មេដឹកនាំប្រទេសកូរ៉េខាងជើង បានប្រកាសថា នឹងបង្កើនកម្លាំងអាវុធនុយក្លេអែររបស់ប្រទេសនេះ ក្នុងគ្រាដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Joe Biden ជិតមកដល់។
«ក្នុងពេលកំពុងលើកកម្ពស់សមត្ថភាពផ្នែកអាវុធនុយក្លេអែរ យើងក៏ត្រូវការធ្វើគ្រប់យ៉ាងដើម្បីកសាងកងទ័ពឱ្យមានឥទ្ធិពលបំផុត» ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថ្ងៃនេះបានដកស្រង់ និងចុះផ្សាយសម្ដីរបស់មេដឹកនាំ Kim Jong-un ដែលបានថ្លែងនៅក្នុងពិធីបិទបញ្ចប់មហាសន្និបាតលើកទី 8 របស់បក្សពលករ។
មុននេះ ក្នុងអំឡុងមហាសន្និបាតដែលអូសបន្លាយពេល 8 ថ្ងៃ លោក Kim Jong-un បានហៅសហរដ្ឋអាមេរិកថាជា «ឧបសគ្គចម្បងចំពោះការអភិវឌ្ឍរបស់កូរ៉េខាងជើង និងជា «សត្រូវធំបំផុត»។ លោក Kim ថ្លែងថា «គោលបំណងពិតក្នុងគោលនយោបាយរបស់ពួកគេសម្រាប់កូរ៉េខាងជើង នឹងមិនដែលមានការប្ដូរផ្លាស់អ្វីនោះឡើយ បើទោះជាអ្នកឡើងកាន់អំណាចក៏ដោយ»។
យោងតាមក្រុមអ្នកវិភាគ លោក Kim ទំនងជាកំពុងស្វែងរកវិធីដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលរបស់លោក Biden នៅក្នុងគ្រាដែលកូរ៉េខាងជើងកំពុងត្រូវបានដាក់ឱ្យនៅឯកាជាងពេលណាៗទាំងអស់ បន្ទាប់ពីបានបិទព្រំដែនដើម្បីទប់ស្កាត់ Covid-19។
មេដឹកនាំកូរ៉េខាងជើងក៏បានប្រកាសថា ប្រទេសនេះសម្រេចបានផែនការអភិវឌ្ឍនាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអែរ ទន្ទឹមនឹងនេះក៏បានលើកឡើងនូវបញ្ជីអាវុធដែលទីក្រុងព្យុងយ៉ាងចង់ចាប់យក រួមមាន ក្បាលគ្រាប់សម្រាប់កាំជ្រួចល្បឿនលឿនជាងសំឡេង ផ្កាយរណបឈ្លបយកការណ៍ផ្នែកយោធា និងកាំជ្រួចផ្លោងឆ្លងទ្វីបដែលប្រើឥន្ធនៈរឹង។
កម្មវិធីអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង បានរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោក Kim Jong-un។ ទីក្រុងព្យុងយ៉ាងក៏បានធ្វើការសាកល្បងអាវុធនុយក្លេអែរធំបំផុតដែលប្រទេសនេះមិនធ្លាប់មានពីមុនមក និងបានផលិតកាំជ្រួចដែលមានសមត្ថភាពបាញ់ដល់ទឹកដីទាំងមូលរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែអ្វីដែលប្រទេសនេះទទួលបានមកវិញ នោះគឺការដាក់ទណ្ឌកម្មពីអន្តរជាតិកាន់តែធ្ងន់ឡើង៕
ប្រភព៖ AFP