លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថ្កោលទោស និងចោទប្រកាន់រហូតដល់ពីរលើក។ សារព័ត៌មាន AP (អាមេរិក) ឱ្យដឹងថា ក្នុងការចោទប្រកាន់លើកទីពីរនេះ លោក Trump នៅស្ងប់ស្ងាត់តែម្នាក់ឯង។
រសៀលថ្ងៃទី 13 មករា (ម៉ោងក្នុងស្រុក) សភាជាន់ទាបអាមេរិក បានអនុម័តសម្រេចចោទប្រកាន់លោក Donald Trump ជាផ្លូវការ។ ក្នុងចំណោមអ្នកដែលបានបោះឆ្នោតចោទប្រកាន់លោក Trump ក៏មានតំណាងរាស្ត្របក្សកាន់អំណាចបច្ចុប្បន្នដល់ទៅ 10 រូប រួមមាន Adam Kinzinger, Liz Cheney, John Katko, Fred Upton, Jaime Herrera Beutler, Dan Newhouse, Peter Meijer, Anthony Gonzalez, Tom Rice និង David Valadao។
ដូច្នេះ ប្រធានាធិបតី Trump ត្រូវបានសមាជិកបក្សរបស់ខ្លួនបែរខ្លងជាផ្លូវការហើយ។ មេដឹកនាំអាមេរិករូបនេះ មិនអាចធ្វើអ្វីបាន ក្រៅពីការតាមដានព្រឹត្តិការណ៍នៅលើទូរទស្សន៍។ Liz Cheney តំណាងរាស្ត្របក្សសាធារណរដ្ឋប្រចាំសភាជាន់ទាប បាននិយាយថា «មិនធ្លាប់មានអំពើក្បត់ដ៏ធំបែបនេះឡើយ» ចំពោះប្រធានាធិបតីមួយរូប។
សមាជិកមួយចំនួនរបស់បក្សសាធារណរដ្ឋ បានសំដែងការគាំទ្រប្រធានាធិបតី Trump នៅក្នុងការជជែកតវ៉ាគ្នាកាលពីថ្ងៃទី 13 មករា ប៉ុន្តែចុងក្រោយក៏នៅតែមានតំណាងរាស្ត្រចំនួន 10 នាក់របស់បក្សនេះ បោះឆ្នោតថ្កោលទោសមេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក។ នេះគឺជាប្រការមួយដែលមិនដូចទៅនឹងការថ្កោលទោសលើកដំបូងចំពោះប្រធានាធិបតី Trump។
នៅក្នុងការបោះឆ្នោតកាលពីខែធ្នូ 2019 នៅសភាជាន់ទាប ស្ដីអំពីការថ្កោលទោសចោទលោក Trump ទាក់ទិននឹងការប្រើប្រាស់អំណាចកៀបសង្កត់ដើម្បីឱ្យអ៊ុយក្រែនធ្វើការស៊ើបអង្កេតលើអនុប្រធានាធិបតី Joe Biden ក្រុមសម្ព័ន្ធមិត្តរបស់លោក Trump គឺជាអ្នកធ្វើយុទ្ធនាការជំទាស់ដោយការធ្វើសន្និសីទសារព័ត៌មាន។ល។ ឆ្នាំ 2020 សភាជាន់ខ្ពស់អាមេរិកដែលពេលនោះត្រូវបានគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានសម្រេចថា លោក Trump គ្មានកំហុស។
កាលពីថ្ងៃទី 13 មករា សេតវិមានបានបង្ហោះវីដេអូលើបណ្ដាញសង្គម Twitter បង្ហាញអំពីសេចក្ដីថ្លែងការណ៍របស់លោក Trump។ លោក Trump បានរិះគន់លើអំពើហិង្សានៅវិមានសភា ប៉ុន្តែមិនបាននិយាយដល់ការដែលត្រូវថ្កោលទោសនោះទេ។ ក្រុមអ្នកវិភាគយល់ថា ក្នុងវីដេអូនេះ មេដឹកនាំអាមេរិកនិយាយយឺតជាងធម្មតា និងមើលទៅដូចជាឯកោខ្លាំងណាស់។
ការថ្កោលទោសដោយការចោទប្រកាន់ខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមបាតុករគាំទ្រលោក Trump កាលពីថ្ងៃទី 6 មករា បានបង្កឱ្យមានអំពើហិង្សានៅវិមានសភាជាតិនៅ Capitol Hill ក្នុងគ្រាដែលសភាកំពុងតែរាប់សន្លឹកឆ្នោតដើម្បីបញ្ជាក់អំពីការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតសកលដែលថាលោក Joe Biden ជាអ្នកឈ្នះ។ អំពើហិង្សានៅវិមានសភានេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 5 នាក់ ក្នុងនោះក៏មានមន្ត្រីប៉ូលិសម្នាក់ប្រចាំការនៅវិមានសភាផងដែរ។
ក្នុងករណីដែលត្រូវបានសភាជាន់ខ្ពស់ អនុម័តយល់ព្រមទៅលើការថ្កោលទោសពីសំណាក់សភាជាន់ទាប លោក Trump នឹងត្រូវបាត់បង់ឱកាសក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ 2024។
លោក Donald Trump គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទីបីដែលត្រូវបានសភាថ្កោលទោស និងចោទប្រកាន់។ មុននេះ លោក Bill Clinton និង Andrew Johnson ក៏បានស្ថិតក្នុងបញ្ជីនេះដែរ។ ចំណែកអតីតប្រធានាធិបតី Richard Nixon បានរួចផុតពីការថ្កោលទោសព្រោះរឿងអាស្រូវ Watergate ដោយសារថា លោកបានសម្រេចចិត្តលាលែងពីតំណែង៕
ប្រភព៖ BBC, NYTimes