FBI បានប្រកាសផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន 10,000 ដុល្លារអាមេរិកទៅឱ្យអ្នកណាដែលផ្ដល់ព័ត៌មាននាំទៅរកការកំណត់អត្តសញ្ញាណរបស់ចោរដែលបានលួចរថពាសដែក Humvee ពីមូលដ្ឋានឆ្មាំការពារជាតិអាមេរិកនៅរដ្ឋ California។
«រថពាសដែក Humvee ពណ៌ប្រផេះលាយពណ៌ស្លឹកឈើមួយគ្រឿងត្រូវបានគេលួចពីបញ្ជាការដ្ឋានរបស់កងកម្លាំងខ្មាំការពារជាតិអាមេរិកប្រចាំនៅក្នុងរដ្ឋ California កាលពីថ្ងៃទី 15 មករា» នេះបើតាមការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក (FBI) ដែលបានប្រកាសនៅលើទំព័រ Twitter កាលពីថ្ងៃទី 17 មករា។
FBI Los Angeles បានឱ្យដឹងថា រថពាសដែកដែលមានតម្លៃប្រហែល 120,000 ដុល្លារនេះ បានបាត់ខ្លួនពីបញ្ជាការដ្ឋានរបស់កងវរសេនាតូចមួយដែលស្ថិតក្រោមកងពលលេខ 40 ដែលមានទីតាំងនៅទីក្រុង Bell។ FBI បានប្រកាសថានឹងផ្ដល់រង្វាន់ចំនួន 10,000 ដុល្លារ ចំពោះជនណាដែលរាយការណ៍ព័ត៌មានទាក់ទងនឹងរថពាសដែកដែលបានបាត់ខ្លួនខាងលើ។
Humvee គឺជាប្រភេទរថពាសដែកដែលត្រូវបានគេលួចច្រើនជាងគេក្នុងចំណោមរថយន្តយោធាអាមេរិក។ កាលពីខែកក្កដា ឆ្នាំ 2020 មានបុរសពីរនាក់បានលួចយករថពាសដែក Humvee របស់កងទ័ពថ្មើរជើងអាមេរិកនៅក្នុងរដ្ឋ Arkansas ប៉ុន្តែបានបរជ្រុលធ្លាក់ប្រឡាយក្រោយពីលួចបានមួយម៉ោង។
កាលពីខែកុម្ភៈ ឆ្នាំ 2018 បុរសម្នាក់បានលួចចូលឃ្លាំងអាវុធនៃឆ្មាំការពារជាតិអាមេរិកនៅវ៉ាស៊ីងតោន និងលួចបានរថពាសដែក Humvee មួយគ្រឿង រួចក៏បានគេចខ្លួនតាមច្រកមុខបាត់ស្រមោល។ បុរសខាងលើបានបើកបររថពាសដែកនេះទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺន Yakima និងបាននិយាយថា ចង់ចូលបម្រើការនៅក្នុងជួរកងទ័ពជើងគោកសហរដ្ឋអាមេរិក។
រថពាសដែក Humvee អាចធ្វើដំណើរក្នុងល្បឿន 113 គម/ម៉ោង និងរក្សាល្បឿន 89 គម/ម៉ោងនៅពេលផ្ទុកអីវ៉ាន់ពេញចំណុះ។ Humvee ត្រូវបានផលិតឡើងដើម្បីចូលជំនួស Jeep M151 ដែលត្រូវបានប្រើប្រាស់ចាប់ពីសង្គ្រាមលោកលើកទីពីរ និងកំពុងស្ថិតក្នុងការដាក់ឱ្យចូលនិវត្តន៍ជាបណ្ដើរ។
Humvee សរុប ប្រមាណជា 281,000 គ្រឿងត្រូវបានផលិត ក្នុងនោះមាន 230,000 គ្រឿងស្ថិតក្នុងជួរកងទ័ពថ្មើរជើង និងក្នុងអង្គភាពអនុវត្តច្បាប់ដទៃទៀតរបស់សហរដ្ឋអាមេរិក។ Humvee ក៏ត្រូវបានប្រទេសជាសមាជិករបស់អង្គការ NATO និងដៃគូសហការរបស់អាមេរិកប្រើប្រាស់ផងដែរ៕
ប្រភព៖ Task&Purpose