អណ្ដាតភ្លើងបានឆាបឆេះនៅក្នុងវិទ្យាស្ថានស្រាវជ្រាវមួយក្នុងរដ្ឋ Maharashtra ជាកន្លែងដែលកំពុងផលិតវ៉ាក់សាំង Covid-19 រាប់លានដូស បណ្ដាលឱ្យមនុស្ស 5 នាក់បានស្លាប់។
រូបភាពនៅលើកញ្ចក់ទូរទស្សន៍បង្ហាញថា ផ្សែងខ្មួលខ្មាញ់បាញ់ចេញពីអគារមួយនៃវិទ្យាស្ថាន Serum ផលិតវ៉ាក់សាំង នៅទីក្រុង Pune រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃទី 21 មករា។ អណ្ដាតភ្លើងបានឆាបឆេះនៅក្នុងទីតាំងដែលកំពុងសាងសង់លើផ្ទៃដីទំហំ 40 ហិកតា។
សេចក្ដីរាយការណ៍បានឱ្យដឹងថា តំបន់ដែលរងអគ្គិភ័យនេះ មានចម្ងាយពីទីតាំងផលិតវ៉ាក់សាំង Covid-19 ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បើធ្វើដំណើរតាមរថយន្ត។ មានអគារចំនួន 9 ដែលកំពុងត្រូវបានសាងសង់នៅក្នុងតំបន់ដែលមានអគ្គិភ័យ ដើម្បីបង្កើនផលិតភាពក្នុងការផលិតវ៉ាក់សាំង។
Murlidhar Mohol អភិបាលក្រុង Pune បានឱ្យដឹងថា «មនុស្ស 5 នាក់់បានបាត់បង់ជីវិត។ សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញបន្ទាប់ពីអគ្គិភ័យត្រូវបានគ្រប់គ្រង។
បច្ចុប្បន្ន គេមិនទាន់រកឃើញមូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យខាងលើនេះនៅឡើយ។
វិទ្យាស្ថាន Serum ឥណ្ឌា (SII) ជាទីតាំងផលិតវ៉ាក់សាំងធំជាងគេបង្អស់ក្នុងពិភពលោក កំពុងផលិតវ៉ាក់សាំង Covishield ប្រឆាំង Covid-19 រាប់លានដូស ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។ ភាគីក្រុមហ៊ុនបានអះអាងថា អគ្គិភ័យនេះមិនប៉ះពាល់ដល់ដំណើរការនៃការផលិតវ៉ាក់សាំងនោះទេ។
វិទ្យាស្ថាន Serum របស់ឥណ្ឌា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1966 ដោយលោក Cyrus Poonawalla។ វិទ្យាស្ថាននេះផលិតវ៉ាក់សាំងចំនួន 1.5 ពាន់លានដូសជារៀងរាល់ឆ្នាំ រួមមានវ៉ាក់សាំងប្រឆាំងជំងឺស្វិតដៃជើង រលាកថ្លើមប្រភេទ B ជំងឺកញ្ជ្រិល។ល។ វ៉ាក់សាំងរបស់ SII ត្រូវបាននាំចេញទៅកាន់ប្រទេសជាង 170 នៅទូទាំងពិភពលោក។
វិទ្យាស្ថានខាងលើក៏មានគម្រោងផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលស្ថិតក្នុងកម្មវិធី Covax ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីប្រមូលទិញ និងចែកចាយវ៉ាក់សាំង Covid-19 ទៅឱ្យបណ្ដាប្រទេសក្រីក្រផងដែរ៕
ប្រភព៖ AFP