គណនីបណ្ដាញសង្គមរបស់បក្សកាន់អំណាច NLD បានឱ្យដឹងថា លោកស្រី Suu Kyi បានអំពាវនាវឱ្យពលរដ្ឋមីយ៉ានម៉ា កុំទទួលយកការធ្វើ «រដ្ឋប្រហារ» និងនាំគ្នាធ្វើចេញបាតុកម្ម។
«សកម្មភាពរបស់កងទ័ពកំពុងនាំប្រទេសជាតិវិលទៅកាន់សម័យយោធានិយម។ ខ្ញុំសូមអំពាវនាវឱ្យប្រជាជន កុំទទួលស្គាល់ប្រការនេះ និងធ្វើការប្រតិកម្មយ៉ាងខ្លាំងក្លា ដោយការធ្វើបាតុកម្ម» គណនី Facebook ផ្លូវការរបស់គណបក្សកាន់អំណាច សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមីយ៉ានម៉ា (NLD) បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយដែលត្រូវបានបង្ហោះក្នុងថ្ងៃទី 1 មករានេះ។
អត្ថបទដែលបានបង្ហោះខាងលើនេះ ត្រូវបានធ្វើឡើងក្នុងនាមជាទីប្រឹក្សាជាតិមីយ៉ានម៉ា Aung San Suu Kyi ប៉ុន្តែមិនមានហត្ថលេខារបស់លោកស្រីនោះទេ។ ខ្លឹមសារនៃសេចក្ដីប្រកាសនេះ ត្រូវបានទទួលស្គាល់ដោយប្រធានបក្ស NLD លោក Win Htein។ នៅទីបញ្ចប់នៃសេចក្ដីប្រកាសនេះ លោក Win Htein សរសេរថា «ខ្ញុំស្បថដាក់ជីវិត នេះគឺជាប្រសាសន៍ពិតរបស់លោកស្រី Aung San Suu Kyi»។
កងទ័ពមីយ៉ានម៉ា នាវេលាទៀបភ្លឺ ថ្ងៃទី 1 មករានេះ បានឆ្មក់ចូលចាប់ខ្លួនលោកស្រី Aung San Suu Kyi ដែលជាទីប្រឹក្សាជាតិ រួមនឹងប្រធានាធិបតី Win Myint និងក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួននៃបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យមីយ៉ានម៉ា (NLD) ដែលកំពុងកាន់អំណាច ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលភាគីខាងកងទ័ពយល់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ 2020។
សហគមន៍អន្តរជាតិកំពុងតែតាមដានការវិវត្តនៅប្រទេសមីយ៉ានម៉ា ទាក់ទិននឹងរដ្ឋប្រហារដោយកងទ័ព។ ប្រទេសជាច្រើនបានរិះគន់ ថ្កោលទោស និងអំពាវនាវឱ្យកងទ័ពមីយ៉ានម៉ា វិលទៅរកសភាពដើម មុនរដ្ឋប្រហារនេះ៕
ប្រភព៖ Reuters