Skip to content

ប្រធានាធិបតី​អាមេរិក Joe Biden នឹង​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​ប្រទេស​មួយណា​ដំបូង​គេ​បង្អស់?

នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​លោក Joe Biden នៅក្នុងនាម​ជា​ប្រធានាធិបតី​ទី 46 របស់​សហរដ្ឋអាមេរិក។

ទូរទស្សន៍ CNN ដកស្រង់​សម្ដី​របស់​ជំនួយការ​ផ្នែក​សារព័ត៌មាន Jen Psaki កាលពី​ព្រលប់​ថ្ងៃទី 20 មករា (ម៉ោង​នៅ​អាមេរិក) បានឱ្យដឹងថា ប្រធានាធិបតី​អាមេរិក Joe Biden មាន​គម្រោង​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​នានា​នៃ​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃទី 22 មករា​ខាងមុខ ក្នុងនោះ នាយករដ្ឋមន្ត្រី​កាណាដា​មាន​អាទិភាព​មុនគេ។

លេខា​ផ្នែក​សារព័ត៌មាន​នៃ​សេត​វិមាន​ខាងលើ បាន​បង្ហើប​ឱ្យដឹងថា ខ្លឹមសារ​នៃ​ការហៅ​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​កាណាដា​នេះ នឹង​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​បទបញ្ជា​ដែល​លោក Biden បាន​ចុះហត្ថលេខា​បញ្ចប់​ការផ្ដល់​សិទ្ធិ​ទៅលើ​ផ្លូវ​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង Keystone XL។

មុននេះ នាយករដ្ឋមន្ត្រី​កាណាដា Trudeau បានឱ្យដឹងថា លោក​មានការ​ខកចិត្ត​ចំពោះ​បទបញ្ជា​ថ្មី​របស់លោក Biden ទាក់ទង​នឹង​ផ្លូវ​សម្រាប់​បំពង់​បង្ហូរ​ប្រេង​ដែលមាន​តម្លៃ 9 ពាន់​លាន​ដុល្លារ។ «ក្នុង​គ្រា​ដែល​យើង​អបអរ​ចំពោះ​ការដែល​ប្រធានាធិបតី Biden សន្យាថា​នឹង​ត្រលប់មក​ធ្វើសង្គ្រាម​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ យើង​ក៏មាន​ការខកចិត្ត នៅពេល​បានដឹងថា លោក​បានធ្វើ​ទៅតាម​ការ​សន្យា​កាលពីពេល​ឃោសនាបោះឆ្នោត អំពី​ផ្លូវ​បំពង់​បង្ហូរ​ប្រេង Keystone XL» នាយករដ្ឋមន្ត្រី​កាណាដា ថ្លែង​ដូច្នេះ។

នាយករដ្ឋមន្ត្រី​កាណាដា មាន​ការ​ខក​ចិត្ត​នឹង​លោក Biden ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​សម្រាប់​បំពង់​បង្ហូរ​ប្រេង

ត្រូវបាន​ចាប់ផ្ដើម​សាងសង់​កាលពី​ឆ្នាំ 2018 Keystone XL គឺជា​ប្រព័ន្ធ​ផ្លូវ​នៃ​បំពង់​បង្ហូរ​ប្រេង​ឆៅ​ពី​បណ្ដា​អណ្ដូងរ៉ែ​ប្រេង​នានា​នៅក្នុង​ខេត្ត Alberta (កាណាដា) ទៅកាន់​រោងចក្រ​ចម្រាញ់​ប្រេង​នានា​នៅក្នុង​រដ្ឋតូចៗជាច្រើន​នៅ​សហរដ្ឋអាមេរិក។ គម្រោង​នេះ​ធ្លាប់ជា​បញ្ហា​ចម្រូងចម្រាស​នៅក្នុង​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ជាច្រើន​ជំនាន់ ព្រមទាំង​ត្រូវបាន​ជំទាស់​ដោយ​ក្រុម​អ្នកការពារ​បរិស្ថាន​ផងដែរ។

នៅក្នុង​សន្និសីទ​កាលពី​ព្រលប់​ថ្ងៃទី 20 មករា លេខា​ផ្នែក​សារព័ត៌មាន Psaki បានឱ្យដឹង​ដែរ​ថា ប្រធានាធិបតី Biden មិនទាន់មាន​គម្រោង​ទូរស័ព្ទ​ទៅកាន់​អតីត​ប្រធានាធិបតី Donald Trump ក៏ដូចជា​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅឡើយ៕

ប្រភព៖ CNN, Thestar

Leave a Reply

Your email address will not be published. Required fields are marked *