ប្រធានាធិបតីអាមេរិកបានព្រមានថានឹងដាក់ទណ្ឌកម្មឡើងវិញចំពោះប្រទេសមីយ៉ានម៉ា បន្ទាប់ពីមានការចាប់ខ្លួនលោកស្រី Aung San Suu Kyi ព្រមទាំងអំពាវនាវឱ្យមានការប្រតិកម្មរួមពីសហគមន៍អន្តរជាតិ។
«សហគមន៍អន្តរជាតិ រួមគ្នាដាក់សម្ពាធ បង្ខំឱ្យកងទ័ពមីយ៉ានម៉ាបោះបង់អំណាចដែលពួកគេបានរំលោភយក និងដោះលែងក្រុមមនុស្សដែលពួកគេបានចាប់ខ្លួនជាបន្ទាន់។ អាមេរិកបានដកទណ្ឌកម្មពីមីយ៉ានម៉ាអស់រយៈពេល 10 ឆ្នាំកន្លងមកនេះ ដោយយោងទៅលើដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យ។ ការដើរបញ្ច្រាសដំណើរការនេះនឹងធ្វើឱ្យយើងត្រូវពិនិត្យឡើងវិញនូវការដាក់ទណ្ឌកម្ម ជាមួយនឹងសកម្មភាពសមស្រប» ប្រធានាធិបតីអាមេរិក Joe Biden បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃទី 1 កុម្ភៈ។
លោក Biden ក៏បានថ្កោលទោសកងទ័ពមីយ៉ានម៉ា ដែលបានចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi រួមនឹងប្រធានាធិបតី Win Myint និងក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់បក្សកាន់អំណាច។ ប្រធានាធិបតីអាមេរិកយល់ថា នេះគឺជា «ការវាយប្រហារផ្ទាល់ទៅលើដំណើរងាកទៅរកប្រជាធិបតេយ្យ និងការគោរពច្បាប់របស់មីយ៉ានម៉ា»។
លោក Biden បានអំពាវនាវដល់កងទ័ពមីយ៉ានម៉ា ដកការរឹតបន្តឹងលើព័ត៌មាន ទំនាក់ទំនង និងចៀសវាងប្រើហិង្សាលើពលរដ្ឋផងដែរ។ «សហរដ្ឋអាមេរិកកំពុងតាមដានក្រុមមនុស្សដែលឈរនៅក្បែរប្រជាជនមីយ៉ានម៉ា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ យើងនឹងសហការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ និងពិភពលោក ដើម្បីស្ដារប្រជាធិបតេយ្យ ក៏ដូចជាបង្ខំឱ្យអ្នករារាំងប្រជាធិបតេយ្យនៅប្រទេសនេះ ទទួលខុសត្រូវ» សេចក្ដីប្រកាសព័ត៌មានរបស់លោក Biden មានឃ្លាសរសេរដូច្នេះ។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចរបស់លោកស្រី Suu Kyi ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតកាលពីចុងឆ្នាំ 2020 ដោយទទួលបាន 346 ក្នុងចំណោម 412 អាសនៈនៅសភាមីយ៉ានម៉ា។ ប៉ុន្តែកងទ័ពប្រទេសនេះប្រកាសថា បានរកឃើញការលួចបន្លំសន្លឹកឆ្នោតជាង 10 លានករណី និងបានតវ៉ាទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីឱ្យបញ្ចេញបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែមិនទទួលបានការយល់ព្រម។
សូមបញ្ជាក់ថា កងទ័ពមីយ៉ានម៉ា នាវេលាទៀបភ្លឺ ថ្ងៃទី 1 មករានេះ បានឆ្មក់ចូលចាប់ខ្លួនលោកស្រី Aung San Suu Kyi ដែលជាទីប្រឹក្សាជាតិ រួមនឹងប្រធានាធិបតី Win Myint និងក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួននៃបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យមីយ៉ានម៉ា (NLD) ដែលកំពុងកាន់អំណាច ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលភាគីខាងកងទ័ពយល់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ 2020។
ក្រោយការធ្វើរដ្ឋប្រហារខាងលើ កងទ័ពមីយ៉ានម៉ាក៏បានដកហូតតំណែងរបស់រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន 24 រូប ព្រមទាំងបានប្រកាសបញ្ជីឈ្មោះមនុស្សចំនួន 11 នាក់ ដែលត្រូវបានតែងតាំងជាមេដឹកនាំនៃក្រសួងនានា រួមមាន ក្រសួងហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស ការពារជាតិ និងក្រសួងមហាផ្ទៃនិងការពារព្រំដែនផងដែរ។
ប្រទេស និងស្ថាប័នជាច្រើនក្នុងពិភពលោក កំពុងធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើរដ្ឋប្រហារយោធានៅមីយ៉ានម៉ា ក្នុងនោះក៏មានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្ត្រាលី។ល។
ប្រភព៖ Reuters