Skip to content

អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា​និយាយថា «រដ្ឋប្រហារ​គឺជា​រឿង​មិនអាច​គេច​បាន»

លោក Min Aung Hlaing អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 2 កុម្ភៈ​បានប្រកាសថា ការដែល​រដ្ឋាភិបាលរ​បស់​លោកស្រី Suu Kyi ត្រូវបាន​ផ្ដួលរំលំ​គឺជា​ប្រការ​ដែល «មិនអាច​ចៀសវាង​បាន» ហើយ​ថា កងទ័ព​គ្រាន់តែ​ធ្វើទៅ​តាមច្បាប់​ប៉ុណ្ណោះ។

កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី 1 មករា បាន​ឆ្មក់​ចូលចាប់​ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​រប​ស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) រួម​នឹង​ក្រុមតំណាងរាស្ត្រ​ប្រមាណ 400 នាក់​ទៀត ជាការ​ចាប់ផ្ដើម​នៃ​អំពើ​រដ្ឋប្រហារ។

លោក Min Aung Hlaing ត្រូវបាន​ប្រគល់ «សិទ្ធិ​ប្រើប្រាស់​ច្បាប់ សិទ្ធិ​រក​យុត្តិធម៌ និង​អនុវត្ត​ច្បាប់» បាន និង​កំពុង​នាំ​មី​យ៉ាន​ម៉ា​ត្រលប់​ទៅមក​កាន់​របប​សឹក ក្រោយ​ការពិសោធ​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈពេល 10 ឆ្នាំ។ ក្នុង​សេចក្ដីថ្លែងការណ៍​ដំបូង​បន្ទាប់ពី​បានធ្វើ​រដ្ឋប្រហារ លោក Hlaing អះអាងថា ការដែល​កងទ័ព​ចូលមក​គ្រប់គ្រង​ប្រទេស​គឺជា​រឿង «ស្របច្បាប់» ដោយសារតែ​អាជ្ញាធរ​មិនអាច​ដោះស្រាយ​បញ្ហា​ដែល​ពួកគេ​កើតទុក្ខ​មិន​សុខចិត្ត​អំពី​ការបោះឆ្នោត។

លោក Hlaing ថ្លែងថា៖ «ក្រោយពី​ការស្នើ​ជាច្រើនលើក នេះ​គឺជា​ជម្រើស​ដែល​មិនអាច​គេច​រួច ហើយ​នោះ​គឺជា​មូល​ហេតុដែល​យើង​ត្រូវ​ជ្រើសរើស»។

នៅ​រដ្ឋធានី ណៃ​ពី​ដោ ក្រុម​ទាហាន​ប្រដាប់អាវុធ​កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅ​ខាងក្រៅ​អគារ​សម្រាប់​តំណាងរាស្ត្រ​មួយកន្លែង។ តំណាងរាស្ត្រ​ម្នាក់​របស់​បក្ស NLD បាន​អធិប្បាយ​ថា ទីនេះ​ដូច​ទៅនឹង «មន្ទីរឃុំឃាំង​បើកចំហ» យ៉ាង​ដូច្នោះ​ដែរ។

លោក Min Aung Hlaing

តំណាងរាស្ត្រ​ម្នាក់​របស់​បក្ស NLD បាន​ប្រាប់ថា លោកស្រី Aung San Suu Kyi កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​គេហដ្ឋាន​របស់លោក​ស្រី នៅ​ទីក្រុង ណៃ​ពី​ដោ។ Kyi Toe ដែលជា​បុគ្គលិក​ផ្នែក​សារព័ត៌មាន​របស់ NLD ក៏បាន​ប្រាប់ថា អ្នកជិតខាង​បានឃើញ​លោកស្រី Suu Kyi ស្ថិតនៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី​កាលពី​ព្រឹក​ថ្ងៃទី 2 កុម្ភៈ។ ចំណែក អ្នកវិភាគ Khim Zaw Win នៅ​ទីក្រុង Yangon បាន​អះអាងថា លោកស្រី​ទំនងជា​មាន​សុវត្ថិភាព។ អ្នកវិភាគ​រូបនេះ​បញ្ជាក់ថា៖ «ព័ត៌មាន​ទាំងអស់​សុទ្ធតែ​បាន​បង្ហាញថា លោកស្រី​កំពុងមាន​សុវត្ថិភាព»។

បច្ចុប្បន្ន ប្រទេស​មី​យ៉ាន​ម៉ា កំពុង​ត្រូវបាន​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ Min Aung Hlaing ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​របស់​មី​យ៉ាន​ម៉ា បើទោះជា​អតីត​ឧ​ត្ត​ម​សេនីយ៍ Myint Swe កំពុង​គ្រប់គ្រង​តំណែង​ប្រធានាធិបតី​ក៏ដោយ។

ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្កោលទោស និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រួមសហការ​គ្នា​ដាក់​សម្ពាធ ដើម្បី​បង្ខំ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា​បោះបង់​អំណាច​ជាបន្ទាន់ និង​ដោះលែង​ក្រុមមន្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​អំពើ​រដ្ឋប្រហារ​របស់​ក​ង​ទ័ព។ លោក Biden ក៏បាន​ព្រមាន​អំពី​ការដាក់ទណ្ឌកម្ម​ជាថ្មី​ទៅលើ​មី​យ៉ាន​ម៉ា​ដែល​អាមេរិក​បាន​ដកចេញ​កាលពី 10 ឆ្នាំមុន៕

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *