ក្នុងថ្ងៃទី 1 ខែកុម្ភៈនេះ ស្ថានីយទូរទស្សន៍របស់កងទ័ពមីយ៉ានម៉ាបានចេញផ្សាយថា កងទ័ពប្រទេសនេះបាន «ប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ» ក្រោយពីបានចាប់ឃាត់ខ្លួនក្រុមមេដឹកនាំក្នុងរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi។
Xinhua ដកស្រង់ប្រភពព័ត៌មានខាងលើ ឱ្យដឹងថា កងទ័ពមីយ៉ានម៉ាប្រកាសថា បច្ចុប្បន្នអំណាចទាំងស្រុងត្រូវបានប្រគល់ជូនអគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា ឧត្តមសេនីយ៍ Min Aung Hlaing។
Myo Nyunt អ្នកនាំពាក្យរបស់បក្ស NLD ដែលជាបក្សកាន់អំណាចនៃប្រទេសភូមា ថ្ងៃនេះបានឱ្យដឹងថា មេដឹកនាំ Aung San Suu Kyi និងក្រុមមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាច ក្នុងនោះក៏មានប្រធានាធិបតី Win Myint ផងដែរ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលពីសំណាក់កងទ័ពកាលពីវេលាទៀបភ្លឺនៃថ្ងៃទី 1 កុម្ភៈនេះ។
ប្រភពព័ត៌មានមួយចំនួនបានចេញផ្សាយថា គិតមកដល់បច្ចុប្បន្ន អ្នកនាំពាក្យ Myo Nyunt ក៏ទំនងជាត្រូវបានចាប់ខ្លួនរួចទៅហើយ ដោយសារតែមិនអាចទាក់ទងបាន។
ព្រឹកនេះដែរ ស្ថានីយទូរទស្សន៍ជាតិមីយ៉ានម៉ា MRTV ក៏បានប្រកាសថា មិនអាចផ្សាយបានដូចសព្វមួយដង ដោយសារបញ្ហាបច្ចេកទេស។
ទាក់ទិននឹងបញ្ហានៅមីយ៉ានម៉ា ជប៉ុន នាព្រឹកនេះក៏បានប្រកាសស្នើឱ្យប្រទេសនេះងាកមករកស្ថានភាពដើម និងអំពាវនាវឱ្យមានការចរចាតាមសន្តិវិធីដើម្បីដោះស្រាយបញ្ហា។
សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសហប្រជាជាតិ ក៏បានធ្វើការប្រតិកម្មខ្លាំងក្លាចំពោះទង្វើរបស់កងទ័ពមីយ៉ានម៉ា។ យ៉ាងនេះក្ដីភាគីកងទ័ពមីយ៉ានម៉ាបានរិះគន់ចំពោះការប្រតិកម្មខាងលើមកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងសេចក្ដីប្រកាសមួយដែលត្រូវបានបង្ហោះនៅលើ Facebook កងទ័ពមីយ៉ានម៉ាបាន «ប្ដេជ្ញាទាត់ចោល» រាល់ការចោទប្រកាន់ដែលថា កងទ័ពប្រទេសនេះរារាំងដំណើរការទៅរកប្រជាធិបតេយ្យ ទន្ទឹមនឹងនេះក៏បានព្រមានដល់សហគមន៍ការបរទេសថា «មិនត្រូវលើកឡើងនូវការសន្និដ្ឋានដែលគ្មានមូលដ្ឋានច្បាស់លាស់អំពីស្ថានការណ៍» នៅប្រទេសនេះឡើយ៕
ប្រភព៖ Xinhua