ទាហានរបស់កងទ័ពឥណ្ឌា និងចិន បន្តវាយតប់គ្នានៅតំបន់ព្រំដែនកំពុងមានជម្លោះ ស្ថិតនៅលើជួរភ្នំហិមពាន្ត (ហិមាល័យ/Himalaya) បណ្ដាលឱ្យទាហានពីរនាក់រងរបួស។
មន្ត្រីឥណ្ឌាថ្ងៃនេះបានឱ្យដឹងថា ករណីវាយតប់គ្នាថ្មីនេះបានកើតឡើងនៅក្នុងថ្ងៃទី 20 មករា នៅ Naku La រដ្ឋ Sikkim ខណៈដែលទាហានល្បាតមួយក្រុមរបស់ចិន ព្យាយាមដើរចូលក្នុងទឹកដីរបស់ឥណ្ឌា រួចក៏ត្រូវបង្ខំឱ្យចាកចេញទៅវិញ។ តំបន់ Naku La ស្ថិតនៅចន្លោះរដ្ឋ Sikkim របស់ឥណ្ឌា និងតំបន់ ទីបី (Tibet) របស់ចិន។
ក្រុមមន្ត្រីឥណ្ឌាបានបញ្ជាក់ថា ករណីវាយតប់គ្នានេះត្រូវបានដោះស្រាយរួចរាល់នៅក្នុងយប់ដដែលនោះ ខណៈដែលភាគីទាំងសងខាងសុទ្ធតែមានអ្នករងរបួស។
ចំណែកភាគីប្រទេសចិនវិញ មកដល់បច្ចុប្បន្នមិនទាន់មានការប្រតិកម្មអ្វីទៅនឹងព័ត៌មាននេះនៅឡើយ។
ជម្លោះដណ្ដើមទឹកដីរវាងឥណ្ឌា និងចិន បានអូសបន្លាយពេលអស់ 7 ទសវត្សរ៍មកហើយ។ ភាគីទាំងពីរធ្លាប់បានវាយប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេលខ្លីកាលពីឆ្នាំ 1962។
ក្រោយភាពតានតឹងនៅខ្ពង់រាប Doklam នាឆ្នាំ 2017 ស្ថានភាពនៅតំបន់មានជម្លោះក៏បានស្ងប់ស្ងាត់ ប៉ុន្តែ ភាពតានតឹងបានកើនឡើងខ្ពស់នាំឱ្យមានការវាយតប់គ្នាជាក្រុមកាលពីខែឧសភា ឆ្នាំ 2020។ មកដល់ខែមិថុនា ឆ្នាំ 2020 ក៏ស្រាប់តែមានករណីវាយតប់គ្នាទៀតរវាងទាហានចិន និងឥណ្ឌា នៅជ្រលងភ្នំ Galwan បណ្ដាលឱ្យទាហានឥណ្ឌា 20 នាក់បានស្លាប់ និងទាហានចិនជាច្រើននាក់ត្រូវស្លាប់ និងរងរបូស។ ក្រោយមកក៏មានករណីវាយតប់គ្នាទ្រង់ទ្រាយតូចកើតឡើងជាបន្តបន្ទាប់។
ការវាយតប់គ្នាជាច្រើនលើក បានធ្វើឱ្យមានបាតុកម្មប្រឆាំងនឹងផលិតផល និងកម្មវិធីទូរស័ព្ទរបស់ចិននៅឥណ្ឌាផងដែរ។ ទាំងចិន ទាំងឥណ្ឌា សុទ្ធតែកំពុងបង្កើនកម្លាំងទ័ពនៅក្បែរព្រំដែនរៀងៗខ្លួន ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ករណីមានសង្គ្រាម ឬការផ្ទុះអាវុធដាក់គ្នាកើតឡើង។
ភាគីទាំងពីរបានចរចាគ្នាជាច្រើនលើកដើម្បីដោះស្រាយបញ្ហានៅព្រំដែន ក្នុងនោះការចរចាកាលពីថ្ងៃទី 24 មករា បានជួយកាត់បន្ថយភាពតានតឹងបានមួយកម្រិត ប៉ុន្តែពុំទាន់មានការបញ្ចេញឱ្យដឹងអំពីលទ្ធផលជាក់លាក់នៃការជួបចរចានោះនៅឡើយ៕
ប្រភព៖ AFP