កងទ័ពភូមា ឬមីយ៉ានម៉ា បានចាប់ខ្លួនទីប្រឹក្សាជាតិ លោកស្រី Suu Kyi និងបានធ្វើរដ្ឋប្រហារ ក្រោយពីបានបោះបង់អំណាចផ្ដាច់ការអស់រយៈពេលជិត 5 ទសវត្សរ៍នៅប្រទេសនេះ។
ឆ្នាំ 2010 រដ្ឋាភិបាលដែលគ្រប់គ្រងដោយកងទ័ពមីយ៉ានម៉ា បានធ្វើការបោះឆ្នោតនៅដើមខែវិច្ឆិកា ក្នុងនោះ គណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាពមីយ៉ាន់ម៉ា (USDP) ដែលគាំទ្រដោយកងទ័ពបានប្រកាសជ័យជំនះ។ ប៉ុន្តែ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមីយ៉ានម៉ា (NLD) និងបក្សផ្សេងៗទៀត បានប្រកាសមិនចូលរួម។ ក្រុមអ្នកសង្កេតការបោះឆ្នោតចាត់ទុកថា នេះគឺជាការបោះឆ្នោតអយុត្តិធម៌។
ជិតមួយសប្ដាហ៍ក្រោយការបោះឆ្នោត លោកស្រី Aung San Suu Kyi ត្រូវបានដោះលែង បន្ទាប់ពីត្រូវជាប់ឃុំក្នុងផ្ទះរយៈពេល 16 ឆ្នាំ។
ឆ្នាំ 2011 រដ្ឋាភិបាលបានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលពាក់កណ្ដាលស៊ីវិលមួយរបស់អតីតឧត្តមសេនីយ៍ Thein Sein ដែលជាអ្នកមានបំណងធ្វើកំណែទម្រង់។ សិទ្ធិជាមូលដ្ឋានមួយចំនួនត្រូវបានស្ដារឡើងវិញ ក្នុងនោះមានដូចជា ការដកការរឹតបន្តឹងក្នុងការជួបជុំ និងសំដែងមតិជាដើម។
ឆ្នាំ 2012 បក្ស NLD ដណ្ដើមបាន 43 ក្នុងចំណោម 45 កៅអីនៅសភាក្នុងការបោះឆ្នោតខែមេសា ហើយលោកស្រី Suu Kyi ក៏បានក្លាយជាតំណាងរាស្ត្រនៅសភា។ អាមេរិក និងអឺរ៉ុបបានចាប់ផ្ដើមដកការដាក់ទណ្ឌកម្មលើមីយ៉ានម៉ា ភ្លាមនោះ បណ្ដាក្រុមហ៊ុនអឺរ៉ុបក៏បានចាប់ផ្ដើមសម្រុកចូលរកស៊ីក្នុងប្រទេសនេះ។ Barack Obama បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានមកធ្វើទស្សនកិច្ចប្រទេសមីយ៉ានម៉ា។
ឆ្នាំ 2015 NLD ទទួលបានជ័យជំនះច្រើនលើសលុបក្នុងការបោះឆ្នោតជាតិ។ អគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា លោក Min Aung Hlaing បានជូនពរលោកស្រី Suu Kyi និងបក្សរបស់លោកស្រី។
ឆ្នាំ 2016 NLD ចូលដឹកនាំប្រទេស ហើយលោកស្រី Suu Kyi ក៏ធ្វើជាទីប្រឹក្សាជាតិ ដែលតាមពិតវាគ្រាន់តែជាតំណែងមួយដើម្បីធ្វើឱ្យស្របរដ្ឋធម្មនុញ្ញដែលហាមលោកស្រីឡើងកាន់តំណែងប្រធានាធិបតីតែប៉ុណ្ណោះ។
ឆ្នាំ 2017 មេធាវីកាន់សាសនាអ៊ីស្លាម ឈ្មោះ Ko Ni ដែលជាអ្នករិះគន់មិនសំច័យមាត់ទៅលើកងទ័ព និងជាទីប្រឹក្សារបស់លោកស្រី Suu Kyi ត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុង Yangon។ មនុស្សរាប់ពាន់នាក់បានចូលរួមពិធីបុណ្យសពរបស់លោក។
ថ្ងៃទី 25 សីហា កងទ័ពមីយ៉ានម៉ាបានធ្វើការកៀបសង្កត់ពលរដ្ឋនៅក្នុងរដ្ឋ Rakhine ដើម្បីឆ្លើយតបនឹងក្រុមឧទ្ទាម បណ្ដាលឱ្យក្រុមជនជាតិភាគតិច Rohingya ត្រូវភៀសខ្លួនទៅតាមបន្ទាប់ព្រំដែនជាមួយនឹងបង់ក្លាដែស។
