Trump និង Biden នឹងកាន់កាប់វ៉ាលីគ្រាប់បែកនុយក្លែចំនួនពីរផ្សេងគ្នា និងមានលេខកូដសម្រាប់ធ្វើសកម្មភាពដោយឡែក ក្នុងនោះ លេខកូដរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងដំណើរការនៅវេលាម៉ោង 12 ថ្ងៃទី 20 មករា ស្របពេលដែលលេខកូដរបស់លោក Trump ត្រូវអស់សុពលភាព។
ការដែលប្រធានាធិបតីអាមេរិក Donald Trump មិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden នឹងមិនប៉ះពាល់ដល់ពិធីនេះ ប៉ុន្តែនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងកាលៈទេសៈនេះ នោះគឺដំណើរការនៃការផ្ទេរ «គ្រាប់បាល់នុយក្លេអែ/nuclear football» ជាពាក្យដែលត្រូវបានប្រើសំដៅលើវ៉ាលីដែលមានផ្ទុកលេខកូដសម្រាប់ការចេញបញ្ជាឱ្យវាយប្រហារដោយគ្រាប់បែកនុយក្លេអែរ ដែលតែងតែត្រូវបានយកទៅតាមប្រធានាធិបតីអាមេរិក។
យោងតាមគោលការណ៍ វ៉ាលីពណ៌ខ្មៅនេះនឹងត្រូវបានជំនួយការផ្នែកយោធាម្នាក់ យកតាមខ្លួនដើម្បីអមដំណើរប្រធានាធិបតីនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា រហូតដល់ប្រធានាធិបតីត្រូវផុតអាណត្តិនៅម៉ោង 12 ថ្ងៃត្រង់នៃថ្ងៃទី 20 មករា (ម៉ោងនៅអាមេរិក)។ ប្រការនេះមានន័យថា ជំនួយការយោធារួមនឹងវ៉ាលីនុយក្លេអែរនឹងត្រូវឡើងយន្តហោះរបស់កងទ័ព នាំលោក Trump ចាកចេញពីរដ្ឋធានីវ៉ាស៊ីងតោន ទៅកាន់ Florida នៅព្រឹកថ្ងៃទី 20 មករា ខណៈដែលលោក Biden មិនទាន់ដល់ពេលឡើងកាន់អំណាច។
កន្លងមក នៅក្នុងពិធីស្បថចូលកាន់តំណែង អ្នកជំនួយការជាន់ខ្ពស់ផ្នែកយោធា នឹងនាំយកវ៉ាលីនុយក្លេអែរទៅតាមប្រធានាធិបតីជិតផុតអាណត្តិ ដើម្បីប្រគល់អំណាចនេះជូនប្រធានាធិបតីថ្មី នៅក្នុងអគារសភាជាតិនាទីក្រុងវ៉ាស៊ីងតោន។
ដំណើរការនៃផ្ទេរវ៉ាលីនុយក្លេអែរដែល «មិនមានចន្លោះប្រហោង» នេះគឺដើម្បីទប់ស្កាត់មិនឱ្យសត្រូវរបស់សហរដ្ឋអាមេរិក ឆ្លៀតយកឱកាសដ៏រសើបនេះ ធ្វើការវាយប្រហារដោយគ្រាប់បែកនុយក្លេអែរប្រឆាំងនឹងអាមេរិក។
ច្បាប់រដ្ឋធម្មនុញអាមេរិកបានប្រគល់សិទ្ធិទាំងស្រុងក្នុងការប្រើប្រាស់គ្រាប់បែកនុយក្លេអែរ ទៅឱ្យប្រធានាធិបតី ដែលនេះក៏ជាពេលដែលវ៉ាលីនុយក្លេអែរត្រូវបានចាប់កំណើតដើម្បីធានាឱ្យបានប្រាកដថា អគ្គបញ្ជាការដ្ឋាននៃកងទ័ពសហរដ្ឋអាមេរិកអាចអនុវត្តទៅតាមការបញ្ជារបស់ប្រធានាធិបតីបានគ្រប់ពេល និងគ្រប់កាលៈទេសៈ។
ការដែលលោក Trump មិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Biden នឹងនាំឱ្យសិទ្ធិប្រើប្រាស់អាវុធនុយក្លេអែរត្រូវផ្ទេរពីចម្ងាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនេះក៏ត្រូវការកិច្ចសហការយ៉ាងម៉ត់ចត់របស់ប្រព័ន្ធយោធា ទាក់ទងនឹង «គ្រាប់បាល់នុយក្លេអែរ» ក៏ដូចជាប្រព័ន្ធបញ្ជាក់អំពីបទបញ្ជាប្រើប្រាស់គ្រាប់បែកនុយក្លេអែរ មានរហ័សនាមថា «នំខូឃីស» ដែលមាននៅក្នុងវ៉ាលីទាំងពីរ។
