Skip to content

FBI ស៊ើបអង្កេត​លើ​ករណី «លួច laptop របស់​ប្រធានសភា​អាមេរិក លក់​ទៅឱ្យ​រុស្ស៊ី»

ស្ត្រី​ម្នាក់​ដែល​បាន​លួច​យក​កុំ​ព្យូ​ទូរ​យូរ​ដៃ​របស់​ប្រធានសភា​ជាន់​ទាប​អាមេរិក Nancy Pelosi នៅក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅឯ​វិមាន​សភា​ដើម្បី​លក់​ទៅឱ្យ​ភាគី​រុស្ស៊ី កំពុង​ត្រូវបាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បើក​ការស្រាវជ្រាវ។

នៅក្នុង​ឯកសារ​ចោទប្រកាន់​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​កាលពី​ថ្ងៃទី 17 មករា ភ្នាក់ងារ​របស់ FBI លោក John Lund បានឱ្យដឹងថា បានទទួល​ពាក្យបណ្ដឹង​ប្រឆាំងនឹង Riley June Williams​ មាន​អាយុ 22 ឆ្នាំ ជា​ពលរដ្ឋ​មកពីរដ្ឋ​ Pennsylvania ទាក់ទិន​នឹង​សកម្មភាព​លួច​យក laptop របស់​ប្រធានសភា​ជាន់​ទាប​អាមេរិក លោកស្រី Pelosi និង​មានបំណង​លក់​ទៅឱ្យ​ប្រទេស​រុស្ស៊ី។

ដើមបណ្ដឹង​ខាងលើ​គឺជា​អតីត​មិត្ត​ប្រុស​របស់ Williams។ បុរស​នេះ​បាន​បញ្ជាក់ថា Williams គឺជា​អ្នកដឹកនាំ​ក្រុមបាតុករ​ឡើងជណ្ដើរ​ទៅកាន់​បន្ទប់​របស់លោក​ស្រី Pelosi នៅក្នុង​ព្រឹត្តិការណ៍​រំលោភ​ចូល​គ្រប់គ្រង​វិមាន​សភា​កាលពី​ថ្ងៃទី 6 មករា។

«Williams មានបំណង​បញ្ជូន laptop នេះ​ទៅឱ្យ​មិត្ត​ម្នា​ក់នៅ​ប្រទេស​រុស្ស៊ី ដើម្បី​លក់​ទៅឱ្យ SVR ដែលជា​អង្គភាព​ស៊ើបការណ៍​សម្ងាត់​នៅ​បរទេស​របស់​រុស្ស៊ី។ ប៉ុន្តែ មិនបាន​ដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​បែកធ្លាយ​រឿងនេះ ហើយក៏​មិនដឹង​ច្បាស់​ថា Williams កំពុង​លាក់ទុក laptop នេះ ឬ​បំផ្លាញ​វា​ចោល​នោះដែរ» នេះ​ជា​សម្ដី​របស់​សាក្សី​ដែល​បាន​សារភាព។

https://www.youtube.com/watch?v=Fsn9OOGVyr8

FBI ឱ្យដឹងថា កំពុងតែ​ស្រាវជ្រាវ​លើ​ករណីនេះ ហើយក៏​មិនទាន់​រកឃើញ​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​ឧបករណ៍​នេះ​ត្រូវបាន​យកចេញ​ពី​ការិយាល័យ​របស់លោក​ស្រី Pelosi។ តុលាការ​បានចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន Williams ក៏ប៉ុន្តែ ស្ត្រី​​ម្នាក់នេះ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។

ឯ​សារ​ចោទប្រកាន់​បញ្ជាក់ថា «Williams ទំនងជា​បានគេច​ខ្លួន»។ ប៉ូលិស​ក្នុង​តំបន់ Harrisburg បានឱ្យដឹងថា ម្ដាយ​របស់ Williams និយាយថា នាង​បាន​វេច​បង្វេច និង​ចាក​ចេញពីផ្ទះ​ដើម្បី «ទៅ​ឆ្ងាយ​មួយរយៈ​ពេល» ប៉ុន្តែ Williams មិនបាន​ប្រាប់​ម្ដាយ​នាង​អំពី​គោលដៅ​របស់ខ្លួន​ឡើយ។

អាជ្ញាធរ​ជាតិ​អាមេរិក​បានធ្វើការ​ចោទប្រកាន់​កម្រិត​ព្រហ្មទណ្ឌ​ចំពោះ​មនុស្ស​ជាង 100 នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ករណី​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 មករា ដែល​ពេលនោះ​មាន​អ្នកគាំទ្រ​លោក Trump រាប់ពាន់នាក់​បាន​សម្រុក​ចូលកាន់​កាប់​វិមាន​សភា។ ការស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ក្រុមមនុស្ស​ដែល​បាន​ប្រើ​អំពើហិង្សា​ខាងលើ កំពុង​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់៕

ប្រភព៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *