Banks United នៅ Florida ប្រកាសថា បានបិទគណនីរបស់លោក Trump ធ្វើឱ្យបញ្ជីនៃបណ្ដាធនាគារដែលបែរខ្នងដាក់អតីតប្រធានាធិបតីរូបនេះ កាន់តែវែងអន្លាយ ក្រោយពីមានអំពីហិង្សានៅ Capitol Hill។
«យើងពុំមានទំនាក់ទំនងអ្វីទៀតជាមួយនឹងគាត់» Banks United បានចេញសេចក្ដីក្រកាសកាលពីថ្ងៃទី 21 មករា ប៉ុន្តែមិនបានលើកឡើងអំពីមូលហេតុច្បាស់លាស់ដែលនាំឱ្យមានការបិទគណនីធនាគាររបស់លោក Trump នេះទេ។
Washington Post ឱ្យដឹងថា លោក Donald Trump ធ្លាប់បានប្រកាសថា លោកមានគណនីបញ្ញើប្រាក់ចំនួនពីរនៅធនាគារ Banks United ជាមួយនឹងប្រាក់ក្នុងគណនីប្រមាណ 5.1 លានដុល្លារ និង 25.2 លានដុល្លារ។
មុននេះមានធនាគារមួយផ្សេងទៀតនៅ Florida គឺ Professional Bank ក៏បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយនឹងលោក Trump ដោយអះអាងថា មិនធ្វើការជួញដូរអ្វីជាមួយនឹងអតីតប្រធានាធិបតីរូបនេះ ក៏ដូចជាបណ្ដាក្រុមហ៊ុនរបស់លោក។
ធនាគារ Signature Bank នៅទីក្រុង New York និងធនាគារ Deutsche Bank ក៏ធ្លាប់បានប្រកាស «បដិសេធធ្វើជំនួញលក្ខណបុគ្គលជាមួយនឹង Trump និងចរន្តប្រាក់របស់លោក»។ ក្រោយពីមានអំពើហិង្សានៅវិមានសភាអាមេរិកកាលពីថ្ងៃទី 6 មករា ធនាគារ Signature Bank បានអំពាវអំនាវឱ្យលោក Trump លាលែងពីតំណែង។ ធនាគារនេះក៏បានប្រកាសថា មិនធ្វើជំនួញជាមួយក្រុមតំណាងរាស្ត្រដែលបានចូលរួមប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅវិមានសភាទៀតផង
ចំណែកធនាគារ Deutsche Bank វិញ ត្រូវបានគេជឿថា កំពុងតែស្វែងរកវិធីដោះស្រាយចំពោះខ្ទង់ប្រាក់កម្ចីជាង 300 លានដុល្លាររបស់អតីតប្រធានាធិបតី Trump ដោយអាចបង្វែរសំណើរទៅកាន់ភាគីទីបី។ ខ្ទង់កម្ចីរបស់ Trump នៅធនាគារ Deutsche Bank គឺសម្រាប់ទីលានវាយកូនគោលមួយរបស់លោក នៅ Miami និងសណ្ឋាគារមួយចំនួននៅវ៉ាស៊ីងតោន និងទីក្រុង Chicago។
ក្រោយពីព្រឹត្តិការណ៍ហិង្សានៅ Capitol Hill ការរកស៊ីរបស់លោក Trump ហាក់កំពុងរង្គោះរង្គើខ្លាំងនៅពេលលោកត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយបាតុកម្មនេះ។ សមាគមកីឡាកូនគោល PGA និង R&A ក៏បានប្រកាសថានឹងផ្អាកប្រើប្រាស់ទីលានចំនួនពីរដែលជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតី Donald Trump ផងដែរ ក្រោយព្រឹត្តិការណ៍នៅ Capitol Hill៕
ប្រភព៖ Thehill