នៅក្នុងសារលាសេតវិមាន លោក Trump បានអំពាវនាវឱ្យពលរដ្ឋអាមេរិកាំង «ចាកចេញផុតពីការចងគំនុំរវាងបក្សនឹងបក្ស» រួមនឹងការកោតសរសើរចំពោះសមិទ្ធផលក្រោមការដឹកនាំរបស់លោក ក៏ដូចជាជូនពរដល់រដ្ឋាភិបាលថ្មីជួបសំណាងល្អ។
«បានបម្រើការងារក្នុងនាមជាប្រធានាធិបតីរបស់គ្រប់គ្នាគឺជាកិត្តិយសដែលមិនអាចអធិប្បាយបាន។ សូមអរគុណគ្រប់គ្នាចំពោះឧបការគុណដ៏ពិសេសនេះ» ប្រធានាធិបតី Donald Trump បានថ្លែងនៅក្នុងវីដេអូមួយមានថេរវេលាជិត 20 នាទី ដែលត្រូវបានសេតវិមានចេញផ្សាយកាលពីថ្ងៃទី 19 មករា។
លោក Trump ក៏មិនភ្លេចកោតសរសើរចំពោះកិច្ចខិតខំក្នុងការកាត់បន្ថយពន្ធ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគោលនយោបាយសេដ្ឋកិច្ចក្រៅប្រទេសរបស់រដ្ឋាភិបាលលោក ជាមួយនឹងការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ស្ថានភាពទីផ្សារមូលបត្រ និងការដែលវ៉ាក់សាំង Covid-19 ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។
«ពួកគេបានហៅប្រការនេះថាជាមន្តអាគមផ្នែកវេជ្ជសាស្ត្រ។ រដ្ឋាភិបាលដទៃនឹងត្រូវចំណាយពេល 3 ឆ្នាំ, 4 ឆ្នាំ, 5 ឆ្នាំ ឬ 10 ឆ្នាំ ដើម្បីអភិវឌ្ឍវ៉ាក់សាំងមួយប្រភេទ ប៉ុន្តែយើងបានធ្វើវាក្នុងរយៈពេលត្រឹមតែ 9 ខែប៉ុណ្ណោះ» លោក Trump បានឱ្យដឹងដូច្នេះ និងថែមទាំងបានវាយតម្លៃខ្ពស់ទៅលើការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចនៅក្នុងវិបត្តិសុខភាព និងធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែនភាគខាងត្បូងផងដែរ។
លោក Trump បន្តថា៖ «នៅពេលខ្ញុំត្រៀមប្រគល់អំណាចជូនដល់រដ្ឋាភិបាលថ្មីនៅថ្ងៃត្រង់ ទី 20 មករា ខ្ញុំចង់ប្រាប់គ្រប់គ្នាថា ចលនារបស់យើងទើបតែបានចាប់ផ្ដើមដំណើរការប៉ុណ្ណោះ»។
«ខ្ញុំមានមោទកភាពជាខ្លាំងដោយសារជាប្រធានាធិបតីដំបូងក្នុងអំឡុងជាច្រើនទសវត្សរ៍ដែលមិនបានបញ្ឆេះសង្គ្រាមណាមួយ។ យើងបានបញ្ជាក់ជាថ្មីថា នៅសហរដ្ឋអាមេរិក រដ្ឋាភិបាលបានឆ្លើយតបនឹងការចង់បានរបស់ពលរដ្ឋ» លោក Trump បន្ថែម។
ប្រធានាធិបតី Trump ឱ្យដឹងថា៖ «សប្ដាហ៍នេះ រដ្ឋាភិបាលថ្មីមួយនឹងចូលកាន់អំណាច ហើយយើងបួងសួងឱ្យពួកគេទទួលបានជោគជ័យក្នុងការរក្សាទឹកដីអាមេរិកឱ្យនៅមានសុវត្ថិភាព និងរីកចម្រើន។ យើងសូមផ្ញើពាក្យជូនពរបវរប្រសើរបំផុត និងប្រាថ្នាឱ្យពួកគេជួបសំណាងល្អ ដែលជាប្រការមួយដ៏មានសារសំខាន់»។
លោក Trump កន្លងមកបានប្រកាសថា នឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Biden នៅថ្ងៃទី 20 មករានេះ។ លោក Trump មានគម្រោងចូលរួមពិធីលាគ្នាជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានទ័ពអាកាស Andrews នាព្រឹកថ្ងៃទី 20 មករា មុនពេលឡើងយន្តហោះត្រលប់ទៅកាន់ Florida ក្នុងគ្រាប្រធានាធិបតីជាប់ឆ្នោត Joe Biden ស្បថចូលកាន់តំណែង។
នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃអាណត្តិរបស់លោក Trump លោកស្រី Melania Trump ក៏បានថ្លែងសារលាសេតវិមានផងដែរ។
ពិធីស្បថចូលកាន់តំណែងរបស់លោក Biden នឹងមានការចូលរួមពីក្រុមមន្ត្រីក្នុងចំនួនតិចបំផុត រាប់ចាប់ពីឆ្នាំ 1945 ពោលគឺប្រមាណជា 1,000 នាក់ប៉ុណ្ណោះ។ ប្រការនេះគឺដោយសារអាជ្ញាធរកាត់បន្ថយទំហំនៃព្រឹត្តិការណ៍ ដោយសារឥទ្ធិពលរបស់ Covid-19។
ប្រភព៖ Fox News, Reuters