លោក Joe Biden យំនៅពេលកំពុងថ្លែងសារលាស្រុកកំណើតនៅក្នុងរដ្ឋ Delaware ខណៈនិយាយពាក្យអរគុណដល់ពលរដ្ឋក្នុងតំបន់ និងរំលឹកដល់កូនប្រុស Beau ដែលបានបាត់បង់ជីវិតកាលពីឆ្នាំ 2015។
«សូមអភ័យទោសចំពោះការរំជួលចិត្តនេះ ប៉ុន្តែនៅពេលខ្ញុំស្លាប់ Delaware នឹងត្រូវឆ្លាក់ជាប់ក្នុងបេះដូងរបស់ខ្ញុំ ក៏ដូចជាបេះដូងរបស់គ្រប់គ្នា។ យើងស្រលាញ់គ្រប់គ្នា។ គ្រប់គ្នាបាននៅទីនោះដើម្បីយើងខ្ញុំ បើទោះជាដោយរលូន ឬដោយឧបសគ្គ មិនដែលបែរខ្នងដាក់សោះឡើយ។ ខ្ញុំពិតជាមានមោទកភាពជាកូនម្នាក់របស់ Delaware» ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Joe Biden ថ្លែងនៅក្នុងព្រឹត្តិការណ៍លាគ្នានៅក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី 19 មករា មុនពេលធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីងតោន។
«ខ្ញុំក៏កាន់តែមានមោទកភាពនៅពេលបានឈរនៅទីនេះ និងធ្វើដូច្នេះនៅទីកន្លែងដែលមានឈ្មោះ វរសេនីយត្រី Beau Biden។ ខ្ញុំមានការសោកស្ដាយតែម្យ៉ាងគត់នោះគឺ Beau មិននៅទីនេះ ព្រោះថា យើងគួរតែជ្រើសតាំងគាត់ឱ្យធ្វើជាប្រធានាធិបតី» លោក Joe Biden និយាយបណ្ដើរយំបណ្ដើរ ពេលរំលឹកដល់កូនប្រុសរបស់គាត់។ ទីកន្លែងដែលលោក Joe Biden ថ្លែងការណ៍គឺជាមជ្ឈមណ្ឌលកម្លាំងប្រដាប់អាវុធបម្រុងវរសេនីយត្រី Joesph R. (Beau) Biden III ដែលត្រូវបានដាក់ឈ្មោះទៅតាមកូនប្រុសម្នាក់របស់លោក Joe Biden ដែលធ្លាប់ធ្វើជាអគ្គរដ្ឋអាជ្ញានៃរដ្ឋ Delaware ដែលបានស្លាប់កាលពីឆ្នាំ 2015 ដោយសារមហារីកខួរក្បាល។
Biden ចាកចេញពីរដ្ឋ Delaware មកកាន់រដ្ឋធានីវ៉ាស៊ីងតោនជាមួយនឹងភរិយា Jill Biden។ ពួកគេនឹងសម្រាកនៅក្នុងអគារ Blair ដែលជាទីសម្រាប់ទទួលមេដឹកនាំបណ្ដាប្រទេស និងភ្ញៀវសំខាន់ៗ និងមានទីតាំងស្ថិតនៅទល់មុខសេតវិមាន៕
ប្រភព៖ NBC News