នៅក្នុងសៀវភៅនិយាយអំពីសមិទ្ធផលនេះ ក៏មានការសង្កត់ធ្ងន់ទៅលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដែលត្រូវបានគេចាត់ទុកថាមិនធ្លាប់មាននៅសហរដ្ឋអាមេរិក មុន Covid-19 មកដល់ នៅក្រោមការដឹកនាំរបស់លោក Donald Trump។
ថ្មីៗនេះ សេតវិមានបានឧទ្ទេសនាមសៀវភៅមួយក្បាលដែលជាបញ្ជីកត់ត្រានូវសមិទ្ធផលសំខាន់ៗចំនួន 603 ប្រការដែលប្រធានាធិបតីអាមេរិក Donald Trump សម្រេចបាននៅក្នុងអាណត្តិរបស់ខ្លួន ខណៈដែលពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden។
ភាគច្រើននៃសមិទ្ធផលនេះមានជាប់ទាក់ទងនឹងការសន្យារបស់លោក Trump ដែលត្រូវបានធ្វើឡើងកាលពីពេលកំពុងឃោសនារកសំឡេងឆ្នោតនាំឆ្នាំ 2016។ ក្រុមមន្ត្រីសេតវិមានអះអាងថា បញ្ជីឈ្មោះនៃសមិទ្ធផលនេះគឺជាកេរដំណែលចម្បងដែលប្រធានាធិបតី Trump បានបន្សល់ទុក។
ក្នុងសៀវភៅនេះក៏មានការរាប់បញ្ចូលទាំងបញ្ហាអន្តោប្រវេសន៍ ពន្ធដារ សន្តិភាពនៅមជ្ឈឹមបូព៌ា រួមនឹងបញ្ហាសេដ្ឋកិច្ចជាដើម។ សម្រាប់បញ្ហាសេដ្ឋកិច្ច ត្រូវបានគេលើកឡើងថា មានការរីកចម្រើនខ្លាំងនៅក្នុងអាណត្តិរបស់លោក Trump មុនពេលវីរុស Covid-19 រាតត្បាតសហរដ្ឋអាមេរិក ក្នុងនោះ មានការងារថ្មីចំនួន 7 លានតំណែងត្រូវបង្កើតឡើង ខ្ពស់ជាងបីដងបើធៀបនឹងការព្យាករ ព្រមទាំងបានជួយឱ្យអត្រាគ្មានការងារធ្វើថយចុះមកទាបបំផុតក្នុងអំឡុងកន្លះសតវត្សរ៍មកនេះ។
ស្ថិតិខាងលើក៏បានលើកសរសើរចំពោះការដែលប្រធានាធិបតី Trump បានជួយជំរុញឱ្យទីផ្សារមូលបត្រនៅសហរដ្ឋអាមេរិក ហក់ឡើងដល់កម្រិតកំពូលថ្មីជាបន្តបន្ទាប់។
សៀវភៅខាងលើត្រូវបានសេតវិមានប្រកាសជាផ្លូវការ នៅមុនពេលប្រធានាធិបតី Donald Trump ត្រូវចាកចេញពីតំណែងនាប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ នេះគឺជាកាលៈទេសៈដែលប្រកបដោយភាពរសើប នៅពេលលោក Trump កំពុងត្រូវបានសភាជាន់ទាបចោទប្រកាន់ទោសជាលើកទីពីរ ក្រោយពីមានព្រឹត្តិការណ៍ហិង្សានៅវិមានសភាកាលពីថ្ងៃទី 6 ខែមករា ខណៈដែលប្រធានាធិបតីជាប់ឆ្នោតបន្ទាប់ Joe Biden នឹងស្បថចូលកាន់អំណាចនៅថ្ងៃទី 20 មករាស្អែកនេះ៕
ប្រភព៖ MSN