Skip to content

លោកស្រី Aung San Suu Kyi ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​ដូច​មុន

តំណាងរាស្ត្រ​ម្នាក់​នៃ​គណបក្ស NLD របស់លោក​ស្រី Aung San Suu Kyi បានឱ្យដឹងថា លោកស្រី​ទីប្រឹក្សា​រដ្ឋ​រូបនេះ​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​គេហដ្ឋាន​នៅ​រដ្ឋធានី ណៃ​ពី​ដោ និង​ត្រូវបាន​គេ​ជឿថា មាន​សុវត្ថិភាព។

«យើង​ត្រូវបាន​គេ​ប្រាប់ថា សូម​កុំឱ្យ​ព្រួយ ប៉ុន្តែ យើង​នៅតែមាន​ការបារម្ភ។ បើសិនជា​អាច​មើលឃើញ​រូបថត​មួយ​សន្លឹក នោះ​នឹង​ស្ងប់ចិត្ត​បន្តិច» តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី Aung San Suu Kyi ឱ្យដឹង​ដូច្នេះ។

Kyi Toe ដែលជា​បុគ្គលិក​ផ្នែក​សារព័ត៌មាន​របស់ NLD ក៏បាន​ប្រាប់ថា អ្នកជិតខាង​បានឃើញ​លោកស្រី Suu Kyi ស្ថិតនៅក្នុង​គេហដ្ឋាន​របស់លោក​ស្រី​កាលពី​ព្រឹក​ថ្ងៃទី 2 កុម្ភៈ។ ចំណែក អ្នកវិភាគ Khim Zaw Win នៅ​ទីក្រុង Yangon បាន​អះអាងថា លោកស្រី​ទំនងជា​មាន​សុវត្ថិភាព។ អ្នកវិភាគ​រូបនេះ​បញ្ជាក់ថា៖ «ព័ត៌មាន​ទាំងអស់​សុទ្ធតែ​បាន​បង្ហាញថា លោកស្រី​កំពុងមាន​សុវត្ថិភាព»។

Herve Lemahieu អ្នកជំនាញ​មកពី​វិទ្យាស្ថាន Lowy របស់​អូស្ត្រាលី យល់ថា កងទ័ព​មី​យ៉ាន​ម៉ា​ទំនង​ជាមាន​យុទ្ធសាស្ត្រ​ក្នុងការ​រាំងខ្ទប់​ព័ត៌មាន​អំពី​លោកស្រី Suu Kyi។ «ខ្ញុំ​គិតថា ពួកគេ​មិន​ចង់ឱ្យ​ប្រជាជន​មើលឃើញ​លោកស្រី។ លោកស្រី​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ ណៃ​ពី​ដោ ដែល​ឆ្ងាយ​ពី​តំបន់​ប្រជុំជន និង​ជា​កន្លែង​ដែល​មនុស្ស​មិនអាច​ចេញ​ធ្វើបាតុកម្ម។ ខ្ញុំ​ជឿថា នេះ​ជា​ជម្រើស​ដែលមាន​ចេតនា» Herve Lemahieu បន្ថែម​ដូច្នេះ។

Herve Lemahieu សង្កត់ធ្ងន់ថា ការធានា​សុវត្ថិភាព និង​សុខភាព​ចំពោះ​លោកស្រី Suu Kyi នឹង​នាំមក​នូវ​ផលប្រយោជន៍​ដល់​កងទ័ព។ «ក្រុមមន្ត្រី​ជាន់ខ្ពស់​បាន​ដឹងថា បើសិនជា​លោកស្រី​ធ្លាក់ខ្លួន​ឈឺ ឬ​បាត់​បង់ជីវិត​ក្នុងពេល​ត្រូវបាន​ចាប់ខ្លួន នោះ​គ្រប់គ្នា​នឹង​សង្ស័យថា មាន​ទង្វើ​អាក្រក់ ដែល​នេះ​អាច​បញ្ឆេះ​កំហឹង និង​ការ​ប្រតិកម្ម​ខ្លាំង​ក្លាយជា​ទីបំផុត»។

កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី 1 មករា បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Suu Kyi រួម​នឹង​ប្រធានាធិបតី Win Myint និង​ថ្នាក់ដឹកនាំ​ដទៃទៀត​របស់​បក្ស NLD ដោយ​យក​លេស​ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​ក្នុងការ​បោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 ដែល​ពេលនោះ NLD ជា​បក្ស​ជាប់ឆ្នោត។ កងទ័ព ក្រោយមក​ក៏បាន​ឡើងកាន់​កាប់​អំណាច​ពេញដៃ និង​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ។

បច្ចុប្បន្ន ប្រទេស​មី​យ៉ាន​ម៉ា កំពុង​ត្រូវបាន​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ Min Aung Hlaing ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​របស់​មី​យ៉ាន​ម៉ា បើទោះជា​អតីត​ឧ​ត្ត​ម​សេនីយ៍ Myint Swe កំពុង​គ្រប់គ្រង​តំណែង​ប្រធានាធិបតី​ក៏ដោយ៕

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *