នៅវេលាថ្ងៃត្រង់ ទី 20 មករា (កណ្ដាលយប់នៅកម្ពុជា) លោក Joe Biden បានក្លាយជាប្រធានាធិបតីអាមេរិកទី 46 ជាផ្លូវការ បន្ទាប់ពីបានស្បថចូលកាន់តំណែង ខណៈលោកស្រី Kamala Harris ក៏ក្លាយជាស្ត្រីអនុប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិក។
នៅវេលាម៉ោង 11 និង 40 នាទី ថ្ងៃទី 20 មករា នៅភ្នំ Capitol ជាកន្លែងដែលមានវិមានសភាអាមេរិក លោកស្រី Kamala Harris បានចាប់ផ្ដើមការឡើងស្បថចូលកាន់តំណែងជាអនុប្រធានាធិបតី នៅចំពោះមុខការចាត់ចែងរបស់ចៅក្រមតុលាការកំពូល Sonia Sotomayor។ លោកស្រី Harris បានក្លាយជាស្ត្រីអនុប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិក និងជាជនជាតិអាស៊ីដំបូងដែលបានកាន់កាប់តំណែងនេះ។
បន្ទាប់ពីលោកស្រី Harris បានបញ្ចប់ពិធីរបស់ខ្លួន លោក Joe Biden ក៏បានឡើងស្បថចូលកាន់តំណែង ក្រោមការដឹកនាំពិធីរបស់ប្រធានចៅក្រមតុលាការកំពូល John Roberts និងបានក្លាយជាប្រធានាធិបតីទី 46 របស់សហរដ្ឋអាមេរិកជាផ្លូវការ។
នៅក្នុងពិធីស្បថចូលកាន់តំណែង លោក Biden បានថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃរបស់សហរដ្ឋអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ ថ្ងៃនៃប្រវត្តិសាស្ត្រនិងក្ដីសង្ឃឹម ថ្ងៃនៃការផ្លាស់ប្ដូរនិងការប្ដេជ្ញាចិត្ត។ សហរដ្ឋអាមេរិកបានប្រឈមមុខនឹងឧបសគ្គថ្មី និងបានក្រោកឈរដើម្បីតតាំងនឹងឧបសគ្គទាំងនោះ»។
លោក Biden សង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើងអបអរជ័យជំនះ ប៉ុន្តែមិនមែនជាជ័យជំនះរបស់បេក្ខភាពម្នាក់ ប៉ុន្តែជាជ័យជំនះរបស់ខឿនប្រជាធិបតេយ្យទាំងមូល។
លោក Biden ក៏បានអំពាវនាវឱ្យមានការសាមគ្គី ស្ដារ និងផ្សះផ្សាជាតិ។ ទាក់ទងនឹងបញ្ហាអន្តរជាតិ ប្រធានាធិបតីថ្មី បានសន្យាថានឹងស្ដារឡើងវិញនូវ «ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងចូលរួមធ្វើកិច្ចការពិភពលោកជាថ្មីម្ដងទៀត»។ ប្រធានាធិបតីថ្មីនេះក៏បានប្រកាសថានឹងកែប្រែគោលនយោបាយឯកោនិយមរបស់អតីតប្រធានាធិបតី Trump ផងដែរ។
ពិធីស្បថចូលកាន់តំណែងត្រូវបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីជាងពីរខែមុន ពោលគឺនៅថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2020 ក្នុងនោះ លោក Joe Biden ដណ្ដើមបានជ័យជំនះ ដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន 306 សំឡេងពីតំណាងម្ចាស់ឆ្នោត ខណៈលោក Trump ទទួលបាន 232 សំឡេង។
ព្រឹត្តិការណ៍នេះ ត្រូវបានពលរដ្ឋទូទាំងសហរដ្ឋអាមេរិកទន្ទឹងរង់ចាំ ប៉ុន្តែទំហំនៃពិធីនេះត្រូវបានកាត់បន្ថយ ដោយសារតែឥទ្ធិពលរបស់ Covid-19។ ទន្ទឹមនឹងនេះ បញ្ហាសន្តិសុខក៏ត្រូវបានរឹតបន្តឹងជាពិសេស ដោយសារមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្រុមមន្ត្រី ក្រោយពីមានបាតុកម្មហិង្សានៅវិមានសភាជាតិកាលពីថ្ងៃទី 6 មករា ឆ្នាំ 2021៕
ប្រភព៖ Guardian