កប៉ាល់នេសាទមួយគ្រឿងរបស់វៀតណាមដែលកំពុងធ្វើដំណើរត្រលប់ចូលដីគោក ស្រាប់តែត្រូវរលកសមុទ្រវាយពន្លិចនៅតំបន់សមុទ្រក្បែរកោះ Con Dao (កោះត្រឡាច) បណ្ដាលឱ្យអ្នកនេសាទ 13 នាក់រងគ្រោះ ក្នុងនោះមាន 6 នាក់ត្រូវបានជួយសង្គ្រោះ និង 7 នាក់កំពុងបាត់ខ្លួន។
កាលពីថ្ងៃទី 19 មករា អាជ្ញាធរស្រុក Con Dao បានឱ្យដឹងថា នៅព្រឹកម្សិលមិញ កប៉ាល់នេសាទរបស់ខេត្ត Ben Tre មួយគ្រឿងដែលមានមនុស្ស 13 នាក់ បានធ្វើដំណើរត្រលប់ចូលមកកាន់ដីគោក បន្ទាប់ពីចំណាយពេលច្រើនថ្ងៃលើផ្ទៃសមុទ្រដើម្បីនេសាទ។ នៅពេលមកដល់តំបន់សមុទ្រដែលមានចម្ងាយ 95 គីឡូម៉ែត្រពីកោះ Con Dao ក៏ស្រាប់តែត្រូវរលកសមុទ្របោកពន្លិច។
អ្នកនេសាទ 3 នាក់ដែលកំពុងអណ្ដែតលើផ្ទៃសមុទ្រ ត្រូវបានជួយសង្គ្រោះដោយកប៉ាល់មួយគ្រឿងដែលកំពុងនេសាទនៅក្បែរនេះ និងបានរាយការណ៍ដល់សមត្ថកិច្ច។
រាប់ចាប់ពីពេលរងគ្រោះ រហូតដល់ថ្ងៃត្រង់នេះ អ្នកនេសាទរងគ្រោះចំនួន 6 នាក់ហើយដែលត្រូវបានសង្គ្រោះទាន់ពេល ខណៈ 7 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
លោក Nguyen Anh Nhut អភិបាលរងស្រុក Con Dao ឱ្យដឹងថា៖ «តំបន់កប៉ាល់លិចមានរលកសមុទ្រធំៗ ធ្វើឱ្យបេសកកម្មស្វែងរកជនរងគ្រោះត្រូវជួបការលំបាក»។
លោក Chin Lien ម្ចាស់កប៉ាល់នេសាទរងគ្រោះខាងលើ បញ្ជាក់ថា កប៉ាល់ 900 CV របស់គាត់បានចេញពីកំពង់ផែកាលពី 6 ខែមុន ដែលពេលនោះមានអ្នកនេសាទចំនួន 15 នាក់ ប៉ុន្តែ នៅពេលកំពុងធ្វើដំណើរត្រលប់មកវិញ មានអ្នកនេសាទ 2 នាក់បានឡើងកប៉ាល់ផ្សេង។ នៅលើកប៉ាល់រងគ្រោះនេះ ក៏មានត្រីសមុទ្រប្រហែល 10 តោនផងដែរ៕
ប្រភព៖ Vnexpress