ក្រុមហ៊ុនបច្ចេកវិទ្យា Snap Inc បានប្រកាសថា នឹងបិទគណនីរបស់លោក Donald Trump នៅលើកម្មវិធីទំនាក់ទំនង Snapchat ជារៀងរហូត ដោយសារព្រួយបារម្ភ ក្រោយពីមានករណីហិង្សានៅ Capitol Hill កាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Snap Inc កាលពីថ្ងៃទី 13 មករា បានឱ្យដឹងថា ទង្វើនេះត្រូវបានធ្វើឡើងព្រោះតែប្រធានាធិបតី Donald Trump បាន «ព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ថ្លែងសារដែលបង្កឱ្យមានកំហឹង និងអំពើហិង្សា ដែលទង្វើនេះ ពិតជារំលោភលើការគោលការណ៍របស់យើង»។
អ្នកនាំពាក្យខាងលើអះអាងថា ការបិទចោលគណនី Snapchat របស់លោក Trump គឺ «ដើម្បីសុវត្ថិភាពសាធារណៈ» និង «ដើម្បីផលប្រយោជន៍ល្អបំផុតសម្រាប់ពិភព Snapchat»។
ការសម្រេចខាងលើនេះ ត្រូវបានលើកឡើងក្រោយពី Snap Inc កាលពីសប្ដាហ៍មុនបានប្រកាសផ្អាកដោយមិនមានកាលកំណត់ចំពោះគណនី Snapchat របស់លោក Trump បន្ទាប់ពីករណីវឹកវរដែលបង្កឡើងដោយក្រុមបាតុករគាំទ្រលោក Trump នៅវិមានសភាអាមេរិក ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិច 5 នាក់បានបាត់បង់ជីវិត។
Snapchat គឺជាបណ្ដាញសង្គមថ្មីបំផុតដែលប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការ «ដាក់ទណ្ឌកម្ម» ទៅលើលោក Trump។ មុននេះ Facebook ក៏បានប្រកាសបិទបណ្ដោះអាសន្នដោយគ្មានកាលកំណត់ទៅលើគណនីរបស់លោក Trump ផងដែរ ខណៈ Twitter ក៏បានបិទគណនីរបស់លោក Trump ជារៀងរហូត «ដោយសារមានការព្រួយបារម្ភអំពីហានិភ័យនៃការបញ្ឆេះអំពើហិង្សា»។
ក្រៅពីនេះ កាលពីថ្ងៃទី 12 មករា Youtube ក៏បានប្រកាសបិទគណនីរបស់លោក Trump ក្នុងរយៈពេលយ៉ាងតិចមួយសប្ដាហ៍ ឬអាចយូរជាងនេះ ដោយសារតែមានការរំលោភលើគោលការណ៍របស់បណ្ដាញសង្គមនេះ៕
ប្រភព៖ Reuters, Yahoo