កាលពីថ្ងៃទី 15 មករា កងទ័ពអាមេរិកបានបញ្ជាក់ថា ទាហានការពារជាតិប្រមាណ 25,000 នាក់ ត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ដែលនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ។
យោងតាមសេចក្ដីប្រកាសមួយ ក្រសួងការពារជាតិបានផ្ដល់សិទ្ធិដល់ទាហានចំនួន 25,000 នាក់ ដែលត្រូវបានគ្រប់គ្រងដោយអង្គភាពស៊ើបការសម្ងាត់អាមេរិក (កើន 5,000 នាក់ ធៀបនឹងតួលេខដែលត្រូវបានបញ្ជាក់កាលពីដើមសប្ដាហ៍នេះ) ដើម្បីជួយដល់សកម្មភាពអនុវត្តច្បាប់ និងត្រៀមសម្រាប់ការពារសន្តិសុខក្នុងពិធីឡើងកាន់អំណាចរបស់ប្រធានាធិបតីថ្មី។ ឧត្តមសេនីយ៍ Daniel Hokanson មេបញ្ជាការនៃកងកម្លាំងការពារជាតិ បានឱ្យដឹងថា ក្រុមទាហាន និងអ្នកបើកបរយន្តហោះ ត្រូវបានដាក់ពង្រាយនៅជុំវិញទីក្រុងដើម្បីការពាររដ្ឋធានីរបស់ប្រទេសនេះ។
ក្រៅពីរដ្ឋធានីវ៉ាស៊ីងតោន រដ្ឋតូចៗ និងតំបន់ជាច្រើនផ្សេងទៀតក៏បានបញ្ជូនកងកម្លាំងការពារជាតិរបស់ខ្លួនមកកាន់ទីក្រុងវ៉ាស៊ីងតោន ដើម្បីចូលរួមការពារសន្តិសុខក្នុងព្រឹត្តិការណ៍ខាងមុខ ក្រោយពីមានអំពើហិង្សានៅវិមានសភាអាមេរិកកាលពីថ្ងៃទី 6 មករាកន្លងទៅ។ ប្រការនេះត្រូវបានមនុស្សមួយចំនួនប្រដូចរដ្ឋធានីវ៉ាស៊ីងតោន ទៅនឹងសមរភូមិក្នុងសម័យសង្គ្រាម។
ក្រុមទាហានដែលបានដាក់ពង្រាយនៅរដ្ឋធានីវ៉ាស៊ីងតោន ត្រូវបានបញ្ជូនមកពីរដ្ឋមួយចំនួន រួមមាន Arizona, Colorado, Delaware, Illinois, Maryland, New Jersey, New Mexico, New York, Ohio, Pennsylvania, Vermont, Virginia និងរដ្ឋ Washington ជាមួយនឹងការបន្ថែមទាហានមួយចំនួនផ្សេងទៀតពីបណ្ដារដ្ឋ Wisconsin, Nebraska, Oklahoma, New Mexico និងរដ្ឋ Maine ផងដែរ៕
ប្រភព៖ Washington Post