កងទ័ពមីយ៉ានម៉ា បានឱ្យដឹងថា នឹងប្រគល់អំណាចទៅឱ្យគណបក្សជាប់ឆ្នោតនក្នុងការបោះឆ្នោតមួយដែលនឹងត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពអាសន្នដែលកងទ័ពបានដាក់ចេញ ត្រូវបានបញ្ចប់។
«យើងនឹងអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ជាមួយនឹងតុល្យភាព និងយុត្តិធម៌ពេញលេញ» កងទ័ពមីយ៉ានម៉ាបានប្រកាសនៅលើបណ្ដាញសង្គម Facebook នាថ្ងៃទី 1 មករា ឆ្នាំ 2021 នេះ។ «អំណាចនឹងត្រូវបានផ្ទេរជូន បន្ទាប់ពីមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងបញ្ចប់ដំណាក់កាលអនុវត្តបទបញ្ជាភាពអាសន្ន»។
សូមរំលឹកថា កងទ័ពមីយ៉ានម៉ា នាវេលាទៀបភ្លឺ ថ្ងៃទី 1 មករានេះ បានឆ្មក់ចូលចាប់ខ្លួនលោកស្រី Aung San Suu Kyi ដែលជាទីប្រឹក្សាជាតិ រួមនឹងប្រធានាធិបតី Win Myint និងក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួននៃបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យមីយ៉ានម៉ា (NLD) ដែលកំពុងកាន់អំណាច ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលភាគីខាងកងទ័ពយល់ថា មានការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ 2020។
ទូរទស្សន៍កងទ័ពមីយ៉ានម៉ា ក្រោយមកក៏បានប្រកាសថា អំណាចនៅប្រទេសនេះត្រូវបានប្រគល់ជូនលោក Min Aung Hlaing ដែលជាអគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា។ ពួកគេនិយាយថា ត្រូវតែមានការដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ដោយសារថាបញ្ហា «លួចបន្លំសន្លឹកឆ្នោត» មិនត្រូវបានដោះស្រាយ។
ការធ្វើរដ្ឋប្រហារនេះ ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស និងអំពាវនាវឱ្យកងទ័ពមីយ៉ានម៉ា វិលទៅរកសភាពដើម មុនការធ្វើរដ្ឋប្រហារក្នុងថ្ងៃទីនេះ៕
ប្រភព៖ AFP