យន្តហោះឈ្លបយកការណ៍ EP-3E របស់សហរដ្ឋអាមេរិក និង Y-8G របស់ប្រទេសចិន បានហោះទន្ទឹមគ្នានៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីនៃកោះតៃវ៉ាន់ ដែលនេះគឺជាឥរិយាបថមួយដែលមិនធ្លាប់មានពីមុនមក។
ទំព័រ Aircraft Spots ដែលមានជំនាញខាងតាមដានជើងហោះហើរ បានឱ្យដឹងថា យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រដែលបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងអាចចូលរួមក្នុងសង្គ្រាមអេឡិចត្រូនិក EP-3E ដែលមានលេខសម្គាល់ 156528 របស់កងទ័ពជើងទឹកអាមេរិក និងយន្តហោះស៊ើបការណ៍រលកសញ្ញា Y-8G ដែលមានលេខសម្គាល់ 30518 របស់ទ័ពអាកាសចិន បានប្រឈមមុខដាក់គ្នានៅវេលាម៉ោង 11 និង 4 នាទី ក្នុងថ្ងៃទី 26 មករាកន្លងទៅ។
យន្តហោះ Y-8G ហោះនៅលើគន្លងដែលយន្តហោះចម្បាំងចិនធ្លាប់បានហោះហើរស្ទើរតែរាល់ថ្ងៃនៅភាគនិរតីនៃកោះតៃវ៉ាន់ ដែលស្ថិតក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះនេះ។ ប្រការដែលខុសប្លែកពីសព្វមួយដងនោះគឺថា ផ្លូវហោះហើរនេះមានលក្ខណទន្ទឹមគ្នា ប៉ុន្តែបញ្ច្រាសទិញគ្នា នៅក្នុងគម្លាតយ៉ាងជិតទៅនឹងយន្តហោះ EP-3E របស់អាមេរិក។
យន្តហោះស៊ើបការណ៍របស់អាមេរិក និងចិន តែងតែហោះចូលទៅកាន់តំបន់ ADIZ របស់តៃវ៉ាន់ នៅពេលបំពេញភារកិច្ច ប៉ុន្តែកន្លងមក សុទ្ធតែហោះហើរឆ្ងាយពីគ្នា និងមិនដែលហោះទន្ទឹមគ្នាក្នុងគម្លាតជិតយ៉ាងនេះ។
ក្រុមអ្នកតាមដានយល់ថា នេះអាចជាយុទ្ធសាស្ត្រថ្មីរបស់កងទ័ពអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden ក្នុងបំណងកំញើញដល់យន្តហោះចម្បាំងចិនដែលហោះកៀកកោះតៃវ៉ាន់។
ហេតុការណ៍នេះបានកើតឡើងស្របពេលដែលគោលនយោបាយរបស់ប្រធានាធិបតី Biden ជាមួយនឹងតៃវ៉ាន់ មិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែ រដ្ឋាភិបាលថ្មីរបស់អាមេរិក ទំនងជានឹងបន្តអនុវត្តវិធានការតឹងរ៉ឹងចំពោះចិន ដូចទៅនឹងរដ្ឋាភិបាលរបស់លោក Trump។
ប្រទេសចិន កាលពីដើមសប្ដាហ៍នេះបានបញ្ជូនយន្តហោះរាប់សិបគ្រឿង រួមមានយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង ហោះចូលមកក្បែរកោះតៃវ៉ាន់ ក្នុងអំឡុងពីរថ្ងៃជាប់ៗគ្នា ក្នុងគ្រាដែលក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt របស់អាមេរិក ធ្វើដំណើរចូលមកកាន់សមុទ្រចិនខាងត្បូង។
ប្រទេសចិនតែងតែចាត់ទុកថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលកំពុងរង់ចាំការបង្រួបបង្រួម។ ទីក្រុងប៉េកាំង បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះលើដែនអាកាសភាគខាងត្បូងរបស់តៃវ៉ាន់ជារៀងរាល់ថ្ងៃ នៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ ក្នុងសម័យប្រធានាធិបតី Donald Trump ទំនាក់ទំនងរវាងអាមេរិក ជាមួយនឹងតៃវ៉ាន់ កាន់តែកក់ក្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលទំនាក់ទំនងរវាងអាមេរិក-ចិន ឬចិន-តៃវ៉ាន់ តែងតែមានភាពតានតឹងខ្លាំងឡើង៕
ប្រភព៖ Taiwan News