Scott Sagan ជាសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ Stanford និង Stephen Schwartz អ្នកស្រាវជ្រាវប្រចាំសារព័ត៌មាន BAS នៅសហរដ្ឋអាមេរិក យល់ថា ការដែល Trump មិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Biden នឹងធ្វើឱ្យបញ្ហាមិនចាំបាច់មួយចំនួនកើតឡើង ហើយថានឹងមានការលំបាកច្រើនធៀបនឹងឆ្នាំមុន។ ប៉ុន្តែ អ្នកវិភាគខាងលើបានបញ្ជាក់ថា កងទ័ពអាមេរិកនៅតែមានវិធានការបម្រុងដើម្បីធានាថា ដំណើរការនៃការប្រគល់អំណាចប្រព្រឹត្តិដោយរលូន និងសុវត្ថិភាពបើទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
Schwartz បានឱ្យដឹងថា៖ «មានគ្រាប់បាល់នុយក្លេអែរដូចគ្នាយ៉ាងតិចចាប់ពី 3-4 គ្រាប់។ 1 គ្រាប់តែងតែធ្វើដំណើរតាមប្រធានាធិបតី 1 គ្រាប់ទៀតសម្រាប់អនុប្រធានាធិបតី ចំណែក 1 គ្រាប់ផ្សេងទៀតគឺសម្រាប់អ្នកដែលនៅរស់រានមានជីវិតនៅក្នុងព្រឹត្តិការណ៍ធំៗដូចជា ពិធីទទួលតំណែងប្រធានាធិបតី ឬអ្នកអានសាររបស់ជាតិ»។ អ្នកវិភាគរូបនេះបន្ថែមថា ស្ថានភាពឆ្នាំនេះអាចបង្ខំឱ្យការិយាល័យយោធារបស់សេតវិមាន ត្រូវត្រៀមវ៉ាលីនុយក្លេអែរបម្រុងមួយទៀតសម្រាប់លោក Biden។
នៅក្នុងវ៉ាលីនុយក្លេអែរនេះ មិនមានគ្រាប់ចុច ឬលេខកូដដើម្បីឱ្យប្រធានាធិបតីអាចបញ្ជាឱ្យធ្វើការវាយប្រហារដោយគ្រាប់បែកនុយក្លេអែរបានភ្លាមៗនោះទេ។ ក្នុងវ៉ាលីនេះមានទូរស័ព្ទមួយគ្រឿង កាត «នំខូឃីស» មួយបន្ទះដែលមានផ្ទុកលេខកូដសម្ងាត់ដែលអនុញ្ញាតឱ្យប្រធានាធិបតីចេញបញ្ជាឱ្យវាយប្រហារដោយអាវុធនុយក្លេអែរ និងបញ្ជីឈ្មោះគោលដៅដែលបានជ្រើសរើសពីមុនជាស្រេច។
Schwartz បញ្ជាក់ថា៖ «Trump នៅតែជាប្រធានាធិបតីអាមេរិករហូតដល់ម៉ោង 11 59នាទី និង 59 វិនាទី ថ្ងៃទី 20 ខែមករានេះ។ Trump ជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិចេញបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអែររបស់សហរដ្ឋអាមេរិក គិតត្រឹមអំឡុងពេលខាងលើ។ បើសិនជាជំនួយការផ្នែកយោធា នាំវ៉ាលីនុយក្លេអែរនេះអមដំណើរ Trump ទៅកាន់ Florida នោះជំនួយការរូបនេះនឹងត្រូវចាកចេញពី Trump នៅវេលាថ្ងៃត្រង់ និងនាំយកវ៉ាលីនោះមកកាន់វ៉ាស៊ីងតោន»។
នៅម៉ោង 12 ថ្ងៃទី 20 មករា Trump នឹងលែងមានសិទ្ធិក្នុងការធ្វើសង្គ្រាមនុយក្លេអែរ ហើយវ៉ាលីនុយក្លេអែរដែលអមដំណើរលោកក៏នឹងត្រូវអស់សុពលភាព។ ក្នុងករណី Trump ចេញបញ្ជាឱ្យវាយប្រហារដោយអាវុធនុយក្លេអែរនៅវេលាលើសពីម៉ោង 12 នោះបទបញ្ជានេះនឹងត្រូវបានចាត់ទុកថាខុសច្បាប់ ហើយក្រុមមន្ត្រីគ្រប់គ្រងអាវុធនុយក្លេអែរនឹងបដិសេធបទបញ្ជានេះ។
លោក Biden ទំនងជានឹងបានទទួល «នំខូឃីស» នៅព្រឹកថ្ងៃទី 20 មករា (ម៉ោងនៅអាមេរិក) ក្នុងគ្រាដែលលោក និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris មានកិច្ចប្រជុំសម្ងាត់មួយដើម្បីទទួលការណែនាំអំពីវិធីប្រើប្រាស់វ៉ាលីនុយក្លេអែរ។ ក៏ប៉ុន្តែ ប្រព័ន្ធលេខកូដសម្ងាត់របស់លោក Biden នឹងមិនទាន់មានសុពលភាពនៅឡើយ រហូតដល់ម៉ោង 12 និង 00 នាទី ក្នុងអំឡុងពេលដែលលេខកូដរបស់លោក Trump អស់សុពលភាព៕
ប្រភព៖ CNN