នៅយប់ថ្ងៃទី 20 ខែមករា (នៅអាមេរិក) ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងឆ្មាំការពារជាតិសហរដ្ឋអាមេរិក បានធ្លាក់នៅពេលកំពុងបំពេញបេសកកម្មហ្វឹកហាត់តាមធម្មតារបស់ខ្លួននៅជាយក្រុង New York បណ្ដាលឱ្យទាហានចំនួន 3 នាក់បានស្លាប់។
CNN បានដឹកស្រង់ប្រភពព័ត៌មានពីការិយាល័យយោធា និងកងទ័ពជើងទឹកនៃរដ្ឋ New York ឱ្យដឹងថា ករណីគ្រោះធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងនៅក្នុងទីរួមស្រុក Mendon ដែលមានចម្ងាយប្រហែល 27 គីឡូម៉ែត្រទៅទិសខាងត្បូងនៃទីក្រុង Rochester។
យោងតាមអធិការដ្ឋាននគរបាលនៃតំបន់ Monroe ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់នេះគឺជាប្រភេទ UH-60 ប្រើប្រាស់សម្រាប់ជម្លៀសផ្នែកសុខាភិបាល។ UH-60 បានធ្លាក់ទៅលើវាលស្រែស្ងាត់មួយនៅវេលាម៉ោង 6 និង 32 នាទីល្ងាច ថ្ងៃទី 20 មករា។
ព័ត៌មានដែលទទួលបានពីការហៅទូរស័ព្ទមកកាន់លេខ 911 បានឱ្យដឹងថា មុនពេលធ្លាក់ ឧទ្ធម្ភាគចក្រនេះបានហោះក្នុងកម្ពស់ទាប និងមានរបាយការណ៍អំពីបញ្ហាម៉ាស៊ីនផងដែរ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រលប់ថ្ងៃទី 20 ខែមករា។
អធិការដ្ឋាននគរបាលខាងលើក៏បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ ប៉ូលិសថ្នាក់រដ្ឋ និងតំណាងកងទ័ព ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ឧទ្ធម្ភាគចក្រនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅពេលក្រុមអ្នកជួយសង្គ្រោះដំបូងបានទៅដល់។
បច្ចុប្បន្ន ផ្លូវដែលនៅក្បែរកន្លែងកើតហេតុ ត្រូវបានបិទការចេញចូលជាបណ្ដោះអាសន្ន ដើម្បីទុកឱ្យសមត្ថកិច្ចធ្វើការ។
Andrew Cuomo អភិបាលរដ្ឋ New York បានប្រកាសថា៖ «ក្រុមឆ្មាំការពារជាតិគឺជាក្រុមទាហានរបស់ប្រជាជន ជាក្រុមមនុស្សដែលស្ម័គ្រចិត្តបម្រើ និងការពារប្រទេសជាតិ។ ខ្ញុំជំនួសមុខឱ្យប្រជាជន New York សូមផ្ញើសេចក្ដីបួងសួង និងរំលែកទុក្ខដល់ក្រុមគ្រួសារសព អ្នកជាទីស្រលាញ់ និងមិត្តរួមក្រុមរបស់អ្នកក្លាហានដ៏គួរឱ្យគោរពទាំងនេះ ពួកគេគឺជាមនុស្សដែលយើងនឹងមិនបំភ្លេចចោលឡើយ»។
អភិបាលរដ្ឋខាងលើក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅលើអគារទាំងអស់របស់រដ្ឋ New York នៅថ្ងៃទី 21 ខែមករានេះ ដើម្បីគោរព និងផ្ដល់កិត្តិយសដល់ទាហានរងគ្រោះទាំងនេះ។
ការិយាល័យយោធា និងកងទ័ពជើងទឹករបស់រដ្ឋ New York បានបញ្ជាក់ថា ការណីគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់៕
ប្រភព៖ CNN