កងទ័ពនៃប្រទេសមីយ៉ានម៉ា បានស្នើឱ្យក្រុមតំណាងរាស្ត្រដែលទើបបានជាប់ឆ្នោត ចាកចេញពីរដ្ឋធានី ណៃពីដោ ដោយទុកពេលឱ្យ 24 ម៉ោង ក្រោយពីកងទ័ពបានធ្វើរដ្ឋប្រហារ និងឡើងគ្រប់គ្រងអំណាច។
តំណាងរាស្ត្រទាំងឡាយរបស់មីយ៉ានម៉ាដែលទើបត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ 2020 បានធ្វើដំណើរមកកាន់រដ្ឋធានី ណៃពីដោ ដើម្បីចូលរួមកិច្ចប្រជុំដំបូងរបស់សភាកាលពីថ្ងៃទី 1 កុម្ភៈ ប៉ុន្តែប៉ុន្មានម៉ោងមុនកិច្ចប្រជុំ កងទ័ពក៏បានធ្វើរដ្ឋប្រហារ។ បន្ទាប់មក កងទ័ពក៏បានឃុំខ្លួនតំណាងរាស្ត្រទាំងនោះនៅក្នុងអគារមួយរបស់រដ្ឋាភិបាល។
តំណាសរាស្ត្រ U Aung Kyi Nyunt មកពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល 10 ថ្ងៃទី 3 កុម្ភៈ កងទ័ពបានបញ្ជាឱ្យនាំខ្លួនក្រុមតំណាងរាស្ត្រនេះចាកចេញពីរដ្ឋធានី ណៃពីដោ ដោយទុកពេលឱ្យ 24 ម៉ោង ហើយកងទ័ពនឹងយករថយន្តដឹកទំនិញមកដឹកពួកគេ។ តំណាងរាស្ត្រចំនួន 387 នាក់កំពុងស្ថិតនៅក្នុងអគាររដ្ឋាភិបាល ក្នុងគ្រាដែលកងទ័ពចេញបញ្ជានេះ។
កាលពីមួយថ្ងៃមុននោះ កងទ័ពក៏បានចេញបញ្ជាស្រដៀងគ្នានេះដែរ ប៉ុន្តែក្រុមតំណាងរាស្ត្រ NLD ឆ្លើយថា ពួកគេរង់ចាំការណែនាំពីថ្នាក់ដឹកនាំរបស់បក្ស។ NLD ក្រោយមកក៏បានស្នើកងទ័ពអនុញ្ញាតឱ្យក្រុមតំណាងរាស្ត្រស្នាក់នៅក្នុងរដ្ឋធានីរហូតដល់ថ្ងៃទី 6 កុម្ភៈ។
យ៉ាងនេះក្ដី កងទ័ពក៏បន្តស្នើឱ្យក្រុមតំណាងរាស្ត្រចាកចេញពីរដ្ឋធានី ណៃពីដោ ក្រោយពីមានការអំពាវនាវឱ្យ «បើកកិច្ចប្រជុំសភា» នៅក្នុងអគាររដ្ឋាភិបាលដែលក្រុមតំណាងរាស្ត្រកំពុងត្រូវបានឃុំខ្លួននេះតែម្ដង ដោយសារសមាជិកសភាមានចំនួនច្រើនជាងតួលេខអប្បបរមាដែលអាចបើកកិច្ចប្រជុំដូចធម្មតាបាន។
U Aung Kyi Nyunt បានឱ្យដឹងថា ក្រុមតំណាងរាស្ត្រនឹងចាកចេញពីរដ្ឋធានី និង «មានផែនការមួយរួចជាស្រេចហើយ»។ Sai Thiha Kyaw តំណាងរាស្ត្រនៃសភាជាន់ទាបមកពីសហព័ន្ធជាតិនៃរដ្ឋ Shan ដើម្បីប្រជាធិបតេយ្យ បានឱ្យដឹងថា បានត្រលប់ទៅស្រុកកំណើត ហើយថាបក្សនេះនឹងបើកកិច្ចប្រជុំដើម្បីសម្រេចជ្រើសរើសជំហានបន្ទាប់។ Sai Thiha Kyaw ថ្លែងថា៖ «ក្នុងនាមជាតំណាងរាស្ត្រដែលត្រូវបានបោះឆ្នោត ខ្ញុំនឹងធ្វើតាមបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត»។
កងទ័ពមីយ៉ាម៉ា កាលពីថ្ងៃទី 1 កុម្ភៈ បានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi រួមនឹងប្រធានាធិបតី Win Myint និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងត្រូវបានគេដណ្ដើមអំណាចនាបច្ចុប្បន្ន ដោយត្រូវបានចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ 2020។ លោកស្រី Suu Kyi ក្រោយមកក៏ត្រូវបានចោទប្រកាន់ពីបទនាំចូលខុសច្បាប់ ទាក់ទងនឹងកូនវិទ្យុមួយគ្រឿងដែលរកឃើញនៅក្នុងគេហដ្ឋានរបស់លោកស្រី ហើយបើសិនជាត្រូវបានកាត់ទោស លោកស្រីអាចត្រូវជាប់ពន្ធនាគារ 3 ឆ្នាំ។
បច្ចុប្បន្ន ប្រទេសមីយ៉ានម៉ាន ត្រូវបានគ្រប់គ្រងដោយឧត្តមសេនីយ៍ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា។ ស្ថានការណ៍នេះនឹងត្រូវអូសបន្លាយរហូតដល់មានការបោះឆ្នោតថ្មីនាឆ្នាំក្រោយ។
ឧត្តមសេនីយ៍ Min Aung Hlaing អះអាងថា ការដែលកងទ័ពធ្វើរដ្ឋប្រហារគឺជារឿងស្របច្បាប់ ព្រោះថា អាជ្ញាធរមិនអាចដោះស្រាយនូវការតវ៉ារបស់ពួកគេទាក់ទិននឹងការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីចុងឆ្នាំ 2020។
បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ានម៉ា ក៏ត្រូវបានធ្វើឡើងនៅក្នុងប្រទេសមួយចំនួន ដូចជានៅប្រទេសថៃ និងជប៉ុនជាដើម។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី 3 កុម្ភៈ បានបើកកិច្ចប្រជុំបន្ទាន់មួយស្ដីអំពីស្ថានការណ៍នៅមីយ៉ានម៉ា ប៉ុន្តែមិនទាន់មានសេចក្ដីសម្រេចណាមួយត្រូវបានប្រកាសនោះទេ ដោយសារមានការខ្វែងគំនិតគ្នាមួយចំនួន។ ប្រភពព័ត៌មានមួយបានឱ្យដឹងថា ភាគីចិន និងរុស្ស៊ី ស្នើឱ្យមានការពន្យារពេលបន្ថែមទៀតដើម្បីពិភាក្សាលម្អិត។
ក្រុមរដ្ឋមន្ត្រីការបរទេស G7 ដែលរួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសរួម សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅមីយ៉ានម៉ា និងបានជំរុញឱ្យកងទ័ពប្រទេសនេះ ដោះលែងក្រុមអ្នកនយោបាយទាំងអស់ដែលត្រូវបានចាប់ខ្លួន៕
ប្រភព៖ Irrawaddy