Skip to content

ប៉ូលិស​ដើមកំណើត​វៀតណាម ចូលរួម​បាតុកម្មហិង្សា​នៅ​វិមាន​សភា​អាមេរិក កំពុង​ប្រឈម​នឹងផ្លូវ​​ច្បាប់​

Tam Dinh Pham ដែលជា​មន្ត្រីប៉ូលិស​អាមេរិកាំង​ដើមកំណើត​វៀតណាម​ម្នាក់ ត្រូវបាន​ផ្អាក​ពី​ការងារ ក្រោយពី​បាន​ចូលរួម​ធ្វើបាតុកម្ម​គាំទ្រ​លោក Trump និង​រំលោភ​ចូលកាន់​កាប់​វិមាន​សភា​អាមេរិក​កាលពី​សប្ដាហ៍​មុន។

ប្រធាន​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង Houston លោក Art Acevedo កាលពី​ថ្ងៃទី 13 មករា បាន​បញ្ជាក់ថា មន្ត្រីប៉ូលិស​ម្នាក់​របស់​ស្នងការដ្ឋាន​នេះ​ត្រូវបាន​ផ្អាក​ពី​ការងារ ព្រោះតែ​បាន​ចូលរួម​ធ្វើបាតុកម្ម​ហិង្សា​នៅ​វ៉ា​ស៊ី​ង​តោន ដែល​ក្រោយមក​បាន​ចូល «លុកលុយ» តំបន់ Capitol Hill កាលពី​ថ្ងៃទី 6 មករា។ មន្ត្រីប៉ូលិស​ឈ្មោះ Tam Dinh Pham កំពុង​ត្រូវបាន​ស៊ើ​ង​អង្កេត ហើយ​លោក Acevedo ជឿថា ប៉ូលិស​រូបនេះ​នឹងត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថ្នាក់ជាតិ។

លោក Acevedo ថ្លែងថា៖ «ពុំមាន​អ្វីដែល​ត្រូវ​និយាយ​ការពារ​ទង្វើ​ល្មើសច្បាប់ ពិសេស​នៅពេល​ជនល្មើស​ជា​មន្ត្រីប៉ូលិស។ នៅ​តំបន់ Houston យើង​តែងតែ​ដើរ​តាម​គន្លង​ច្បាប់​ជានិច្ច»។

Acevedo ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី 10 មករា ពេល​កំពុង​សម្រាក ស្រាប់តែ​លោក​ទទួលបាន​អ៊ី​មេ​លពី​ពលរដ្ឋ​ម្នាក់ ក្នុងនោះ​មាន​រូបថត​មួយ​សន្លឹក​បង្ហាញថា មាន​ប៉ូលិស​ម្នាក់​បិទមុខ កំពុងកាន់​ទង់​របស់ Trump នៅឯ​វិមាន​សភាជាតិ។ លោក Acevedo ក៏បាន​ចូល​មើល Facebook របស់​មន្ត្រីនគរបាល​ខាងលើ​ដើម្បី​ស្វែងយល់ ហើយក៏​រកឃើញថា កូនចៅ​របស់ខ្លួន​ពិតជា​មាន​វត្ត​មាននៅ​ទីនោះ​ពិតមែន។

«គ្រប់គ្នា​មាន​សិទ្ធិ និង​សេរីភាព​ក្នុង​ការធ្វើសកម្មភាព​ទៅតាម​ច្បាប់​វិសោធនកម្ម​ទីមួយ ប៉ុន្តែ ដំបូង​ខ្ញុំ​ចង់​ធានាថា ពួកគេ​មិន​ធ្វើ​អ្វី​ឱ្យ​លើសពី​ដែន​កំណត់ និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់» លោក Acevedo បន្ថែម។

ទូរទស្សន៍ KPRC 2 នៅ Houston បាន​ផ្សាយ​ថា មន្ត្រីប៉ូលិស​ខាងលើ​ដែលមាន​ឈ្មោះថា Tam Dinh Pham ត្រូវបាន​ផ្អាក​ពី​ការងារ​ចាប់ពី​ព្រឹក​ថ្ងៃទី 13 មករា។ លោក Acevedo ឱ្យដឹងថា Pham បាន​ចូល​បម្រើការ​ក្នុង​ជួរ​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​អស់​រយៈពេល 18 ឆ្នាំ​មកហើយ និង​មិន​ធ្លាប់បាន​បំពាន​ច្បាប់​អ្វី​នោះទេ។ Pham បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វ៉ា​ស៊ី​ង​តោន​តែម្នាក់ឯង​ដើម្បី​ចូលរួម​ធ្វើបាតុកម្ម។

សូម​រំលឹកថា ក្រុមបាតុករ​ដែល​គាំទ្រ​លោក Trump បាន​សម្រុកចូល​កាន់កា​ប់​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 ខែមករា ក្នុងពេលដែល​ក្រុមតំណាងរាស្ត្រ​កំពុង​ប្រជុំ​ដើម្បី​ពិចារណា​លើ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ ការរំលោភ​ចូល​នេះ បាន​នាំឱ្យមាន​អំពើហិង្សា​កើតឡើង និង​បានសម្លាប់​មនុស្ស​យ៉ាងតិច 5 នាក់។ អាជ្ញាធរ​បាន​ចាប់ខ្លួន​បាតុករ​មួយចំនួន​ដែល​បាន​ចូលរួម​ប្រើ​ហិង្សា និង​កំពុង​ស៊ើបអង្កេត​លើ​ក្រុមមន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ដែល​ប្រចាំការ​នៅ​វិមាន​សភា ដោយ​សង្ស័យថា បាន​គាំទ្រ​ដល់​ក្រុមបាតុករ៕

ប្រភព៖ Click2houston

Leave a Reply

Your email address will not be published. Required fields are marked *