំពាក្យ​នៃ​មន្ទីរ​បញ្ច​កោណ លោក John Kerby បានឱ្យដឹងថា ក្រសួងការពារជាតិ និង​ទ័ពអាកាស កំពុងតែ​ពិនិត្យ​ហេតុការណ៍​នេះ​យ៉ាង​ម៉ត់ចត់។ លោក Kerby បន្ថែមថា «មូលដ្ឋានទ័ព បានប្រគល់​បុរស​នេះ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​តំបន់​រួចហើយ។ មិនមាន​តម្រុយ​ណាមួយ​បង្ហាញថា បុរស​នេះ​ជាប់​ទាក់ទិន​នឹង​ក្រុម​ជ្រុលនិយម​នោះទេ»។

ក្រុម​ហោះហើរ​លេខ 89 មាន​យន្តហោះ Air Force One សម្រាប់​ដឹក​ប្រធានាធិបតី និង​យន្តហោះ​មួយចំនួនទៀត​ដែល​ប្រើប្រាស់​ដើម្បី​ដឹក​អនុ​ប្រធានាធិបតី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផងដែរ។

មន្ត្រី​ម្នា​ក់នៅ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា យន្តហោះ C-40 ដែល​បុរស​នេះ​បាន​លួច​ចូលទៅ​ខាងក្នុង មិន​ស្ថិតនៅក្នុង​ក្រុម​យន្តហោះ​អមដំណើរ​ប្រធានាធិបតី​នោះទេ៕

ប្រភព៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *