សារព័ត៌មានចិន Xinhua ដកស្រង់សម្ដីរបស់មន្ត្រីម្នាក់នៃបក្ស NLD ដែលកំពុងត្រូវបានគេប្លន់អំណាច កាលពីថ្ងៃទី 3 កុម្ភៈ បានឱ្យដឹងថា ប្រធានាធិបតីមីយ៉ានម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi នឹងត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2021។
លោក Kyi Toe សមាជិកនៃគណៈកម្មការព័ត៌មានរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតី (NLD) របស់លោកស្រី Aung San Suu Kyi បានប្រកាសដំណឹងនេះនៅលើទំព័របណ្ដាញសង្គម។
ទាក់ទងនឹងប្រធានាធិបតី U Win Myint ឯកសាររបស់ប៉ូលិសដែលត្រូវគេចែករំលែកលើបណ្ដាញសង្គម បានបង្ហាញថា ប្រធានាធិបតីរូបនេះ និងក្រុមគ្រួសាររបស់លោក បានជួបមនុស្សមួយចំនួននៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បក្ស NLD កាលពីថ្ងៃទី 20 កញ្ញា 2020 មុនការបោះឆ្នោតក្នុងខែវិច្ឆិកា 2020 និងត្រូវបានចោទប្រកាន់ពីបទរំលោភលើបទបញ្ជាទាក់ទិននឹង Covid-19 ដោយយោងទៅតាមច្បាប់គ្រោះមហន្តរាយ។
ចំណែកលោកស្រី Suu Kyi វិញ ក៏ត្រូវបានទោទពីបទនាំចូល និងប្រើប្រាស់ខុសច្បាប់ នៅពេលក្រុមប៉ូលិសបានរកឃើញកូនវិទ្យុនៅក្នុងគេហដ្ឋានរបស់លោកស្រី នារដ្ឋធានី ណៃពីដោ។ ប៉ូលិសបានស្នើតុលាការ ឃុំខ្លួនអ្នកនយោបាយទាំងពីររូបនេះក្នុងរយៈពេល 15 ថ្ងៃ រាប់ចាប់ពីថ្ងៃទី 1 កុម្ភៈ ដល់ថ្ងៃទី 15 កុម្ភៈ។
ចំពោះព័ត៌មានផ្លូវការទាក់ទងនឹងដំណឹងខាងលើនេះ មិនទាន់ត្រូវបានភាគីកងទ័ព និងភាគីប៉ូលិសមីយ៉ានម៉ាលើកឡើងនៅឡើយ។
ក្នុងថ្ងៃទី 3 កុម្ភៈ NLD ក៏បានចេញសេចក្ដីប្រកាសនៅលើបណ្ដាញសង្គម ក្នុងនោះក៏បានស្នើឱ្យដោះលែងប្រធានាធិបតី និងលោកស្រី Suu Kyi រួមនឹងការស្នើឱ្យកងទ័ពទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីចុងឆ្នាំ 2020 និងទប់ស្កាត់ភាពវឹកវរដែលកំពុងរារាំងដំណើរការនៃកិច្ចប្រជុំសភា។
កាលពីថ្ងៃទី 1 កុម្ភៈ ប្រធានាធិបតី U Win Myint និងទីប្រឹក្សារដ្ឋ Aung San Suu Kyi រួមនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់ NLD ជាច្រើនរូប ត្រូវបានកងទ័ពចាប់ឃុំខ្លួន។ កងទ័ពមីយ៉ានម៉ា ក្រោយមកក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំ ហើយអំណាចដឹកនាំប្រទេសត្រូវបានប្រគល់ឱ្យអគ្គមេបញ្ជាការកងទ័ព៕