ឆ្នាំ 2018 អ្នកយកព័ត៌មានរបស់ Reuters 2 រូប ត្រូវបានចាប់ឃុំខ្លួន ក្រោមបទចោទថា បានរំលោភលើកិច្ចការសម្ងាត់របស់ប្រទេសមីយ៉ានម៉ា នៅពេលពួកគេរាយការណ៍អំពីករណីសម្លាប់រង្គាលលើជនជាតិ Rohingya។ អ្នកយកព័ត៌មានទាំងនេះត្រូវឃុំខ្លួនរយៈពេល 500 ថ្ងៃ មុនពេលត្រូវបានដោះលែងទៅតាមបទបញ្ជារបស់ប្រធានាធិបតី។
ឆ្នាំ 2019 សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មចំពោះមេបញ្ជាការកងទ័ព និងមន្ត្រីយោធាចំនួន 3 រូបផ្សេងទៀត។ Gambia បានដាក់ពាក្យប្ដឹងឡើងទៅកាន់តុលាការយុត្តិធម៌របស់អង្គការសហប្រជាជាតិ ដោយចោទមីយ៉ានម៉ាពីបទប្រល័យពូជសាសន៍។ លោកស្រី Suu Kyi បានធ្វើការការពារភាគីមីយ៉ានម៉ានៅតុលាការក្នុងទីក្រុង The Hague នៃប្រទេសហូឡង់។
បណ្ដឹងចំនួន 2 ផ្សេងទៀតក៏ត្រូវធ្វើឡើងដើម្បីប្រឆាំងនឹងមីយ៉ានម៉ា រួមមានទាំងការស៊ើបអង្កេតរបស់តុលាព្រហ្មទណ្ឌអន្តរជាតិ (ICJ) ផងដែរ។
ឆ្នាំ 2020 ICJ បានទាត់ចោលការបង្ហាញអំពីភាពត្រឹមត្រូវពីសំណាក់លោកស្រី Suu Kyi និងចេញបញ្ជាឱ្យមីយ៉ានម៉ាអនុវត្តវិធានការដើម្បីចៀសវាងការចោទប្រកាន់អំពីបទប្រល័យពូជសាសន៍។
ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ប្រទេសនេះ ត្រូវបាន Covid-19 បំផ្លិចបំផ្លាញ បណ្ដាលឱ្យមានមនុស្សជាង 140,000 នាក់បានឆ្លង Covid-19 ក្នុងនោះមានជាង 3,000 នាក់បានស្លាប់។
មីយ៉ានម៉ាបោះឆ្នោតប្រជាធិបតេយ្យលើកទីពីរ ប៉ុន្តែតំបន់មួយចំនួនដែលសម្បូរជនជាតិភាគតិច មិនបានចូលរួមបោះឆ្នោត ដោយសារមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងក្រុមឧទ្ទាម និងកងទ័ព។ NLD ត្រូវបានគេព្យាករថា នឹងទទួលជ័យជំនះ។
ឆ្នាំ 2021 ក្រោយពីបានចោទប្រកាន់ថា មានបញ្ហាមិនប្រក្រតីមួយចំនួនកើតឡើងនៅក្នុងការបោះឆ្នោត ប៉ុន្តែត្រូវបានបដិសេធដោយអាជ្ញាធរ កងទ័ពមីយ៉ានម៉ាក៏បានសម្រេចចាប់ខ្លួនលោកស្រី Suu Kyi រួមនឹងប្រធានាធិបតី Win Myint និងក្រុមមេដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់បក្ស NLD នៅវេលាទៀបភ្លឺនាថ្ងៃទី 1 មករា ក្នុងគ្រាដែលសភាកំពុងត្រៀមបើកកិច្ចប្រជុំលើកដំបូង។
បន្ទាប់មក កងទ័ពមីយ៉ានម៉ាក៏បានដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ និងបានតែងតាំងអតីតឧត្តមសេនីយ៍ម្នាក់ឱ្យធ្វើជាប្រធានាធិបតីស្ដីទី ដើម្បីរក្សាស្ថិរភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រឆាំងនឹងការដែលកងទ័ពមីយ៉ានម៉ាចាប់ខ្លួនទីប្រឹក្សាជាតិ លោកស្រី Suu Kyi ដោយយល់ថា នេះគឺជាការសំពងទៅលើដំណើរការនៃកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលប្រធានាធិបតី Joe Biden ក៏បានព្រមានមីយ៉ានម៉ាថា មិនត្រូវព្យាយាមកែប្រែលទ្ធផលបោះឆ្នោត ហើយថា នឹងធ្វើសកម្មភាពបើសិនដំណើរទៅរកប្រជាធិបតេយ្យត្រូវបានរាំងខ្ទប់។
ក្រៅពីនេះ ប្រទេសជប៉ុន អូស្ត្រាលី និងចិន ជាដើម ក៏បានថ្កោលទោស ឬអំពាវនាវឱ្យមីយ៉ានម៉ាវិលទៅរកគន្លងផ្លូវមុនការរដ្ឋប្រហារនេះផងដែរ៕
ប្រភព៖ AFP