Skip to content

អាចម៍ផ្កាយ​ធំ​ប៉ុន​អគារ Chrysler ហោះ​ក្បែរ​ផែនដី​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង 55ដង

អាចម៍ផ្កាយ​ដ៏​ធំ​មួយ​មាន​អង្កត់ផ្ចិត​ចាប់ពី 140-310 ម៉ែត្រ ទើបតែ​បាន​ហោះ​ក្បែរ​ផែនដី ជាមួយនឹង​ល្បឿន​លឿន​ជាង​គ្រាប់កាំភ្លើង AK ដល់​ទៅ 20 ដង។

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ឈ្មោះថា 2016 CL136 នេះ បាន​ហោះ​មក​ជិត​ផែនដី​បំផុត​នៅវេលា​ម៉ោង 5 និង 26 នាទី កាលពី​ថ្ងៃទី 2 កុម្ភៈ នេះ​បើតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែន (CNEOS)។ តាម​ការសង្កេត ក្រុម​អ្នកវិទ្យាសាស្ត្រ​ដឹងថា អាចម៍ផ្កាយ​នេះ​មាន​អង្កត់​ផ្ចិ​ច​ប្រមាណ​ពី 140 ដល់ 310 ម៉ែត្រ ប៉ុន​អគារ Chrysler នៅ​ទីក្រុង New York ឬ​តួ​អង់​តែ​ន Eiffel Tower នៅ​ទីក្រុង​ប៉ារីស​របស់​បារាំង។ អង្កត់ផ្ចិត​ធំ​បំផុត​របស់​អាចម៍ផ្កាយ​នេះ មាន​ទំហំ​ប៉ុន មហា​ពីរ៉ាមីត​ហ្គី​ហ្សា (The Great Pyramid of Giza) នៅ​អេ​ហ្ស៊ី​ប។

2016 CL136 ហោះ​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ 5.3 លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង 14 ដង បើ​ធៀប​នឹង​គម្លាត​មធ្យម​រវាង​ផែនដី​ជាមួយនឹង​ព្រះ​ចន្ទ។ 2016 CL136 ហោះ​ក្នុង​ល្បឿន 65,017 គម/ម៉ោង លឿន​ជាង​គ្រាប់កាំភ្លើង AK 20 ដង និង​លឿន​ជាង​សំឡេង 55 ដង ពោលគឺ​ស្មើនឹង 1/5 នៃ​ល្បឿន​របស់​រន្ទះបាញ់។

បើសិនជា 2016 CL136 ហោះ​មក​បុក​ផែនដី វា​នឹង​បង្កឱ្យមាន​មហន្តរាយ​ធំធេង​កម្រិត​តំបន់ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​​បញ្ជាក់​ថា​ 2016​ CL136 នឹងមិន​មានលទ្ធភាព​ក្នុង​ការហោះ​មក​បុក​ផែនដី​នោះទេ​នៅក្នុង​អនាគតជិតៗនេះ។

2016 CL136 គឺជា​អាចម៍ផ្កាយ​មួយ​ដុំ​នៅក្នុង​ចំណោម​វត្ថុ​អវកាស​ជាច្រើន​ដែល​កំពុង​គោចរ​ក្បែរ​ផែនដី (NEO) និង​ហោះ​ជុំវិញ​ព្រះអាទិត្យ។ ក្រុម​អាចម៍ផ្កាយ ឬ​ផ្កាយដុះកន្ទុយ​ដែល​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ក្រោម 48 លាន​គីឡូម៉ែត្រ​ពី​ផែនដី ត្រូវបាន​គេ​ចាត់ទុកថា​ជា NEO។ គិត​មកដល់​បច្ចុប្បន្ន NEO ដែល​ត្រូវបាន​រកឃើញ​សរុប មាន​ចំនួន​ប្រមាណ​ជា 25,000 ដុំ។ NASA បានឱ្យដឹងថា វត្ថុ​អវកាស​ទាំងនេះ នឹងមិន​មានឱកាស​ហោះ​មក​បុក​ផែនដី​នោះទេ រាប់​ចាប់ពីពេលនេះ​រហូតដល់​ដំណាច់​សតវត្សរ៍​ក្រោយ៕

ប្រភព៖ Newsweek

Leave a Reply

Your email address will not be published. Required fields are marked *