Skip to content

បាតុកម្ម​​នៅ​មីយ៉ាន​ម៉ា​ ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​របស់​កងទ័ព បាន​ចាប់​ផ្ដើម​ហើយ​!

ពលរដ្ឋ​មួយក្រុម​នៅ Mandalay ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​មី​យ៉ាន​ម៉ា បាន​ជួបជុំគ្នា​ដើម្បី​ធ្វើបាតុកម្ម ដោយ​នាំគ្នា​ស្រែក និង​លើក​បដា​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព​ប្រទេស​នេះ។

យោងតាម​វីដេអូ និង​រូបភាព​នៅលើ​បណ្ដាញ​សង្គម ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់សិប​នាក់ ថ្ងៃនេះ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Mandalay ដោយ​លើក​បដា​ដែលមាន​សរសេរថា «ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា»។ ក្រុមបាតុករ​ក៏​នាំគ្នា​ស្រែកថា «ថ្នាក់ដឹកនាំ​របស់​យើង​ត្រូវបាន​ចាប់ខ្លួន ចូរ​ដោះលែង​ពួកគេ​ជាបន្ទាន់»។

សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ឆ្មក់​ចូលចាប់​ខ្លួន​ក្រុម​មេដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែលមាន​ដូចជា ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ជាដើម។ កង​រថពាសដែក និង​ទាហាន​មី​យ៉ាន​ម៉ា ក្រោយមក​ក៏ត្រូវ​បានដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ។ មូលហេតុ​នៃ​ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវបាន​កងទ័ព​និយាយថា ដើម្បី​ប្រឆាំងនឹង​ការដែល​អាជ្ញាធរ​មិនបាន​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ចុងឆ្នាំ 2020។

នៅ​ចំពោះមុខ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​កងទ័ព ប្រជាជន​មី​យ៉ាន​ម៉ា មានតែ​ជ្រើសរើស​វិធី​ទន់ភ្លន់​ដើម្បី​សម្ដែង​ការប្រឆាំង​ទៅនឹង​រដ្ឋប្រហារ ដូច​ជាការ​បង្ហោះ​រូបថត​នៅលើ​បណ្ដាញ​សង្គម ការធ្វើ​កូដកម្ម ការស្រែក​ច្រៀង​ចម្រៀង​ប្រជាធិបតេយ្យ និង​នាំគ្នា​គោះ​ឆ្នាំង ខ្ទះ និង​ចុច​ស៊ី​ផ្លេ​ឡាន ម៉ូតូ​ជាដើម។

សកម្មភាព​របស់​ប្រជាជន​នៅក្នុង​ទីក្រុង Mandalay នា​ថ្ងៃនេះ​គឺជា​បាតុកម្ម​ដំបូង​គេ​នៅ​មី​យ៉ាន​ម៉ា រាប់​ចាប់ពី​រដ្ឋប្រហារ​ត្រូវបាន​ធ្វើឡើង។ មុននេះ បាតុកម្ម​នានា​ដែល​បាន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​របប​របស់​ឧត្ដមសេនីយ៍ Ne Win ក្នុង​ឆ្នាំ 1988 ត្រូវបាន​កងទ័ព​បង្ក្រាប​យ៉ាង​ចាស់ដៃ។ ខែកញ្ញា ឆ្នាំ 1988 រដ្ឋប្រហារ​មួយ​ផ្សេងទៀត​បានកើត​ឡើង នាំឱ្យមាន​ការបង្កើត​ក្រុមប្រឹក្សា​ស្ដារ​ស្ថិរភាព និង​ច្បាប់​ជាតិ (SLORC)។ ក្នុងអំឡុង SLORC កាន់កាប់​អំណាច មេដឹកនាំ​ស៊ីវិល សកម្មភាព និង​អ្នកកាសែត​រាប់ពាន់នាក់​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​អស់​ជាច្រើន​ទសវត្សរ៍៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *