ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រព័ន្ធតារាមួយដែលមានផ្កាយចំនួនដល់ទៅ 6 ដួង វិលជុំវិញគ្នា នៅក្នុងកាឡាក់ស៊ី Milky Way ដែលមានចម្ងាយប្រមាណ 2,000 ឆ្នាំពន្លឺពីផែនដី។
ទស្សនាវដ្ដី arXiv កាលពីថ្ងៃទី 12 មករា បានចុះផ្សាយថា ប្រព័ន្ធផ្កាយដែលមានឈ្មោះថា TIC 168789840 នេះ ត្រូវបានរកឃើញដោយទីភ្នាក់ងារអវកាសអាមេរិក (NASA) ដោយយោងទៅលើទិន្នន័យពី TESS ដែលជាផ្កាយរណបជំនាញខាងរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ។
ប្រព័ន្ធផ្កាយ TIC 168789840 នេះ មានព្រះអាទិត្យ ឬផ្កាយចំនួន 6 ដួង ដែលវិលជុំវិញគ្នា។ បើសិនជាគេពិនិត្យមើលដោយប្រើកែវយឹតធម្មតាពីផែនដី គេនឹងគ្រាន់តែឃើញថា ប្រព័ន្ធផ្កាយនេះ មានសភាពដូចទៅនឹងផ្កាយ 1 ដូងនៅលើមេឃតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយសារតែពន្លឺរបស់វាមានការប្រែប្រួលខុសធម្មតា ទើបក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់តេឡេស្កុបរបស់ផ្កាយរណប TESS ដើម្បីសង្កេតបន្ថែម ហើយក៏បានរកឃើញថា តាមពិត វាគឺជាប្រព័ន្ធផ្កាយមួយដែលមានព្រះអាទិត្យដោយឡែកចំនួន 6 ដួង។
NASA បានបកស្រាយថា ព្រះអាទិត្យចំនួន 6 ដួងរបស់ TIC 168789840 នេះ វិលជុំវិញគ្នានៅលើផ្ទៃដែលរាប់ស្មើដូចថាស និងចំហៀងរបស់វាបែរត្រង់មករកផែនដី ដូច្នេះ នៅពេលមានផ្កាយណាមួយក្នុងប្រព័ន្ធនេះ គោចរឆ្លងកាត់ពីមុខផ្កាយមួយទៀត នោះវានឹងបង្កើតបានជាបាតុភូតសូរ្យគ្រាស ធ្វើឱ្យពន្លឺរបស់ប្រព័ន្ធផ្កាយត្រូវថយចុះ។
TIC 168789840 មិនមែនជាប្រព័ន្ធផ្កាយដែលមានព្រះអាទិត្យចំនួន 6 តែមួយគត់ក្នុងកាឡាក់ស៊ី Milky Way នោះទេ តែវាស្រដៀងនឹងប្រព័ន្ធផ្កាយ Castor មានចម្ងាយ 51 ឆ្នាំពន្លឺពីផែនដី ដែលត្រូវបានរកឃើញកាលពីឆ្នាំ 1920។
ជាក់ស្ដែង ព័ន្ធផ្កាយនេះវិលជុំវិញគ្នាជាគូ ដោយក្នុងនោះ គូទីមួយ និងគូទីពីរ (ដូចទៅនឹង Castor A និង A) ភ្ជាប់ជាមួយគ្នាយ៉ាងម៉ត់ចត់ ហើយដើម្បីវិលបានមួយជុំលើគន្លងគោលពីរនេះ ផ្កាយមួយដួងស៊ីពេលអស់ 31 ម៉ោង ខណៈផ្កាយមួយដួងទៀតចំណាយអស់ 38 ម៉ោង។ ប្រព័ន្ធផ្កាយទាំងពីរគូនេះ ក៏វិលជុំវិញចំណុចកណ្ដាលរួមមួយដែលធំជាងគន្លងគោចរដោយឡែករបស់ពួកវា ដោយត្រូវចំណាយពេល 3.7 ឆ្នាំ ទើបគោចរបានមួយជុំ។
ចំណែកប្រព័ន្ធផ្កាយភ្លោះទីបី (ដូចទៅនឹង Castor C) ត្រូវចំណាយពេលអស់ 2,000 ឆ្នាំ ឬយូរជាងនេះ ទើបធ្វើដំណើរបានមួយជុំនៃគន្លងគោចរធំជាងគេរបស់ប្រព័ន្ធផ្កាយ TIC 168789840 នេះ។ ផ្កាយ 2 ដូងនៅក្នុងប្រព័ន្ធផ្កាយភ្លោះទីបីនេះ វិលជុំវិញគ្នាលើគន្លងគោចរដែលមានគោលរៀងៗខ្លួន និងត្រូវចំណាយពេល 129 ម៉ោងទើបវិលបានមួយជុំ។
យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រមិនបានយល់ច្បាស់អំពីប្រភព ឬវិធីចាប់កំណើតរបស់ប្រព័ន្ធផ្កាយ TIC 168789840 នេះនៅឡើយ៕
ប្រភព៖ Live Science