ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅក្នុងថ្ងៃនេះ (2កុម្ភៈ) ដើម្បីពិភាក្សាអំពីស្ថានភាពនៅមីយ៉ានម៉ា ក្រោយរដ្ឋប្រហាររបស់កងទ័ពប្រទេសនេះ។
កិច្ចប្រជុំសម្ងាត់ដែលធ្វើទៅតាមអនឡាញត្រូវបានសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិអនុម័តយល់ព្រមកាលពីថ្ងៃទី 1 កុម្ភៈ។ Christine Schraner Burgener ប្រេសិតពិសេសទទួលបន្ទុកលើប្រទេសមីយ៉ានម៉ា និងជាអ្នកកាទូតនៃប្រទេសស្វីស តាមផែនការ នឹងប្រកាសដំណឹងអំពីស្ថានការណ៍ថ្មីបំផុតនៅក្នុងកិច្ចប្រជុំ។
សូមរំលឹកថា កងទ័ពមីយ៉ានម៉ាបានឡើងកាន់កាប់អំណាចកាលពីថ្ងៃទី 1 មករាកន្លងទៅ បន្ទាប់ពីបានធ្វើរដ្ឋប្រហារមិនបង្ហូរឈាម ដោយបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi រួមនឹងក្រុមមេដឹកនាំជាន់ខ្ពស់ដទៃជាច្រើនរូបទៀតនៃរដ្ឋាភិបាលមីយ៉ានម៉ា ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង និងមានការថ្កោលទោសពីសំណាក់អន្តរជាតិផងដែរ។
អងគ្លេសដែលជាប្រទេសកំពុងកាន់កាប់តំណែងប្រធាននៃក្រុមប្រឹក្សាសន្តិសុខបន្តវេននៅក្នុងខែកុម្ភនេះ គ្រោងនឹងបើកកិច្ចប្រជុំមួយស្ដីអំពីប្រទេសមីយ៉ានម៉ាក្នុងសប្ដាហ៍នេះ ប៉ុន្តែកិច្ចប្រជុំនឹងត្រូវបានធ្វើឡើងមុនកាលកំណត់ ដោយសារមានការចាំបាច់ខ្លាំង។
អគ្គរាជទូតអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Babara Woodward បានឱ្យដឹងថា លោកស្រីមានសង្ឃឹមថា នឹងមាន «កិច្ចពិភាក្សាដែលប្រកបដោយការស្ថាបនាបំផុតនិយាយអំពីមីយ៉ានម៉ា និងពិនិត្យរាល់វិធានការចាំបាច់ដោយយោងទៅតាមបំណងរបស់ប្រជាជនដែលនឹងបង្ហាញនៅក្នុងការបោះឆ្នោត ក៏ដូចជាការស្នើឱ្យដោះលែងក្រុមមេដឹកនាំស៊ីវិល»។
លោកស្រី Babara បញ្ជាក់ថា «បច្ចុប្បន្ន មិនទាន់មានវិធានការជាក់លាក់ណាមួយដើម្បីចាត់ការបញ្ហា (រដ្ឋប្រហារនៅមីយ៉ានម៉ា) នេះនៅឡើយ។ ប្រការសំខាន់គឺសហគមន៍អន្តរជាតិត្រូវតែឯកភាពគ្នា» នេះបើតាម Stephane Dujarric អ្នកនាំពាក្យរបស់ UN បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។
សូមរំលឹកថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចរបស់ទីប្រឹក្សារដ្ឋនៃប្រទេសមីយ៉ានម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោមអាសនៈចំនួន 412 នៅសភាជាតិ ក្រោយការបោះឆ្នោតនៅចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ពមីយ៉ានម៉ាបានចោទថា មានការលួចបន្លំសន្លឹកឆ្នោតចំនួនជាង 10 លានករណី និងស្នើឱ្យគណកម្មការរៀបចំការបោះឆ្នោត ប្រកាសបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីពិនិត្យឡើងវិញ ប៉ុន្តែត្រូវបានបដិសេធ។
ប្រការនេះអាចជាលេសមួយដែលត្រូវបានកងទ័ពប្រើប្រាស់ដើម្បីចាប់ខ្លួនលោកស្រី Suu Kyi លោកប្រធានាធិបតី Win Myint រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀតរបស់បក្ស NLD និងបានប្រកាសអាសន្នទូទាំងប្រទេសដើម្បីគ្រប់គ្រងអំណាចក្នុងរយៈពេលមួយឆ្នាំ។ ក្រោយមក កងទ័ពក៏បានដកតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន 24 រូបរបស់បក្ស NLD ហើយបានតែងតាំងជំនួសដោយមនុស្សចំនួន 11 នាក់ ឱ្យកាន់កាប់ក្រសួងមួយចំនួន ដូចជា ក្រសួងហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និងក្រសួងការពារជាតិ រួមនឹងក្រសួងមហាផ្ទៃនិងការពារព្រំដែនផងដែរ។
សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា និងបានស្នើឱ្យកងទ័ពមីយ៉ានម៉ា ដោះលែងក្រុមមនុស្សដែលត្រូវបានចាប់ខ្លួននៅក្នុងអំពើរដ្ឋប្រហារកាលពីម្សិលមិញ (1 កុម្ភៈ)។ ចំណែកប្រទេសចិនវិញ ក៏បានអំពាវនាវឱ្យភាគីពាក់ពាន់ដោះស្រាយតាមផ្លូវច្បាប់ ក៏ដូចជារក្សាស្ថិរភាពនយោបាយ និងសង្គម៕
ប្រព៖ AFP