ផ្លូវនានាក្នុងទីក្រុង Yangon មានសភាពស្ងប់ស្ងាត់ ក្រោយពីកងទ័ពបានចាប់ខ្លួនក្រុមមេដឹកនាំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi ខណៈដែលប្រជាជនជាច្រើននាំគ្នាសម្រុកទៅដកប្រាក់ពីទូ ATM មុនពេលធនាគារផ្អាកដំណើរការ។
«ផ្លូវក្នុងរដ្ឋធានី Yangon នៅរៀងរាល់ព្រឹកដើមសប្ដាហ៍ តែងតែមានមនុស្សអ៊ូអរ ប៉ុន្តែពេលនេះមានសភាពស្ងាត់ជ្រងំ ដោយសារមនុស្សម្នាខ្លាច មិនហ៊ានចេញពីផ្ទះ ក៏ប៉ុន្តែ នៅតែមានពលរដ្ឋជាច្រើននាំគ្នាចេញទៅកាន់ទូ ATM ដើម្បីដកប្រាក់» អ្នកយកព័ត៌មាន May Wong របស់ទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹងដូច្នេះនាព្រឹកថ្ងៃទី 1 ខែកុម្ភៈនេះ។
សកម្មភាពខាងលើនេះបានកើតឡើងបន្ទាប់ពីកងទ័ពមីយ៉ានម៉ា ប្រកាសថា បានចាប់ខ្លួនទីប្រឹក្សាជាតិ លោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint រួមនឹងមេដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់បក្សកាន់អំណាច។ កងទ័ពក៏បានប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្ន ដើម្បីដឹកនាំប្រទេសក្នុងរយៈពេលមួយឆ្នាំ។
ក្រោយពីការចាប់ខ្លួនខាងលើ សហគមន៍អន្តរជាតិ ពិសេសគឺក្រុមប្រទេសលោកខាងលិច បានហៅទង្វើនេះថាជាការខិតខំដើម្បីធ្វើរដ្ឋប្រហាររបស់កងទ័ព ហើយបានអំពាវនាវឱ្យមេដឹកនាំយោធាប្រទេសនេះ ត្រលប់មករកស្ថានភាពដើម។
បន្ទាប់មក សមាគមធនាគារមីយ៉ានម៉ា បានចេញសេចក្ដីប្រកាសមួយបញ្ជាក់ថា ធនាគារទាំងអស់នឹងផ្អាកដំណើរការបណ្ដោះអាសន្ន ដោយមិនបានលើកឡើងអំពីកាលបរិច្ឆេទជាក់លាក់នៃការដំណើរការឡើងវិញនោះទេ៕
ប្រភព៖ CNA