Couy Griffin ដែលជាមន្ត្រីថ្នាក់ស្រុកនៅ New Mexico និងស្ថាបនិកនៃក្រុម «គង្វាលគោគាំទ្រ Trump» ត្រូវបានចាប់ខ្លួនដោយសារតែចូលរួមធ្វើបាតុកម្មហិង្សានៅវិមានសភាអាមេរិកក្នុងតំបន់ Capitol Hill។
លោក Couy Griffin ត្រូវបានចាប់ខ្លួននៅទីក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃទី 17 មករា ក្រោយពីបានសារភាពជាមួយមន្ត្រីស៊ើបអង្កេតសហព័ន្ធ (FBI) ថា ខ្លួនរួមនឹងក្រុមបាតុកររាប់ពាន់នាក់ដែលគាំទ្រប្រធានាធិបតី Donald Trump បានចូលរួមធ្វើបាតុកម្មហិង្សានៅវិមានសភាកាលពីថ្ងៃទី 6 មករាកន្លងទៅ។
ឯកសារចោទប្រកាន់បានបង្ហាញថា Couy Griffin ទទួលស្គាល់ថាបានឈរនៅលើខឿនខាងក្រៅនៃវិមានសភា ប៉ុន្តែមិនបានចូលទៅខាងក្នុងនោះទេ។ «បើសិនជាយើងធ្វើដូច្នេះ (ចង់និយាយថា ការចូលទៅខាងក្នុងវិមានសភា) វានឹងជាថ្ងៃមួយដ៏គួរឱ្យសោកស្ដាយ ហើយនឹងធ្វើឱ្យមានការបង្ហូរឈាមនៅវិមានសភា» Couy Griffin និយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះលើ Facebook បន្ទាប់ពីមានអំពើហិង្សា ប៉ុន្តែវាត្រូវបានលុបទៅវិញ។
មន្ត្រីបក្សសាធារណរដ្ឋខាងលើ កាលពីសប្ដាហ៍មុនក៏ធ្លាប់បានប្រកាសប្រាប់ក្រុមប្រឹក្សានៃស្រុក Otero រដ្ឋ New Mexico ថា លោកមានគម្រោងនាំយកកាំភ្លើងវែងធម្មតាមួយគ្រឿង និងកាំភ្លើងខ្លីមួយគ្រឿងទៅតាមខ្លួន និងបើករថយន្តទៅកាន់វ៉ាស៊ីងតោនដើម្បីជំទាស់នឹងការឡើងកាន់អំណាចរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden។
ក្រោយមក Griffin បានសារភាពប្រាប់ FBI ថា លោក «សង្ឃឹមថាអាចធ្វើការផ្លាស់ប្ដូរមេដឹកនាំដោយមិនបាច់ប្រើកាំភ្លើង» ប៉ុន្តែ ក៏បានព្រមានថា មិនបោះបង់ជម្រើសណាមួយឡើយ ដើម្បីស្វែងរកសេរីភាព។
បច្ចុប្បន្ន Griffin កំពុងប្រឈមមុខនឹងការចោទប្រកាន់ថាបានរំលោភចូលវិមានសភាជាតិដោយខុសច្បាប់។
Griffin គឺជាស្ថាបនិកនៃក្រុម «ខូវប៊យគាំទ្រ Trump» និងបង្ហាញខ្លួនជាមួយនឹងមួកគង្វាលគោនៅលើក្បាលជាញឹកញាប់។ មន្ត្រីរូបនេះក៏ធ្លាប់បានទៅកាន់សេតវិមានដើម្បីជួបលោក Trump កាលពីខែកញ្ញា ឆ្នាំ 2019 ផងដែរ។
អាជ្ញាធរជាតិអាមេរិកបានធ្វើការចោទប្រកាន់កម្រិតព្រហ្មទណ្ឌចំពោះមនុស្សជាង 100 នាក់ដែលជាប់ទាក់ទិននឹងករណីហិង្សានៅវិមានសភាកាលពីថ្ងៃទី 6 មករា ដែលពេលនោះមានអ្នកគាំទ្រលោក Trump រាប់ពាន់នាក់បានសម្រុកចូលកាន់កាប់វិមានសភា។ ការស៊ើបអង្កេត និងស្រាវជ្រាវលើក្រុមមនុស្សដែលបានប្រើអំពើហិង្សាខាងលើ កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់៕
ប្រភព៖ ABC/ Hill