Skip to content

រញ្ជួយ​ដី​លើ​កោះ​មួយ​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​ជាច្រើន​នាក់

គ្រោះ​រញ្ជួយ​ដី​ដែលមាន​កម្លាំង 6.2 រិច​ទ័​រ នៅក្បែរ​កោះ Sulawesi របស់​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​មិញ​នេះ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ផ្ទះ​រាប់សិប​ខ្នង​ត្រូវបាន​បំផ្លាញ។

នាយកដ្ឋាន​គ្រប់គ្រង​គ្រោះធម្មជាតិ​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ ស្ថិតនៅ​ជម្រៅ 10 គីឡូម៉ែត្រ​ក្រុម​ដី​ដែលមាន​ចម្ងាយ 6 គីឡូម៉ែត្រ​ទៅ​ទិស​ភាគ​ឦសាន​នៃ​ទីក្រុង Majene ក្នុង​ខេត្ត Sulawesi ខាងលិច។ គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃទី 15 មករា​នេះ មិន​បង្កឱ្យមាន​រលក​យក្ស​នោះទេ ប៉ុន្តែ​គេ​អាច​ដឹក​បាន​យ៉ាងច្បាស់​ថា វា​កើតឡើង​ក្នុង​រយៈពេល 7 វិនាទី។

គ្រោះធម្មជាតិ​នេះ​ក៏​នាំឱ្យមាន​មនុស្ស​យ៉ាងតិច 7 នាក់​បាត់​បង់ជីវិត និង​រាប់រយ​នាក់​ត្រូវ​រងរបួស។ ទីក្រុង Majene មាន​អ្នកស្លាប់​ចំនួន 4 នាក់ និង 637 នាក់​រងរបួស ខណៈ​នៅ​ខេត្ត Mamuju មាន​មនុស្ស​ស្លាប់ 3 នាក់ និង​ជាង 20 នាក់​រងរបួស។ ផ្ទះ​របស់​ប្រជ​ន​ជន​ជាង 60 ខ្នង​បាន​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំងស្រុង។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានប្រកាសថា ពលរដ្ឋ​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ចេញពី​កន្លែងកើតហេតុ។ ការិយាល័យ​របស់​សណ្ឋាគា​រ​មួយ និង​ការិយាល័យ​របស់​អភិបាលខេត្ត Sulwesi ក៏​ត្រូវបាន​រាយការណ៍​ថា ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​កំពុង​ដាច់​ភ្លើង។

មុន​នោះ​ប៉ុន្មាន​ម៉ោង ក៏មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង 5.9 រិច​ទ័​រ បានកើត​ឡើង​នៅ​តំបន់​នេះ​កាលពី​យប់​ថ្ងៃទី 14 មករា ធ្វើឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ខូចខាត ប៉ុន្តែ​មិនមាន​សេចក្ដីរាយការណ៍​ណា​បញ្ជាក់​អំពី​ករណី​ស្លាប់ ឬ​របួស​នៅឡើយ។

ឥណ្ឌូនេស៊ី​តែងតែ​កើតមាន​គ្រោះ​រញ្ជួយ​ដី និង​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់ ដោយសារតែ​ស្ថិតក្នុង​តំបន់ «ខ្សែក្រវាត់​ភ្លើង» របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជា​កន្លែង​ដែល​បន្ទះ tectonic plate ក្រោម​ស្រទាប់ដី និង​លើ​ថ្ម​រាវ ប៉ះទង្គិច​នឹង​គ្នា។ កាលពី​ឆ្នាំ 2018 មាន​គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង 7.5 រិច​ទ័​រ និង​រលក​យក្ស​មួយ​បាន​កើតឡើង​នៅលើ​កោះ Sulawesi បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជាង 4,300 នាក់៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *