Skip to content

អាមេរិក​បិទ Capitol Hill ព្រោះ​មាន​អគ្គិភ័យ​នៅ​ទីប្រជុំជន​ក្បែរ​វិមាន​សភាជាតិ

តំបន់ Capitol Hill ត្រូវបាន​បិទ​នៅក្នុង​គ្រា​ដែល​ការហាត់​សមជា​លើកចុងក្រោយ​សម្រាប់​សម្ដែង​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Joe Biden ដោយសារ​តែមាន​អគ្គិភ័យ​កើតឡើង​ក្នុង​តំបន់​ប្រជុំជន​ដែល​នៅក្បែរនោះ បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​សន្តិសុខ។

ក្រុមមន្ត្រី​អាមេរិក​កាលពី​ថ្ងៃទី 18 មករា បានធ្វើ​ការហាត់​ស៊ាំ​ចុងក្រោយ​សម្រាប់​អបអរ​ក្នុង​ពិធី​ឡើងកាន់តំណែង​ប្រធានាធិបតី​របស់លោក Biden ដែល​ក្នុងនោះ​មាន​មនុស្ស​មួយចំនួន​សម្ដែង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ឈរ​នៅ​ចំពោះមុខ​ភ្នំ Capitol និង​ទស្សនា​ការប្រគំ​តន្ត្រី​របស់​កង​ម៉ា​រី​ន​អាមេរិក។

នៅក្នុងពេល​កំពុង​ហាត់​ស៊ាំ គេ​ឃើញ​មាន​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​បាញ់​ឡើង​ទៅលើ​នៅ​ខាងក្រោយ​វិមាន​សភា បណ្ដាលឱ្យ​គ្រប់គ្នា​ត្រូវ​ជម្លៀស​ខ្លួន ហើយ Capitol Hill ក៏ត្រូវ​បាន​បិទ​មិនឱ្យ​ចេញចូល ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ។ ប៉ុន្តែ ផ្សែង​នោះ ក្រោយមក​ត្រូវបាន​គេ​ដឹងថា កើតឡើង​ពី​អគ្គិភ័យ​មួយ​នៅក្នុង​ជំរំ​ជន​គ្មាន​ផ្ទះសម្បែង​ដែល​ស្ថិតនៅ​ខាងក្រោម​ស្ពាន​មួយ ចម្ងាយ 1.6 គីឡូម៉ែត្រ​ពី Capitol Hill។

Vito Maggiolo អ្នកនាំពាក្យ​របស់​ការិយាល័យ​គ្រប់គ្រង​អគ្គិភ័យ​នៃ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា អគ្គិភ័យ​នេះ​មាន​ប្រភពពី​ចង្ក្រាន​កម្ដៅ​ស្វ័យប្រវត្ត​ប្រើ​ហ្គាស​របស់​ស្ត្រី​ម្នាក់​រស់នៅក្នុង​ជំរំ​នោះ។ ស្ត្រី​ម្ចាស់​ចង្ក្រាន​កម្ដៅ​នេះ​រងរបួស ប៉ុន្តែ​បដិសេធ​មិន​ទទួល​ការព្យាបាល និង​បានឱ្យដឹងថា ទ្រព្យ​របស់គាត់​ត្រូវ​ឆេះ​ខ្ទេច​គ្មាន​សល់។ អគ្គិភ័យ​ទំនងជា​ត្រូវបាន​ពន្លត់​ទាំងស្រុង​បន្ទាប់ពី​ក្រុម​គ្រប់គ្រង​អគ្គិភ័យ​បាន​ទៅដល់​កន្លែងកើតហេតុ។

ក្នុងពេល​អគ្គិភ័យ​កំពុង​ឆាប់ឆេះ ក្រុមមនុស្ស​ដែល​ចូលរួម​ក្នុង​ពិធី​ហាត់​ស៊ាំ​ចុង​ក្រោយនេះ ត្រូវបាន​ជម្លៀស​ពី​ខាងក្រៅ​វិមាន​សភា ចូលទៅ​កាន់​ទី​សុវត្ថិភាព​ដែល​នៅ​ខាងក្នុង​អគារ។

ប្រហែល​មួយ​ម៉ោង​ក្រោយពី​ហេតុការណ៍​បានកើត​ឡើង បម្រាម​គោចរ​នៅ​តំបន់ Capitol Hill ក៏ត្រូវ​បាន​ដកចេញ ហើយ​ការហាត់​ស៊ាំ​ក៏បាន​បន្ត ខណៈដែល​ឧទ្ធម្ភាគចក្រ​ហោះ​ក្រឡឹង​ពីលើ​តំបន់​អគារ​វិមាន​សភា​អាមេរិក។ ក្រុមមន្ត្រី​ឱ្យដឹងថា មិនមាន​ការគំរាមកំហែង​ណាមួយ​ដល់​ប្រជាជន ហើយ​អគ្គិភ័យ​នេះ​ក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​ការហាត់​ស៊ាំ​សម្រាប់​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី 20 មករា​ខាងមុខ។

ក៏ប៉ុន្តែ បញ្ហា​នេះ​កំពុងតែ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​សន្តិសុខ​នៅក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ចាប់តាំង​ពី​​ព្រឹត្តិ​ការណ៍​​ហិង្សា​​នៅ​វិមាន​សភា​បាន​កើតឡើង​កាលពី​ថ្ងៃទី 6 មករា ដោយសារ​ក្រុម​អ្នកគាំទ្រ​លោក Trump បាន​សម្រុក​ចូលកាន់​វិមាន​សភា​ដោយ​ខុសច្បាប់៕

ប្រភព៖ AP

Leave a Reply

Your email address will not be published. Required fields are marked *