សារព័ត៌មាន Washington Post បានចេញផ្សាយថា ការិយាល័យរាងពងក្រពើគឺជានិមិត្តរូបនៃអំណាចរបស់ប្រធានាធិបតីអាមេរិក។ នៅពេលក្លាយជាម្ចាស់សេតវិមាន ប្រធានាធិបតីនីមួយៗ តែងតែស្នើឱ្យមានការតុបតែងការិយាល័យនេះទៅតាមចំណូលចិត្តរបស់ខ្លួនដើម្បីបង្ហាញអំពីភាពដោយឡែក និងរបៀបនៃការដឹកនាំ។
សម្រាប់លោក Joe Biden វិញ លោកបានស្នើឱ្យដាក់តាំងរូបភាព និងរូបចម្លាក់នានារបស់បុគ្គលល្បីឈ្មោះជាច្រើនរូបរបស់សហរដ្ឋអាមេរិក នៅក្នុងការិយាល័យពងក្រពើ (Oval Office) នេះ។
អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍ជាងគេនៅក្នុងការិយាល័យនេះ នោះគឺរូបភាពទំហំធំរបស់ប្រធានាធិបតីទី 32 ឈ្មោះ Franklin Delano Roosevelt ដែលត្រូវបានដាក់តាំងនៅក្បែរតុ Resolute របស់ប្រធានាធិបតី។ Franklin Delano Roosevelt គឺជាប្រធានាធិបតីដែលបានជួយឱ្យសហរដ្ឋអាមេរក ឆ្លងផុតពីវិបត្តិដ៏ធំ ដែលដូចទៅនឹងឧបសគ្គដែលលោក Biden កំពុងជួបប្រទះ។
រូបថតមួយចំនួនត្រូវបានព្យួរជាគូ ដូចជា រូបថតរបស់ប្រធានាធិបតីទី 3 Thomas Jefferson និងរូបអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Alexander Hamilton ជាដើម ដែលជាបុគ្គលមិនសូវចុះសម្រុងនឹងគ្នា ដែលនេះបង្ហាញអំពីផលប្រយោជន៍ដែលបានមកពីការយល់ឃើញផ្ទុយគ្នា។ ការិយាល័យរបស់ប្រធានាធិបតី Biden ឱ្យដឹងថា ការដែលរូបថតត្រូវបានដាក់តាំងជាគូបែបនេះគឺដើម្បីបញ្ជាក់ និងសង្កត់ធ្ងន់ថា ភាពខុសគ្នានៅក្នុងការយល់ឃើញគឺជាប្រការដ៏ចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីរូបថតនានា ការិយាល័យពងក្រពើនេះក៏មានតាំងរូបចម្លាក់ពាក់កណ្ដាល់ខ្លួនជាច្រើនផងដែរ ក្នុងនោះក៏មានរូបចម្លាក់របស់ Martin Luther King និង Robert F. Kennedy ដែលត្រូវបានដាក់នៅក្បែរម៉ាស៊ីនកម្ដៅ។ លោក Biden តែងតែរំលឹកដល់បុគ្គលទាំងពីររូបនេះ នៅពេលលោកនិយាយដល់សិទ្ធិពលរដ្ឋ។
រូបភាពរបស់ Benjamin Franklin នៅក្នុងការិយាល័យនេះបង្ហាញអំពីការយកចិត្តទុកដាក់របស់លោក Biden នៅក្នុងការដើរតាមមាគ៌ាវិទ្យាសាស្ត្រ។ រូបភាពនេះត្រូវបានដាក់តាំងនៅក្បែរដុំថ្មរបស់ឋានព្រះចន្ទដែលស្ថិតនៅលើធ្នើរសៀវភៅ ក្នុងបំណងរំលឹកដល់ប្រជាជនអាមេរិកាំងអំពីមហិច្ឆតា និងសមិទ្ធផលរបស់មនុស្សជំនាន់មុន។
គ្រឿងសង្ហារិមក្នុងការិយាល័យប្រធានាធិបតី ត្រូវបានប្ដូរនៅក្នុងថ្ងៃចូលកាន់តំណែងដំបូងរបស់លោក Biden។ ទង់ជ័យរបស់កងទ័ពអាមេរិកដែលលោក Trump ដាក់តាំងនៅខាងក្រោយតុប្រធានាធិបតី ត្រូវបានដកចេញ និងជំនួសដោយទង់ជាតិអាមេរិក និងទង់ដែលមានរូបត្រាប្រធានាធិបតី។
រូបភាពរបស់ប្រធានាធិបតី Andrew Jackson ដែលលោក Trump បានតាំង ក៏ត្រូវបានយកចេញ។ លោក Trump និងលោក Jackson សុទ្ធតែជាអ្នកដើរតាមមាគ៌ាប្រជានិយម។ លោក Andrew Jackson គឺជាប្រធានាធិបតីដំបូងគេដែលត្រូវបានបោះឆ្នោតផ្ទាល់ ហើយលោកក៏ជាអ្នកដែលបានស្នើឱ្យលុបបំបាត់របបប្រតិភូតំណាងម្ចាស់ឆ្នោត (ប្រតិភូតំណាងម្ចាស់ឆ្នោតគឺជាក្រុមតំណាងរាស្ត្រដែលបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ បន្ទាប់ពីការបោះឆ្នោតពីពលរដ្ឋទូទៅ) ផងដែរ។
ក្នុងការិយាល័យពងក្រពើនេះ មានវត្ថុមួយដែលមិនត្រូវបានប្ដូរផ្លាស់ នោះគឺតុ Resolute របស់ប្រធានាធិបតី។ តុនេះសុទ្ធតែត្រូវបានប្រធានាធិបតីមុនៗប្រើប្រាស់ រួមទាំងលោក Trump ផងដែរ។
នៅលើតុនេះ ក្នុងថ្ងៃចូលធ្វើការដំបូង លោក Biden បានចុះហត្ថលេខាលើបទបញ្ជាចំនួន 15 ដើម្បីដោះស្រាយបញ្ហាបន្ទាន់មួយចំនួន ដូចជា បញ្ហា Covid-19 បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហារើសអើងពូជសាសន៍ រួមនឹងការលុបចោលគោលនយោបាយមួយចំនួនដែលត្រូវបានអតីតប្រធានាធិបតី Donald Trump ដាក់ចេញ៕
ប្រភព៖ Washington Post